កត្តា​ធ្វើ​ឲ្យ​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​នៅ​ព្រៃវែង​មាន​ភាព​ល្បីល្បាញ

0:00 / 0:00

អតីត​អ្នក​ធ្វើ​ការ​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន ខ្យូដូ (Kyodo) លោក គង់ វន បាន​បង្កើត​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន ស្ថិត​នៅ​ក្នុង​ឃុំ​អង្គររាជ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង។ រយៈពេល ១៥​ឆ្នាំ​ហើយ​ដែល​វិទ្យាល័យ​នេះ​បាន​បង្កើត និង​ដំណើរ​ការ​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន និង​អង្គការ​ផ្សេងៗ​មក​ពី​ប្រទេស​ជប៉ុន។

វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន កំពុង​ក្លាយ​ជា​វិទ្យាល័យ​ល្បី​ប្រចាំ​ខេត្ត​ព្រៃវែង ហើយ​ល្បី​ឆ្លង​ខេត្ត​ជិតៗ​ខាង​ទៀត រួម​មាន​ខេត្ត​ស្វាយរៀង ខេត្ត​កណ្ដាល ខេត្ត​កំពង់ចាម ដោយ​មាន​សិស្ស​មក​ពី​តាម​បណ្ដា​ខេត្ត​ទាំង​នោះ​មក​ស្នាក់​នៅ​ក្បែរ​សាលារៀន ដើម្បី​រៀន​ត្រៀម​ប្រឡង​ចូល​សិក្សា​សាលា​នេះ។

តើ​កត្តា​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​វិទ្យាល័យ​មួយ​នេះ​ល្បីល្បាញ និង​ធ្វើ​ឲ្យ​សិស្ស​ចង់​ទៅ​សិក្សា​នោះ?

ដោយ​ធ្លាប់​បម្រើ​ការងារ​ក្នុង​សម័យ​សង្គ្រាម ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន ខ្យូដូ ក្នុង​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ​១៩៧៩ លោក គង់ វន ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​រស់នៅ​ប្រទេស​ជប៉ុន។ ក្រោយ​ចូល​និវត្តន៍ លោក​បាន​បែក​គំនិត​ទិញ​ដី​ជិត ៤​ហិកតារ នៅ​ឃុំ​អង្គររាជ ក្នុង​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ដើម្បី​សាងសង់​សាលារៀន​មួយ​សម្រាប់​ឲ្យ​ក្មេងៗ​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល មាន​ឱកាស​អាច​ចូល​រៀន​បាន៖ «ជា​ទិសដៅ​របស់​ខ្ញុំ​ចង់​ថា ធ្វើ​ម៉េច​បំបាត់​ឲ្យ​អស់​ការ​មិន​ចេះ​អក្សរ​ហ្នឹង ព្រោះ​ការ​មិន​ចេះ​អក្សរ គឺ​ជា​ឫសគល់​នៃ​អំពើ​អាក្រក់​បំផុត​សម្រាប់​សង្គម​យើង គឺ​នាំ​សង្គម​យើង​ធ្វើ​ផ្ដេសផ្ដាស»

ដូច​ការ​គ្រោង​ទុក វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៨ ក្រោម​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​អប់រំ។ ប៉ុន្តែ​ពេល​នោះ ក្រសួង​មិន​បាន​ផ្តល់​អគារ​សិក្សា​ទេ លុះ​ឆ្នាំ​១៩៩៩ ទើប​មាន​អង្គការ​ជប៉ុន​មួយ បាន​បង្កើត​ក្រុម​មួយ​សម្រាប់​ទ្រទ្រង់​មូលនិធិ​របស់ លោក គង់ វន ដោយ​បាន​សង់​អគារ​សិក្សា​មួយ​ដំបូង​គេ​មាន ៦​បន្ទប់៖ «...សំឡេង​បង្រៀន​សិស្ស​ក្នុង​សាលារៀន...»

