កិច្ច​ប្រជុំ​ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​អនុ​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី និង​ដៃគូ​ពាក់ព័ន្ធ ដែល​មាន​សមាសភាព​ពី​ខាង​រដ្ឋាភិបាល និយោជក និង​តំណាង​ពី​ខាង​សហជីព បាន​ជួប​ប្រជុំ​ប្រមូល​លទ្ធផល​បឋម​នៃ​របាយការណ៍​អង្កេត​អំពី​ស្ថានភាព​វិនិយោគ ស្ថានភាព​របស់​កម្មករ ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់។ ការ​ជួប​ជុំ​គ្នា​នេះ ក្រសួង​ការងារ បាន​ហៅ​ថា​ជា​យន្តការ​មួយ​ក្នុង​ការ​ឆ្ពោះ​ទៅ​គិតគូរ​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ។

0:00 / 0:00

សហជីព​ដែល​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ការ​បង្ហាញ​លទ្ធផល​បឋម នៃ​ការ​អង្កេត​ពី​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា បាន​រក្សា​ជំហរ​ចំពោះ​ការ​ធ្វើ​កូដកម្ម​បាតុកម្ម​ទូទាំង​ប្រទេស​ដដែល ប្រសិន​ណា​យន្តការ​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​នោះ។

មន្ត្រី​គោល​នយោបាយ និង​ច្បាប់​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក អ៊ុំ វិសាល ថ្លែង​ថា កិច្ច​ប្រជុំ​នៅ​ពេល​នេះ គឺ​មិន​មែន​ជា​ការ​ជជែក​ត​ថ្លៃ​គ្នា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​នោះ​ទេ គឺ​ជា​ការ​ជជែក​ក្រុម​បច្ចេកទេស ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល។ លោក​បន្ត​ថា ជំហរ​ធ្វើ​កូដកម្ម​បាតុកម្ម អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការ​ជជែក​ពិភាក្សា​បន្តបន្ទាប់​ពី​ការ​ប្រជុំ​ប្រមូល​របាយការណ៍​របស់​អនុ​ក្រុម​ទាំង​៤ ដែល​ក្រសួង​ការងារ បង្កើត​សម្រាប់​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ។

«សំឡេង»

ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​អនុ​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី និង​ដៃគូ​ពាក់ព័ន្ធ ដែល​មាន​សមាសភាព​ពី​ខាង​រដ្ឋាភិបាល និយោជក និង​តំណាង​ពី​ខាង​សហជីព បាន​ជួប​ប្រជុំ​ប្រមូល​លទ្ធផល​បឋម​នៃ​របាយការណ៍​អង្កេត អំពី​ស្ថានភាព​វិនិយោគ ស្ថានភាព​របស់​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ នៅ​ក្រសួង​ការងារ ថ្ងៃ​ទី​២៧ វិច្ឆិកា។

មន្ត្រី​សហជីព​ដដែល បាន​ឲ្យ​ដឹង​ថា អនុ​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី បាន​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ការ​ចំណាយ​របស់​ភាគី​និយោជក​របស់​កម្មករ​និយោជិក ការ​ស្រាវជ្រាវ​អំពី​ផលិតភាព​ការងារ​ទំនាក់​ទំនង​ការងារ ការ​ស្រាវជ្រាវ​អំពី​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ប្រទេស និង​តំបន់​អាស៊ាន ដើម្បី​ឈាន​ទៅ​ពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។

រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល វិជ្ជាជីវៈ លោក អ៊ុំ មាន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​នេះ​ជា​ក្រុម​ការងារ​សុក្រឹត ដែល​បាន​ធ្វើ​ការ​អង្កេត​តាំង​ពី​ខែ​តុលា ដែល​លទ្ធផល​អាច​ទទួល​យក​បាន ឈាន​ទៅ​ជជែក​ផ្ដល់​ប្រាក់​ខែ​អប្បបរមា​ជូន​កម្មករ។

«សំឡេង»

បន្ទាប់​ពី​កិច្ច​ប្រជុំ​អនុ​ក្រុម​ការងារ​ចម្រុះ​ត្រី​ភាគី ក្រសួង​ការងារ ធ្វើ​ការ​បូក​សរុប​លទ្ធផល​រួច​មក ក្រុម​ការងារ​នេះ​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ធំ​មួយ​ទៀត នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ដើម្បី​ពិភាក្សា​សម្រេច​អំពី​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដំឡើង​ជូន​កម្មករ។

សហព័ន្ធ​សហជីព​ដែល​ធ្វើ​ការ​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង កាល​ពី​ពេល​ថ្មីៗ​នេះ បាន​គំរាម​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​ធ្នូ ខាង​មុខ​នេះ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ឲ្យ​កម្មករ​ដល់ ១៥៤​ដុល្លារ​ក្នុង​មួយ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។