តំណាងរដ្ឋាភិបាលអង់គ្លេស ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស ស្របពេលពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នាំគ្នាធ្វើពិធីរម្លឹកខួបលើកទី២៥ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
សមាជិកសភា និងអនុរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក លោក អាឡុក ហ្សាម៉ា (Alok Sharma) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានដទៃទៀតរបស់ពលរដ្ឋកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អង់គ្លេសជាប្រទេសមួយក្នុងចំណោមប្រទេស១៩ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ពាក់ព័ន្ធនឹងការរម្លឹកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះដែរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅពលរដ្ឋខ្មែរ និងមន្ត្រីអាមេរិក នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) និងនៅរដ្ឋវីជីនៀ (Virginia) និងសហគមន៍អឺរ៉ុប បានប្រារព្ធពិធីរម្លឹកខួប២៥ នៃកិច្ចព្រមនេះ ដោយពួកគាត់លើកឡើងថា ពួកគាត់កំពុងរស់នៅប្រទេសជឿនលឿនមានជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ និងមានសិទ្ធិសេរីពេញបរិបូរណ៍។ ពួកគាត់ប្រាថ្នាចង់ឃើញប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា ទទួលបានសិទ្ធិរស់រានមានជីវិត និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដដូចគ្នាដែរ។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បដិសេធការលើកឡើងថា កម្ពុជាមិនបានអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានពេញលេញ។ លោកថា កម្ពុជាបច្ចុប្បន្នកំពុងរីករាយនឹងស្ថិរភាព និងសន្តិភាព។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរដែលចូលរួមក្នុងពិធីខួប ២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅអាមេរិកនេះ មើលមិនឃើញថា រដ្ឋាភិបាលបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឡើយនោះទេ។ ពួកគេក៏អះអាងថា ពួកគេចូលរួមពិធីនេះ ដោយសារចង់បង្ហាញពីភាពឈឺឆ្អាលចំពោះការដែលរដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តឲ្យបានពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ និងជាការដាស់សតិដល់ប្រទេសម្ចាស់ហត្ថលេខី “កុំឲ្យដេកលង់លក់”។ ពួកគាត់ដាស់តឿនក្រើនរម្លឹកដល់រដ្ឋាភិបាលខ្មែរកុំឲ្យធ្វើទុក្ខបុកម្នេញដល់អ្នកហ៊ានតវ៉ាប្រឆាំង និងឲ្យរដ្ឋាភិបាលឈប់រំលោភរដ្ឋធម្មនុញ្ញកម្ពុជា ដែលកើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផ្ញើសារដល់ប្រទេសហត្ថលេខីទាំងអស់ឲ្យធ្វើយ៉ាងណាបន្តជួយជំរុញឲ្យមានការបោះឆ្នោតនៅកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទាក់ទងនឹងការបោះឆ្នោតនេះ លោក ឃិន គីវ រស់នៅនៅរដ្ឋម៉ារីឡែន (Maryland) ដែលគ្មានសិទ្ធិបោះឆ្នោតពីចម្ងាយ បានទទូចសុំឲ្យពលរដ្ឋនៅឯនាយសមុទ្រជួយធ្វើយ៉ាងណារម្លឹកអ្នកនៅស្រុកខ្មែរកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតឲ្យបានមុនថ្ងៃទី២៩ វិច្ឆិកា៖ «ខ្ញុំមកចូលរួមនេះ គឺដើម្បីរួមចំណែកអំពាវនាវឲ្យបងប្អូនខ្មែរយើងទាំងអស់ មានបងប្អូននៅស្រុកខ្មែរគ្រប់ៗគ្នា ដោយសារយើងនៅទីនេះមិនអាចមានសិទ្ធិបោះឆ្នោតបានទេ ដូច្នេះយើងត្រូវនាំគ្នាទូរស័ព្ទទៅបងប្អូនយើងទាំងអស់គ្នានៅស្រុកខ្មែរ ទៅបោះឆ្នោតគ្រប់ៗគ្នា។ ឆ្នោតមួយសន្លឹកជាអំណាចរបស់យើង»។
ពលរដ្ឋខ្មែរក៏អំពាវនាវឲ្យប្រទេសហត្ថលេខី រួមទាំងសហរដ្ឋអាមេរិកផង បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតនៅពេលខាងមុខទៅឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។