លោក គង់ វន សព្វថ្ងៃ​មាន​វ័យ ៧៧​ឆ្នាំ លោក​គឺ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន និង​ជា​ប្រធាន​មូលនិធិ​ខ្មែរ​ជំនួយការ​សិក្សា។ លោក គង់ វន គឺ​ជា​ស្ថាបនិក​តែ​ម្នាក់​គត់​ដែល​បង្កើត​សាលា​នេះ​ឡើង។ លោក​បាន​ទំនាក់ទំនង​ទៅ​ស្ថានទូត​ជប៉ុន ដើម្បី​រក​ជំនួយ និង​រក​សប្បុរសជន​ជប៉ុន ឲ្យ​ជួយ​ទាំង​ថវិកា និង​សម្ភារៈ​សិក្សា ដើម្បី​ទ្រទ្រង់​សាលា​នេះ។

សព្វថ្ងៃ វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន លេចធ្លោ​ខាង​វិន័យ​តឹងរ៉ឹង និង​និយតភាព​ពេល​វេលា ឬ​ភាព​ត្រឹមត្រូវ​នៃ​ការ​គោរព​ពេល​សិក្សា​បាន​ល្អ​ជាង​សាលា​ដទៃ​ទៀត។

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ព្រះស្ដេច លោក ស៊ុត ស៊ា ទទួល​ស្គាល់​ថា ការ​អប់រំ​នៅ​វិទ្យាល័យ​នេះ​ប្រសើរ​ជាង​នៅ​វិទ្យាល័យ​ដទៃ​ទៀត។ ថ្វី​ត្បិត​សាលា​នេះ​មាន​គ្រូ​រដ្ឋ និង​មុខវិជ្ជា​សិក្សា​ដូច​សាលា​ដទៃ​ទៀត​ក៏​ពិត​មែន ប៉ុន្តែ​គុណភាព​អប់រំ និង​សីលធម៌​សិស្ស ល្អ​ប្រសើរ​ជាង​សាលា​រដ្ឋ​ដទៃ​ទៀត៖ «បើ​ប្រៀបធៀប​ទៅ​សាលា​នេះ​គេ​រៀន​បាន​ទៀងទាត់​ជាង​សាលា​ដទៃ​ទៀត សិស្ស​ជា​រៀង​រាល់​ឆ្នាំ​ជាប់​ច្រើន​ជាង​សាលា​ដទៃ ព្រោះ​សិស្ស​នៅ​សាលា​នេះ​មក​រៀន​បាន​ជាប់​លាប់»

វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន បច្ចុប្បន្ន​មាន​អគារ​សិក្សា ៤​ខ្នង ប្រមាណ​ជាង ២០​បន្ទប់ មាន​បន្ទប់​បណ្ណាល័យ​១ បន្ទប់​ស្នាក់នៅ​តូចៗ​ចំនួន​៤ សម្រាប់​គ្រូ​បរទេស និង​ភ្ញៀវ​ដែល​ជា​ម្ចាស់​ជំនួយ មក​ស្នាក់​បណ្ដោះអាសន្ន បន្ទប់​រៀន​កុំព្យូទ័រ បន្ទប់​ពិសោធន៍​សម្រាប់​អនុវត្ត​សិក្សា​គីមីវិទ្យា ជីវវិទ្យា និង​មាន​បន្ទប់​រៀន​ភ្លេង​សម័យ។ ភាគ​ច្រើន ឧបករណ៍ សម្ភារៈ​សិក្សា​ទាំងអស់​នោះ សុទ្ធ​តែ​ជា​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​នៅ​ប្រទេស​ជប៉ុន។ វិទ្យាល័យ​នេះ​មាន​បង្រៀន​ភាសា​អង់គ្លេស និង​ភាសា​ជប៉ុន ដោយ​ជនជាតិ​ជប៉ុន មក​បង្រៀន​ផ្ទាល់។ តាម​គម្រោង វិទ្យាល័យ​នេះ​គ្រោង​សាងសង់​អគារ ២​ជាន់​មាន ១០​បន្ទប់​បន្ថែម​ទៀត ដោយ​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ជប៉ុន ដែល​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ ១៦​ម៉ឺន​ដុល្លារ។

យុវតី សាំង សុធា វ័យ ១៨​ឆ្នាំ សិក្សា​នៅ​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន ដែល​ទើប​តែ​ប្រឡង​ជាប់​បាក់​ឌុប​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា គ្រូបង្រៀន​សាលា​នេះ​បង្រៀន​សិស្ស​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ចប់​កម្មវិធី​សិក្សា ពិសេស​ទាំង​គ្រូ និង​សិស្ស មាន​ទំនាក់ទំនង​គ្នា​ល្អ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក៖ «ការ​អប់រំ​ដូច​បាន​ឃើញ​ថា ថា​គ្រូ​មក​បង្រៀន​បាន​ទៀង​ទាត់ ហើយ​គាត់​យក​ចិត្ត​ទុក​ដាក់​បង្រៀន​សិស្ស ហើយ​សិស្ស​ម្នាក់ៗ គឺ​គោរព​សីលធម៌​ល្អ​ចំពោះ​គ្រូ ហើយ​សិស្ស​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ល្អ។ ខ្ញុំ​ឃើញ​សាលា​គេ​ផ្សេងៗ​មិន​អ៊ីចឹង​ទេ»

