សកម្មភាពចល័តបែរត្រី និងផ្ទះរបស់ជនជាតិវៀតណាម នៅលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង បានធ្វើឲ្យប្រជាពលរដ្ឋ និងម្ចាស់ទូកដមួយចំនួន ត្អូញត្អែរអំពីការលំបាកធ្វើដំណើរតាមផ្លូវទឹក។ ពួកគាត់បញ្ជាក់ថា ផ្ទះបណ្ដែតទឹក និងបែរត្រីទាំងនោះ បានធ្វើឲ្យផ្លូវទឹកតូចចង្អៀត និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬបាក់ស្លាបចាក់កាណូត និងទូកដ ជាដើម។
រយៈពេលជាង១សប្ដាហ៍មកហើយ ដែលជនជាតិវៀតណាម មានមុខរបរចិញ្ចឹមត្រី បានចល័តបែរចិញ្ចឹមត្រី និងផ្ទះសម្បែងរបស់ខ្លួនស្ទើរពេញផ្ទៃបឹងទន្លេសាប ស្ថិតនៅសង្កាត់ផ្សារឆ្នាំង នៃក្រុងកំពង់ឆ្នាំង។ ការចល័តបែបនេះ ត្រូវបានពលរដ្ឋវៀតណាម បង្ហើបថា គឺធ្វើដើម្បីកុំឲ្យត្រីចិញ្ចឹមងាប់ ខណៈដែលទឹកទន្លេកាន់តែរីងរាក់ និងកំហាប់ជាតិពុលកាន់តែខ្ពស់ខ្វះខ្យល់អុកស៊ីហ្សែន។
ប្រជាពលរដ្ឋធ្វើចម្ការ និងជាអ្នករត់ទូកដម្នាក់នៅស្រុកកំពង់លែង លោក ចន ហាក់ មានប្រសាសន៍នៅថ្ងៃទី១០ ខែមិថុនា ថា ជនជាតិវៀតណាម បានចល័តបែរត្រី និងផ្ទះជាច្រើនខ្នងទៅកណ្ដាលទន្លេ ហើយម្យ៉ាងនៅក្នុងរដូវប្រាំងមានកំប្លោកច្រើនផង ដែលជាហេតុធ្វើឲ្យលោកលំបាកបើកទូកដឹកអ្នកដំណើរជាខ្លាំង៖ «វាសណ្ដោងចល័តចុះចល័តឡើង បើមិនចល័តអ៊ីចឹងត្រីងាប់ ដល់ពេលវាឈប់សណ្ដោង វាតាំងកណ្ដាលទន្លេតែមួយច្រកសម្រាប់កាណូតអ៊ីចឹងទៅ ហើយកាណូតសណ្ដោងទទឹងទទែងខ្សែពេញណាពេញណីអ៊ីចឹងទៅណា វាពិបាកចឹង»។
ចំណែកពលរដ្ឋម្នាក់ទៀត លោក សុខ សំណាង ឲ្យដឹងដែរថា សកម្មភាពចល័តផ្ទះ និងបែរត្រីយ៉ាងអនាធិបតេយ្យនេះ គឺចាប់ពីចំណុចព្រែកដៃដល់ រហូតមកដល់ផែកាណូតដផ្សារក្រោម នៃសង្កាត់ផ្សារឆ្នាំង ប៉ុន្តែមកដល់ពេលនេះ ខាងសមត្ថកិច្ច និងអាជ្ញាធរ ហាក់មិនសូវអើពើ និងរៀបចំសណ្ដាប់ធ្នាប់អ្វីឡើយ៖ «ចតអាមកជិតផ្លូវហ្នឹងវាចូលរាប់រយគ្រួសារហើយ។ ហេតុនេះ គឺថាប្រជាពលរដ្ឋគាត់ត្រូវការធ្វើដំណើរចេញមានការប្រញាប់ខ្លះយកកូនទៅ ខ្លះក៏ទៅមើលជំងឺ ហេតុនេះធ្វើឲ្យប៉ះពាល់។ ហើយម្យ៉ាងទៀត បើខែងងឹតប្រជាពលរដ្ឋត្រូវការកាណូតបើកយប់បើកអីទៅមើលមិនទាន់ បណ្ដាលឲ្យបុកបែរហ្នឹងអាចគ្រោះថ្នាក់ដល់ជីវិតមនុស្សទៀត ប្រសិនបើជាយប់វិញ ព្រោះបែររបស់យួនហ្នឹង គឺធំៗណាស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ខេត្តកំពង់ឆ្នាំង លោក ធៀម សុង ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១០ ខែមិថុនា។
ទាក់ទងរឿងនេះ ចៅសង្កាត់ផ្សារឆ្នាំង អ្នកស្រី ភួន ឈុយអេង បដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ និងម្ចាស់ទូកដទាំងនោះ ដោយអ្នកស្រីបញ្ជាក់ថា ទាំងអ្នកភូមិចុងកោះ និងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង ពិតជាបានរស់នៅ និងចល័តបែរត្រីចូលកណ្ដាលទន្លេខ្លះមែន ប៉ុន្តែសកម្មភាពទាំងនោះមិនធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ផ្លូវទឹកនោះទេ ដោយសារតែការចល័តនេះបានអែបចូលទៅក្បែរច្រាំងទន្លេវិញ បន្ទាប់ពីអូសបែរត្រីចុះឡើងកាត់ទឹកស្អាត ដើម្បីកុំឲ្យត្រីចិញ្ចឹមរបស់ពួកគាត់ងាប់ប៉ុណ្ណោះ៖ «មិនមែននៅលើឯណាចរាចរណ៍នៅទឹក។ លើនេះងាប់ចង់រាល់ថ្ងៃ មិនគិតទេ អានៅទឹកគ្នានៅតាមក្រុមប្អូនឯងមកមើលទៅ។ ទាំងចុងកោះ ទាំងភូមិកណ្ដាល ម៉ាត្រើយខាងណោះ នៅត្រើយខាងណោះទៅ ខាងនេះនៅត្រើយខាងនេះទៅ នរណាទៅចតនៅកណ្ដាលទន្លេនោះអត់មានទេប្អូន»។
អ្នកស្រីបញ្ជាក់ថា ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកទន្លេក្នុងសង្កាត់ផ្សារឆ្នាំង មានចំនួន ៧៧៨គ្រួសារ ហើយការរស់នៅរបស់ជនជាតិវៀតណាម ទាំងនេះ ត្រូវបានចាត់ចែងឲ្យរស់នៅតាមក្រុម ដោយមានមេ១០ខ្នង មេ៥០ខ្នង និងប្រធានសមាគមជាអ្នកមើលការខុសត្រូវ មិនឲ្យមានបញ្ហា ឬរាំងស្ទះចរាចរណ៍ផ្លូវទឹកនោះទេ។ យ៉ាងណា ប្រជាពលរដ្ឋ និងម្ចាស់ទូកដនៅតែត្អូញត្អែរ និងទាមទារឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រៀបចំសណ្ដាប់ធ្នាប់នេះឲ្យបានប្រសើរឡើងក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។