គ្រួសារ​ពលការិនី​នៅ​កំពង់ចាម​ប្ដឹង​ឲ្យ​ជួយ​រក​កូន​ស្រី​បាត់​ដំណឹង​ជិត​៤​ឆ្នាំ​នៅ​ម៉ាឡេស៊ី

បញ្ហា​ស្វែង​រក​ការងារ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី កំពុង​ចោទ​បញ្ហា​ចំពោះ​គ្រួសារ​ដែល​បាន​បញ្ជូន​កូន​ចៅ​ចេញ​ទៅ​ស៊ី​ឈ្នួល​ក្រៅ​ប្រទេស ព្រោះ​នៅ​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ​គ្មាន​ទំនាក់​ទំនង អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ និង​កូន​ស្រី​មិន​អាច​ជួប​គ្នា​បាន។ បញ្ហា​នេះ កំពុង​ចោទ​លើ​គ្រួសារ​មួយ រស់​នៅ​ជនបទ ក្នុង​ខេត្ត​កំពង់ចាម ដែល​បាត់​ដំណឹង​កូន​ស្រី​ជិត ៤​ឆ្នាំ ហើយ​ស្វែង​រក​កូន​តាម​រយៈ​អង្គការ​ខារាម​កម្ពុជា (Caram Cambodia)។

0:00 / 0:00

គ្រួសារ​មួយ​រស់​នៅ​ក្នុង​ភូមិ​ត្រពាំងរាំង ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដាក់​ពាក្យ​ប្ដឹង​នៅ​អង្គការ​ខារាម​កម្ពុជា ឲ្យ​ជួយ​ស្វែង​រក​កូន​ស្រី​ឈ្មោះ រឿន ដានី ដែល​ទៅ​ធ្វើ​ការ​ជា​ជំនួយ​ការ​មេ​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាត់​ដំណឹង​កូន​ជិត ៤​ឆ្នាំ ក្រោយ​ពី​រដ្ឋាភិបាល​ផ្អាក​ក្រុមហ៊ុន​មិន​ឲ្យ​នាំ​ពលករ​ចេញ​ថែម​ទៀត កាល​ពីរ​ឆ្នាំ​មុន។

លោក អិត សារឿន អាយុ ៤១​ឆ្នាំ មាន​កូន ៩​នាក់ បាន​ឲ្យ​ដឹង​ថា កូន​ស្រី​ច្បង​អាយុ ១៨​ឆ្នាំ ឈ្មោះ រឿន ដានី ទៅ​ធ្វើ​ការ​ជា​ជំនួយ​ការ​មេ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ​កូន​ស្រី​អ្នក​ភូមិ​ត្រពាំងរាំង ២​នាក់​ទៀត តាម​ក្រុមហ៊ុន អិម.វ៉ាយ.អែស (MYS) តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១០។

លោក​ថា កូន​ស្រី រឿន ដានី ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន ៦​ខែ ក្រុមហ៊ុន​បាន​ឲ្យ​ម្តាយ​ជួប​កូន​ស្រី​តាម​ទូរស័ព្ទ​បាន​ម្តង។ ក្រោយ​ពី​រដ្ឋាភិបាល​ផ្អាក​ក្រុមហ៊ុន​នានា​មិន​ឲ្យ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មក ដំណឹង​អំពី​កូន​ស្រី​គាត់​ក៏​បាត់​ឈឹង​ជិត ៤​ឆ្នាំ៖ «ខាង​ខ្ញុំ​ចេះ​តែ​ភ័យ​ព្រួយ​បារម្ភ ខ្លាច​ដូច​ថា​អាណត្តិ​វា​ទៅ​នោះ តែ ២​ឆ្នាំ​វិល​វិញ ហើយ​ដល់​ច្រើន​ឆ្នាំ​ពេក អត់​ឃើញ​វា​វិល​វិញ​ខ្លាច​អ៊ីចេះ​មួយ​អ៊ីចុះ​ពីរ ខ្លាច​គេ​បោក ឬ​ក៏​វា​ស្លាប់​អី​ទៅ យើង​អត់​ដឹង​ដំណឹង»