លោក គង់ វន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន និង​ជា​ប្រធាន​មូលនិធិ​ខ្មែរ​ទ្រទ្រង់​វិទ្យាល័យ​នេះ ឲ្យ​ដឹង​ថា គ្រូ​ទាំង ៣៣​នាក់ ដែល​កំពុង​បង្រៀន និង​ធ្វើ​ការ​នៅ​សាលា​នេះ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​លើ​ប្រាក់​ខែ​រដ្ឋ។ ចំពោះ​នាយក​សាលា ទទួល​ប្រាក់​បន្ថែម​ចំនួន ១១៦​ដុល្លារ នាយក​រង​បាន ៨៧​ដុល្លារ គ្រូបង្រៀន​ពី​ថ្នាក់​ទី​១០ ដល់​ទី​១២ ទទួល​បាន ៧៥​ដុល្លារ និង​គ្រូបង្រៀន​ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​៩ ទទួល​បាន​ប្រាក់​បន្ថែម ៦៩​ដុល្លារ។

លោកគ្រូ អ៊ុត ណង បង្រៀន​មុខវិជ្ជា​រូបវិទ្យា ឲ្យ​ដឹង​ថា ប្រាក់​បន្ថែម ឬ​ឧបត្ថម្ភ​ពី​មូលនិធិ​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​លោក​ទ្រទ្រង់​ជីវភាព និង​មិន​ពិបាក​ទៅ​រក​មុខ​របរ​បន្ទាប់​បន្សំ​ផ្សេង​ទៀត។ លោក​មាន​ពេល​គ្រប់គ្រាន់​សិក្សា និង​ស្រាវជ្រាវ​បន្ថែម ដើម្បី​យក​មក​បង្រៀន​សិស្ស​ឲ្យ​ងាយ​យល់៖ «គ្រូ​មិន​អាច​មាន​របរ​ទី​២​ទេ កាល​ណា​មាន​របរ​ទី​២ គ្មាន​អារម្មណ៍​ណា​បង្រៀន​សិស្ស។ បើ​និយាយ​សិស្ស​នៅ​ទីនេះ គ្រាន់​បើ​ច្រើន​មាន​តិចតួច​ណាស់​មិន​ល្អ ព្រោះ​សិស្ស​នៅ​ទីនេះ​ភាគ​ច្រើន ជា​ជម្រើស​ចូល​មក​រៀន អ៊ីចឹង​ការ​គិត​របស់​គេ​គ្រាន់​បើ​ជាង​អ្នក​ផ្សេង។ សាលា​ផ្សេង​ភាគ​ច្រើន សាលា​រដ្ឋ​មិន​សូវ​រៀន​ដិត​ដល់ ខ្លះ​គ្រូ​មក សិស្ស​មិន​មក ខ្លះ​សិស្ស​មក​រៀន គ្រូ​មិន​មក​ក៏​មាន ធ្វើ​ឲ្យ​ការ​រៀន​មិន​គ្រប់គ្រាន់ នៅ​ទីនេះ​ផ្ដោត​សំខាន់ គឺ​រឿង​វត្តមាន​ច្រើន​អ៊ីចឹង សីលធម៌ និង​វត្តមាន​ជា​រឿង​សំខាន់ បាត់​តែ ៣​ដង គឺ​ត្រូវ​អ៊ីចឹង ឪពុក​ម្តាយ​មក វា​ជា​ក្រិត្យក្រម​នៅ​ទីនេះ អ៊ីចឹង​សិស្ស​ត្រូវ​តែ​មក​រៀន»

