ជនបរទេសចំនួនជាង ៥០០នាក់មកពីប្រទេសចំនួន៣៧ ជុំវិញពិភពលោក បាននាំគ្នារត់កីឡាអ៊ុលត្រា ត្រេល ម៉ារ៉ាតុង (Ultra Trail Marathon) នៅជុំវិញបរិវេណតំបន់អង្គរខេត្តសៀមរាប ក្នុងបំណងបំផុសសកម្មភាពកីឡានៅក្នុងវិស័យទេសចរណ៍ ព្រមទាំងការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត។
ព្រឹត្តិការណ៍រត់ប្រណាំងដែលមានចម្ងាយ ១២៨គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រនោះ បានធ្វើឡើងចាប់ពីយប់ថ្ងៃទី២០ រហូតដល់ល្ងាចថ្ងៃទី២១ ខែមករា។
យុវជនខ្មែរដែលជាវេជ្ជបណ្ឌិត និងអ្នកជំនួញមានសញ្ជាតិបារាំង និងកាណាដា ចំនួន ៤រូប បានណាត់គ្នាចាកចេញពីប្រទេសដែលពួកគេរស់នៅរៀងខ្លួនៗ ហើយធ្វើដំណើរមកកាន់ទឹកដីខេត្តសៀមរាប ដើម្បីចូលរួមរត់ប្រណាំងកីឡា អ៊ុលត្រា ត្រេល អង្គរ (Ultra Trail Angkor) ក្នុងបំណងចង់ឃើញទឹកដីកំណើតរបស់ឪពុកម្ដាយផង និងចង់បង្ហាញក្តីស្រឡាញ់ឲ្យពលរដ្ឋខ្មែរគ្រប់រូបចេះរួបរួមសាមគ្គីគ្នាផង។
ក្រុមយុវជនទាំង ៤នាក់នោះ ថ្វីត្បិតតែពួកគេត្រូវចូលរួមរត់ប្រណាំងចម្ងាយ ១៦គីឡូម៉ែត្រជាមួយនឹងជនបរទេសចម្រុះជាតិសាសន៍ជិត ១០០នាក់ផ្សេងទៀត ប៉ុន្តែពួកគេមិនពាក់អាវយឺតដែលគណៈកម្មការរៀបចំបានចែកឲ្យនោះទេ គឺពួកគេបានពាក់អាវយឺតដែលបោះពុម្ពដោយខ្លួនឯង ហើយមានសរសេរអក្សរខ្មែរថា សាមគ្គីកូនខ្មែរ។
វេជ្ជបណ្ឌិតផ្នែកទន្តសាស្ត្រមកពីប្រទេសបារាំង ម្នាក់ក្នុងចំណោមកូនខ្មែរដែលចូលរួមរត់ប្រណាំងចេញដំណើរពីមុខប្រាសាទប្រែរូប ឆ្ពោះទៅកាន់លានជល់ដំរី នៃប្រាសាទអង្គរធំ គឺកញ្ញា មឿង សូដាវី។ នាងមានប្រសាសន៍ថា ថ្វីត្បិតតែនាងកើតនៅប្រទេសបារាំង ហើយមានសញ្ជាតិបារាំង ក៏ប៉ុន្តែនាងដឹងថា រូបនាងគឺជាកូនខ្មែរ នៅអាចនិយាយភាសាខ្មែរបានខ្លះៗ។
សូដាវី បញ្ជាក់ថា មូលហេតុដែលនាងសុខចិត្តធ្វើដំណើរពីប្រទេសបារាំង ហើយចូលរួមរត់ប្រណាំងកីឡា អ៊ុលត្រា ត្រេល អង្គរ (Ultra Trail Angkor) ពេលនេះ ដោយសារតែនាងស្រឡាញ់មាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយចង់បង្ហាញបេះដូងរបស់នាងតាមរយៈការរត់ប្រណាំងនេះ គឺសូមឲ្យខ្មែរគ្រប់រូបចេះស្រឡាញ់ និងសាមគ្គីគ្នា កុំឲ្យបែកបាក់ ជាហេតុធ្វើឲ្យកិត្យានុភាពរបស់ខ្មែរចុះខ្សោយ៖ « សូមទោស ខ្ញុំនិយាយខ្មែរបានតិច ពីព្រោះខ្ញុំកើតនៅស្រុកបារាំង។ ខ្ញុំមកចូលរួមរត់ប្រណាំង គឺឲ្យគេឃើញថាខំស្កាត់មកពីឆ្ងាយ ហើយចង់ប្រាប់ឲ្យកូនខ្មែរគ្រប់រូបចេះស្រឡាញ់ និងសាមគ្គីគ្នា កុំបែកបាក់គ្នា ពីព្រោះខ្មែរឥឡូវនេះកំពុងតែពិបាក »។
ក្រុមយុវជនដែលមកពីប្រទេសកាណាដា និងបារាំង ទាំងនោះបង្ហាញអារម្មណ៍ថា ថ្វីត្បិតតែពួកគេចេះនិយាយភាសាខ្មែរតិចតួចក្ដី ក៏គេនៅតែស្រឡាញ់ទឹកដីកម្ពុជា និងប្រាសាទអង្គរវត្ត ដែលជាទឹកដីនៃឪពុកម្ដាយរបស់ពួកគេ។