លោកស្រី មុំ ធឿន អាយុ ៣៨​ឆ្នាំ ជា​ម្តាយ រឿន ដានី ថ្លែង​ថា ពេល​កូន​គាត់​ចេញ​ពី​ភូមិ​ទៅ​នោះ ក្រុមហ៊ុន អិម.វ៉ាយ.អែស បាន​សន្យា​ថា ២​ឆ្នាំ កូន​គាត់​ចប់​កិច្ច​សន្យា នឹង​មក​ផ្ទះ​វិញ​ហើយ។ ឥឡូវ​ជិត ៤​ឆ្នាំ​ហើយ មិន​ឃើញ​កូន​គាត់​ត្រឡប់​មក​វិញ​ទេ ទើប​គាត់​បារម្ភ​ខ្លាំង​មិន​ដឹង​កូន​ស្លាប់ ឬ​រស់។ លោកស្រី​បន្ថែម​ថា ក្មេង​ស្រី ២​នាក់ ដែល​ចេញ​ទៅ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ​កូន​ស្រី​គាត់ ពួក​គេ​បាន​មក​ដល់​ផ្ទះ​វិញ​ហើយ បាត់​តែ​កូន​ស្រី រឿង ដានី មិន​ឃើញ​មក​វិញ។ លោកស្រី​ថា ទោះ​បី​កូន​ស្រី​ស្លាប់ ឬ​រស់ សូម​ឲ្យ​គាត់​ជា​ឪពុក​ម្តាយ បាន​ទទួល​ដំណឹង​ផង៖ «ក្រុមហ៊ុន​បិទ ខ្ញុំ​មិន​ដឹង​ទៅ​រក​ឯណា បើ​ខ្ញុំ​ទៅ​រក​អត់​ឃើញ​ផង»

លោក អ៊ុក ចន្ធី ដែល​បាន​យក​ឯកសារ​ក្មេង​ស្រី រឿន ដានី បាត់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី មក​ប្ដឹង​នៅ​អង្គការ​ខារាម​កម្ពុជា បំណង​ឲ្យ​ជួយ​រក​ក្មេង​ស្រី​រូប​នោះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន អិម.វ៉ាយ.អែស បាន​បិទ​ទ្វារ​ហើយ។

នាយក​ប្រតិបត្តិ​អង្គការ​ខារាម​កម្ពុជា លោក យ៉ា ណាវុធ ថ្លែង​ថា អង្គការ​នេះ​បាន​ទទួល​ពាក្យ​បណ្ដឹង​ឲ្យ​ជួយ​ស្វែង​រក​ក្រុម​គ្រួសារ​ពលករ​បាត់​ខ្លួន​នៅ​បរទេស​កើន​ឡើង​ច្រើន​នៅ​ឆ្នាំ​២០១៣ បើ​ធៀប​នឹង​ឆ្នាំ​២០១២។ លោក​ថា ថ្មីៗ​នេះ​អង្គការ​ខារាម​កម្ពុជា បាន​ជួយ​ពលករ ២៥​នាក់ បាន​វិល​មក​ដល់​កម្ពុជា ហើយ។ លោក​ថា អ្នក​បាន​វិល​មក​ប្រទេស​កំណើត​វិញ​នោះ មាន​អ្នក​ខ្លះ​ក៏​មាន​សតិ​មិន​ល្អ ឯ​អ្នក​ខ្លះ​ក៏​មាន​ជំងឺ​ត្រូវ​ជួយ​ព្យាបាល​ថែម។ ចំណែក​បណ្ដឹង​ថ្មីៗ​នេះ អង្គការ​ខារាម នឹង​ដាក់​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​មេធាវី​នៅ​បរទេស ដើម្បី​ជួយ​ស្វែង​រក​ពលករ​បាត់​ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ៖ «ឧទាហរណ៍ បើ​សិន​ជា​ករណី​បាត់​ដំណឹង​នោះ​វា​ត្រូវ​រក​រយៈពេល​យូរ។ ប៉ុន្តែ បើ​ជា​ករណី​ដូច​ជា​អំពើ​ហិង្សា​ដែល​កើត​មាន​នៅ​ក្រៅ​ប្រទេស ហើយ​កំពុង​ធ្វើ​ការងារ​ជាមួយ​ថៅកែ​ណា​មួយ យើង​ស្គាល់​អត្តសញ្ញាណ​ថៅកែ​ហ្នឹង​ច្បាស់ ទីតាំង​ត្រង់​ណា អា​ហ្នឹង​យើង​ងាយ​ជួយ​ពលរដ្ឋ​យើង»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ក្រសួង​មហាផ្ទៃ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប៉ុន្តែ​មិន​អាច​ជម្រាប​សួរ​ព័ត៌មាន​បាន​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ផ្អាក​ការ​ជ្រើស​រើស បណ្ដុះ​បណ្ដាល និង​បញ្ជូន​ពលករ​ជា​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ ទៅ​ប្រទេស​ម៉ាឡេស៊ី បណ្ដោះ​អាសន្ន ដោយសារ​មាន​ព័ត៌មាន​អវិជ្ជមាន ទើប​រដ្ឋាភិបាល​សម្រេច​ផ្អាក​ក្រុមហ៊ុន​ស្ថាប័ន​នាំ​ពលករ​ទៅ​ធ្វើ​ការ​ជា​ជំនួយ​ការ​មេ​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី លុះត្រា​តែ​រដ្ឋាភិបាល​បាន​ជូន​ដំណឹង​ជា​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។