លក្ខខណ្ឌ​សំខាន់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ជាមួយ​មូលនិធិ​នោះ គឺ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ត្រូវ​បង្រៀន​ឲ្យ​បាន​ម៉ត់ចត់ និង​គោរព​ពេលវេលា​ដែល​ក្រសួង​តម្រូវ។ ចំពោះ​សិស្ស​ត្រូវ​ចូល​រៀន​ឲ្យ​បាន​ទាន់​ពេល បើ​យឺត​ពេល​គ្រូ​នឹង​មិន​ឲ្យ​សិស្ស​ចូល​រៀន​ឡើយ។ លក្ខខណ្ឌ​មួយ​ទៀត ចំពោះ​សិស្ស​ដែល​ចង់​ចូលរួម​នៅ​វិទ្យាល័យ​នេះ ត្រូវ​ប្រឡង​ចូល ហើយ​ការ​ប្រឡង​នោះ ធ្វើ​ឡើង​ចំពោះ​តែ​សិស្ស​ថ្នាក់​ទី​៦ ដែល​ត្រូវ​ចូល​រៀន​ថ្នាក់​ទី​៧ ប៉ុណ្ណោះ។ សិស្ស​ដែល​ប្រឡង​ជាប់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​រៀន​តាំង​ពី​ថ្នាក់​ទី​៧ រហូត​ដល់​ថ្នាក់​ទី​១២ នៅ​ក្នុង​វិទ្យាល័យ។

ក្នុង​ឆ្នាំ​សិក្សា​២០១៤ នេះ មាន​សិស្ស​ជាង ៧០០​នាក់​មក​ប្រឡង​ចូល​រៀន​នៅ​សាលា​នេះ តែ​ខាង​សាលា​ជ្រើស​រើស​បាន​សិស្ស​ជាង ៣០០​នាក់។ នៅ​ខាង​មុខ​សាលា ឃើញ​មាន​សិស្ស​តូចៗ​ច្រើន​រយ​នាក់​ទៀត កំពុង​រៀន​កួរ​ត្រៀម​សម្រាប់​ប្រឡង​ចូល​សាលា​នេះ​នៅ​ឆ្នាំ​ក្រោយ រហូត​អ្នក​ខ្លះ​សង់​ផ្ទះ​តូចៗ​ប្រក់​ស័ង្កសី​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្បែរ​សាលា​ទៀត​ផង។ មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​នោះ គឺ​គណិតវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ។

លោក គង់ វន បញ្ជាក់​ថា សាលា​នេះ​នឹង​មិន​បើក​ចំហ​ឲ្យ​សិស្ស​ពី​សាលា​ដទៃ​ចូលរួម​ទេ ប្រសិន​បើ​មិន​បាន​ឆ្លង​កាត់​វគ្គ​ប្រឡង​ជ្រើស​រើស​នោះ។ ការ​ចម្រាញ់​សិស្ស​តាម​រយៈ​ការ​ប្រឡង​ជ្រើស​រើស​ឲ្យ​ចូល​រៀន​នេះ គឺ​ដោយសារ​តែ​ខាង​សាលា​មិន​មាន​លទ្ធភាព​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​គ្រប់ៗ​គ្នា៖ «លំបាក​ខ្លាំង​ដែល​យើង​អត់​ទាន់​ឆ្លើយ​តប​តម្រូវ​ការ​សហគមន៍​បាន (តើ​សហគមន៍​ត្រូវ​ការ​អី) គឺ​សហគមន៍​ត្រូវ​ការ​ឲ្យ​សិស្ស​ចូល​រៀន​ច្រើន​តែ​ខាង​សាលា​មិន​អាច​ឆ្លើយ​តប​បាន»

