កម្មករកាត់ដេរនៅរោងចក្រ ធាន ធាន (Thien Thien) ក្នុងនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលថៅកែរត់ចោល បានទទួលប្រាក់ឈ្នួលបញ្ចប់ហើយ នៅថ្ងៃទី១០ មេសា។ ទាំងកម្មករខ្លះ និងមន្ត្រីសហជីពនិយាយថា ពួកគាត់មិនសូវពេញចិត្តនឹងដំណោះស្រាយនេះទេ ប៉ុន្តែមិនមានជម្រើសអ្វីផ្សេងទៀត។
ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី មានប្រសាសន៍ថា កម្មករកម្មការិនីចំនួន ១៤៨នាក់ក្នុងចំណោមកម្មករសរុប ១៦៤នាក់ នៅរោងចក្រកាត់ដេរឈ្មោះ ធាន ធាន បានទទួលយកប្រាក់ឈ្នួល ៣០% បញ្ចប់ការទាមទារ។
លោក យ៉ង់ ផាន្នី ឲ្យដឹងថា ការទូទាត់ប្រាក់ឈ្នួលនេះ គឺបន្ទាប់ពីសាលាដំបូងខេត្តកណ្ដាល សម្រេចឲ្យរឹបអូសសម្ភារៈនៅរោងចក្រ ធាន ធាន លក់ឡាយឡុង ដើម្បីយកលុយទូទាត់ប្រាក់ឈ្នួលកម្មករទាំងនេះ៖ «រឿង ធាន ធាន បញ្ចប់នៅថ្ងៃនេះហើយ ហើយបើកលុយឲ្យកម្មករ យើងសរុបគេដេញថ្លៃទៅ ៥ក្រុមហ៊ុន ហ្នឹងបាន តែ ១១ . ៨០០ដុល្លារ ហើយរដ្ឋបាលគាត់ បែងចែក ជាសមាមាត្រ ទៅដល់ កម្មករមួយៗ។ បើថាអ្នកណាប្រាក់ខែ ៥០០ដុល្លារ ដកតាមហ្នឹងទៅ។ យើងលក់បានប៉ុន្មាន យើងចែកគ្នាតាម ប្រាក់ខែ ។ យើងអត់ជម្រើស ហើយវាចុងក្រោយ ហើយរបស់ទុកយូរទៅ វាកាន់ តែខូច ហើយភាពអ្នកទទួល ខុសត្រូវ លើគាត់ទៀត វាអត់មាន។ អ៊ីចឹង យើងសម្រេចចិត្តជាមួយ មេធាវីតំណាង កម្មករ ពួកសហជីព និងប្រធានក្រុមសម្រេចលក់តម្លៃហ្នឹងទៅ »។
បញ្ហាកម្មករចំនួន ១៦៤នាក់នៅរោងចក្រ ធាន ធាន ដែលមានថៅកែឈ្មោះ ចេង យូចេន (Zheng Yuzhen) រត់ចោលអស់រយៈពេល ៨ខែ ចាប់តាំងពីខែសីហា ឆ្នាំ២០១៥។ កាលពីថ្ងៃទី១ មេសា ព្រះរាជអាជ្ញាតុលាការខេត្តកណ្ដាល ចេញសេចក្ដីសម្រេចចុងក្រោយឲ្យរឹបអូសសម្ភារៈដែលសល់ក្នុងរោងចក្រចំនួន ៣៣ប្រភេទ ដើម្បីលក់ឡាយឡុង យកលុយទូទាត់ប្រាក់ឈ្នួលឲ្យកម្មករ បន្ទាប់ពីថៅកែរោងចក្រមិនចូលខ្លួនដោះស្រាយ។
កម្មការិនីនៅរោងចក្រ ធាន ធាន មួយរូបឈ្មោះ ឌិត សុភក្ដី ថ្លែងថា ទឹកប្រាក់ដែលកញ្ញាទទួលបាន មិនជាទីពេញចិត្តទេ ព្រោះចំនួនទឹកប្រាក់បាត់ច្រើន៖ «ប្រាំមួយប្រាំពីរខែឲ្យគ្នាចាំ រត់តាមច្បាប់ បែរជា បានលុយមកហើយ បានតែត្រឹម ៣០ % ទៀត។ បើបាន ៥០ % វាគ្រាន់បើបន្តិច។ តែនេះ ៣០ % តិចបំផុតហើយ ម្នាក់បាន ៣០រៀលអីហ្នឹង។ កម្មករ ធម្មតាគាត់ បាន ២១០ -២២០ដុល្លារ។ តាមសាច់ប្រាក់ខែ ដែលខ្ញុំត្រូវបាត់បង់ ខ្ញុំបាត់ដល់ទៅ ៣០០ឯណោះ ព្រោះអី ប្រាក់ខែ ខ្ញុំគិតទាំងអស់វា ៤០០ដុល្លារហើយ តែដល់ពេលបើកបាន បានតែ ១០០ដុល្លារទេ »។
ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី ឲ្យដឹងថា កម្មករដែលនៅសេសសល់ជាង ១០នាក់ផ្សេងទៀត នឹងមកបើកប្រាក់ឈ្នួលបញ្ចប់នៅក្រោយបុណ្យចូលឆ្នាំខ្មែរ។
ទាំងកម្មករ និងតំណាងសហជីព ថ្លែងថា ការទទួលបានការទូទាត់បញ្ចប់បញ្ហានៅរោងចក្រ ធាន ធាន នេះ គឺដោយសារមានមេធាវី ព្រះរាជអាជ្ញា និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ធ្វើអន្តរាគមន៍។ រោងចក្រ ធាន ធាន គឺជារោងចក្រតូចមួយដែលម៉ៅការបន្តពីរោងចក្រផ្សេងទៀតយកមកធ្វើ ហើយមិននៅក្នុងបញ្ជីសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា ជីម៉ាក់ (GMAC) ទេ។ ទាំងកម្មករ និងសហជីព ក៏អំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យពិនិត្យដល់រោងចក្រតូចៗដែលម៉ៅការបន្តជាច្រើនទៀត ដើម្បីកុំឲ្យមានបញ្ហាដូចគ្នានេះទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្ដាល បានទេនៅល្ងាចថ្ងៃទី១០ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។