យុវជនមកពីប្រទេសកាណាដា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកជំនួញ លោក ចិត្រា មានប្រសាសន៍ថា លោកធ្លាប់មកឃើញទឹកដីកម្ពុជា ម្ដងកាលពីជាង ១០ខែមុន ហើយពេលនេះជាលើកទី១ ដែលលោកបានមកចូលរួមរត់ប្រណាំងនៅទឹកដីអង្គររបស់ខេត្តសៀមរាប។ ចិត្រា មានប្រសាសន៍ទៀតថា គោលបំណងដែលគាត់មករត់ប្រណាំងនៅខេត្តសៀមរាប ពីព្រោះតែចង់ឃើញប្រាសាទអង្គរ ចង់មកឃើញខ្មែរគ្រប់រូបជួបជុំគ្នាដោយសប្បាយរីករាយ និងចេះស្រឡាញ់គ្នា។ លោកនៅតែស្រឡាញ់ទឹកដីកម្ពុជា ពីព្រោះវាជាប្រទេសដែលផ្ដល់កំណើតឲ្យឪពុកម្ដាយរបស់លោក៖ « មករត់នៅសៀមរាប ឲ្យសប្បាយចិត្ត ឲ្យស្គាល់ប្រទេសរបស់ម៉ែឪយើងដែរ ហើយឲ្យស្គាល់អង្គរវត្ត ពីព្រោះសុទ្ធតែអ្នកមកពីស្រុកបារាំង ជួបគ្នាសប្បាយចិត្ត ស្រឡាញ់គ្នាទាំងអស់ »។
យុវតីម្នាក់ក្នុងចំណោមនោះ នៅពេលដែលនិយាយពីឈ្មោះកម្ពុជា គឺនាងបានស្រក់ទឹកភ្នែក ហើយក្នុងចិត្តក្ដុកក្ដួល។ កញ្ញា វិចិត្រ ដែលជាវេជ្ជបណ្ឌិតមកពីប្រទេសបារាំង ប៉ុន្តែនាងសូមនិយាយភាសាអង់គ្លេស ពីព្រោះតែនាងនៅចេះចាំភាសាខ្មែរបានតិចតួចពេក។ នាងមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺពិតជាកន្លែងដ៏ស្រស់ស្អាត ជាមួយនឹងប្រជាពលរដ្ឋដែលមានស្នាមញញឹមដ៏រាក់ទាក់។
នាងទប់ចិត្ដមិនបាន ហើយស្រក់ទឹកភ្នែកដោយនិយាយទាំងក្ដុកក្ដួលថា មានខ្មែរជាច្រើនដែលទៅរស់នៅប្រទេសផ្សេងៗ ប្រហែលជាគេបំភ្លេចប្រទេសកម្ពុជា ទៅហើយ ប៉ុន្តែរូបនាងមិនដែលភ្លេចប្រទេសដែលជាដើមកំណើតរបស់នាងមួយនេះទេ៖ « ខ្ញុំគិតថានៅពេលដែលខ្ញុំចាកចេញទៅវិញ គឺខ្ញុំនឹកអ្វីៗទាំងអស់នៅកម្ពុជា ហើយខ្ញុំនឹងប៉ងប្រាថ្នាវិលមកម្ដងទៀត។ គោលបំណងរបស់ខ្ញុំដែលមកទីនេះ គឺចង់ឃើញអង្គរវត្តដ៏ស្រស់ស្អាត និងវប្បធម៌ខ្មែរដ៏ផូរផង់ ជាពិសេសគោលគំនិតរបស់ខ្ញុំ គឺចង់បង្ហាញក្តីស្រឡាញ់ដល់ខ្មែរគ្រប់រូប ព្រមទាំងចង់ចែករំលែកបទពិសោធន៍ឲ្យគ្រប់គ្នាបានរឹងមាំឡើង កុំឲ្យបែងចែកគ្នាទៅតាមបក្សពួកនិយម »។
ទោះបីជាយ៉ាងណា អាស៊ីសេរី មិនអាចស្វែងរកការទាក់ទងអគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ដើម្បីសុំការអធិប្បាយជុំវិញការរត់ប្រណាំងកីឡា អ៊ុលត្រា ត្រេល អង្គរ លើកទី២ បានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២២ ខែមករា។
គេហទំព័រក្នុងស្រុកបានដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលអញ្ជើញទៅបិទព្រឹត្តិការណ៍រត់ប្រណាំងនោះកាលពីល្ងាចថ្ងៃទី២១ មករា រំពឹងថា ឆ្នាំក្រោយនឹងមានកីឡាករកីឡាការិនីជាតិ និងអន្តរជាតិដែលចូលរួមនឹងកើនដល់ ១.០០០នាក់ ដោយសារតែសក្ដានុពលតំបន់ភូមិសាស្ត្រនៃប្រទេសកម្ពុជា ពិសេសតំបន់អង្គរតែម្តង។ លោក ថោង ខុន យល់ថា ព្រឹត្តិការណ៍រត់ប្រណាំង អ៊ុលត្រា ត្រេល អង្គរ មិនត្រឹមតែជួយលើកកម្ពស់ផ្នែកកីឡា និងសុខភាពប៉ុណ្ណោះទេ គឺវាក៏នឹងផ្តល់ផលចំណេញសម្រាប់វិស័យទេសចរណ៍កម្ពុជា ព្រមទាំងជាការស្វែងរកមូលនិធិមួយចំនួនជូនដល់មន្ទីរពេទ្យកុមារទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។