តាម​របាយការណ៍​ពី​ការិយាល័យ​អប់រំ​ស្រុក​ព្រះស្ដេច បង្ហាញ​ថា សិស្ស​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​ជាប់​រហូត​ដល់ ៥១​នាក់ គឺ ៥០​ភាគរយ​នៃ​ចំនួន​សិស្ស​ប្រឡង​សរុប។ តួលេខ​នេះ​ខ្ពស់​ជាង​សិស្ស​នៅ​វិទ្យាល័យ​ឯទៀត​ដែល​នៅ​ក្បែរ​នោះ ដូចជា វិទ្យាល័យ​ប្រមូល​ព្រំ និង​វិទ្យាល័យ ហ៊ុន សែន តា​គោក ទាំង​ពីរ​វិទ្យាល័យ​នេះ​មាន​សិស្ស​ជាប់​បាក់​ឌុប​សរុប ៥៦​នាក់។ ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ គឺ​ជា​ការ​ចម្រាញ់​ធនធាន​មនុស្ស​ក្នុង​អំឡុង​ពេល​ជាង ២០​ឆ្នាំ​ចុង​ក្រោយ ក្រោម​ការ​កែ​ទម្រង់​វិស័យ​អប់រំ ដោយ​ផ្ដើម​ពី​ការ​ប្រឡង​បាក់​ឌុប​នេះ​មុន​គេ។ ក្នុង​ចំណោម​សិស្ស​ចូលរួម​ប្រឡង​បាក់​ឌុប​ទូទាំង​ប្រទេស​ជិត ៩​ម៉ឺន​នាក់ មាន​តែ​ជាង ២​ម៉ឺន​នាក់ (២៣.១២៦​នាក់) ប្រឡង​ជាប់ ឬ​ស្មើ​នឹង ២៥,៧១​ភាគរយ។ កាល​ពី​មិន​ទាន់​កែ​ទម្រង់ និង​រឹត​បន្តឹង​ពេល​ប្រឡង​នោះ កាល​ពី​ឆ្នាំ​មុន មាន​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​រហូត​ដល់​ជិត ៨៧% (៨៦,៧៧%)។

លោក គង់ វន សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​កែ​ទម្រង់​របស់​ក្រសួង​អប់រំ នៅ​ពេល​នេះ។ ថ្វី​ត្បិត​ចំនួន​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន មាន​តិច​ជាង​រាល់​ឆ្នាំ តែ​លោក​ហាក់​មាន​មោនភាព​ចំពោះ​សិស្ស​របស់​លោក ដែល​នៅ​តែ​មាន​អត្រា​ជាប់​ខ្ពស់​ជាង​សាលា​ដទៃ។

លោក​បន្ត​ថា មូលនិធិ​លោក​មាន​អាហារូបករណ៍​ដល់​សិស្ស​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​ចំនួន ១៣​នាក់ ក្នុង​នោះ​មាន ៣​នាក់​រៀន​ដុកទ័រ៖ «អាហារូបករណ៍​ហ្នឹង​ខ្លះ​យើង​ឲ្យ​ទាំង​ស្នាក់នៅ​ដែរ ខ្លះ​អត់​ទេ យើង​ឲ្យ​តែ​ថ្លៃ​សាលា ឧទាហរណ៍​ថ្លៃ​សាលា​រៀន​នៅ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មួយ​ឆ្នាំ​ជាង ១​ពាន់ យើង​បង់​គ្រប់ ៨​ឆ្នាំ ឧទាហរណ៍​រៀន​គ្រូ​គណិតវិទ្យា មួយ​ឆ្នាំ ២៥០ យើង​បង់​រហូត ៤​ឆ្នាំ​អ៊ីចឹង​ទៅ»

អ្នក​ទទួល​អាហារូបករណ៍​ទាំង​នោះ ក៏​មាន​លទ្ធភាព​ខ្ចី​ប្រាក់​ពី​អង្គការ​ដែល​សហការ​ជាមួយ​មូលនិធិ​លើ​ថ្លៃ​ផ្គត់ផ្គង់​អាហារ ការ​ស្នាក់​នៅ សម្ភារៈ​សិក្សា​មាន​កុំព្យូទ័រ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​រហូត​ដល់​ពួក​គេ​រៀន​ចប់ នឹង​មាន​ការងារ។ ពួក​គេ​អាច​បង់​រំលោះ​លុយ​ជំពាក់​នោះ​មក​អង្គការ​វិញ​ពី ១៥ ទៅ ២០​ភាគរយ លើ​ប្រាក់​ខែ​ដែល​ពួក​គេ​ទទួល​បាន​ប្រចាំ​ខែ។

លោក គង់ វន មាន​បំណង​សាងសង់​អគារ​សិក្សា​បន្ថែម​ទៀត ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សិស្ស​ដែល​ចង់​រៀន​នៅ​វិទ្យាល័យ។ លោក​ក៏​អំពាវនាវ​ឲ្យ​សប្បុរសជន​ទាំងអស់ ជួយ​ផ្តល់​ជា​ថវិកា ឬ​សម្ភារៈ​សិក្សា​ផ្សេងៗ​សម្រាប់​សិស្ស ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ក្រីក្រ មាន​លទ្ធភាព​រៀន​ចប់​ចុង​ចប់​ដើម និង​អាច​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់​មហាវិទ្យាល័យ ដូច​សិស្ស​មាន​ជីវភាព​ធូរធារ​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។