ប្រជាពលរដ្ឋមួយចំនួននៅស្រុកសំឡូត ខេត្តបាត់ដំបង អះអាងថា សមត្ថកិច្ចពាក់ព័ន្ធស្រុកនេះរួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ ទាហាន និងមន្ត្រីកងរាជអាវុធហត្ថជាដើម កំពុងត្រូវប៉ាន់ដោយដាក់កុងត្រូលយកប្រាក់ពីរថយន្តរបស់ប្រជាពលរដ្ឋដឹកឧស ធ្យូង និងឈើសម្រាប់ធ្វើសំណង់ផ្សេងៗនៅតាមដងផ្លូវដោយសេរី ហើយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយ។ ប៉ុន្តែនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកសំឡូត បដិសេធចំពោះការចោទប្រកាន់នេះ។
ពលរដ្ឋនៅស្រុកសំឡូត ស្នើឲ្យអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធចាត់វិធានការទៅលើមន្ត្រីខិលខូចទាំងនោះ ឲ្យបញ្ឈប់សកម្មភាពដាក់កុងត្រូលគាបយកប្រាក់ពីពួកគាត់បន្តទៀត។
ពលរដ្ឋមួយចំនួនរស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ឲ្យដឹងនៅថ្ងៃទី១៨ កក្កដា ថា សមត្ថកិច្ចជំនាញរួមមានមន្ត្រីប៉ូលិស កងរាជអាវុធហត្ថ ទាហាន និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសំឡូត ជាដើម ដាក់កុងត្រូលតាមផ្លូវវាលចម្បាំងដូចគេហែកឋិន យកប្រាក់ពីប្រជាពលរដ្ឋដឹកឧស បង្គោលក្រាក់ ដឹកធ្យូង និងឈើដែលពួកគាត់ទិញសម្រាប់សង់ផ្ទះស្នាក់នៅ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។
ពួកគាត់អះអាងថា មន្ត្រីប៉ូលិស និងកងរាជអាវុធហត្ថ មិនមានបញ្ហាចោទប៉ុន្មានទេ គឺសំខាន់មន្ត្រីរដ្ឋបាលព្រៃឈើតែម្ដង ដែលក្នុងនោះយ៉ាងហោចណាស់តាមដងផ្លូវពីស្រុកសំឡូត ដល់ព្រំប្រទល់ស្រុកបាណន់ មានកុងត្រូលប្រមាណ ១២កន្លែង និងបានយកប្រាក់ទៅតាមដឹកតិច និងដឹកច្រើន ចាប់ពី ៥ពាន់រៀលទៅ ៣០០ដុល្លារអាមេរិកក្នុងមួយជើង៖ « កូនចៅរបស់លោក ម៉ាក ម៉ានី យកប្រាក់ប្រមាណពី ១៥ម៉ឺនទៅ ២០ម៉ឺនរៀលចំពោះអ្នករកស៊ីដឹកឈើប្រចាំ។ ចំណែកអ្នកដឹកឈើម្ដងម្កាលពី ២០០ ទៅ ៣០០ដុល្លារអាមេរិកក្នុងមួយឡាន។ ពួកខ្ញុំមានការអន់ចិត្តណាស់ ព្រោះត្រូវដឹកបង្គោលក្រាក់មកធ្វើរបងក៏មិនបានដែរ »។
ឆ្លើយតបនឹងបញ្ហានេះ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកសំឡូត លោក ម៉ាក ម៉ានី មានប្រសាសន៍ថា មន្ត្រីជំនាញរបស់លោកដាក់ប៉ុស្តិ៍ត្រួតពិនិត្យចំពោះតែរថយន្តដែលដឹកឈើខុសច្បាប់ទេ ចំណែកឯពលរដ្ឋដែលដឹកឈើប្រើប្រាស់ជាលក្ខណៈគ្រួសារ គឺពុំបានចាប់ឡើយ៖ « អត់មានទេ ! បើនិយាយទៅកូនចៅរបស់ខ្ញុំនៅកន្លែងនោះ មិនដែលបានយកប្រាក់ពីអ្នកដឹកឧសធ្យូង សូម្បីតែមួយរយរៀល ក៏គ្មានដែរ។ ពួកគាត់ឃ្លាំមើលតែការងារល្មើសច្បាប់ធំៗទេ »។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា សមត្ថកិច្ចដាក់កុងត្រូលតាមដងផ្លូវគាបយកប្រាក់ពីប្រជាពលរដ្ឋដឹកឧសដឹកធ្យូង និងដឹកឈើ ដើម្បីបម្រើប្រយោជន៍របស់ខ្លួន គឺជារឿងខុសច្បាប់ ដែលអាជ្ញាធរត្រូវបើកការស៊ើបអង្កេត និងចាត់វិធានការទប់ស្កាត់ ហើយចាប់ជនប្រព្រឹត្តិមកផ្ដន្ទាទោសតាមនីតិវិធី៖ « បើយើងនិយាយពីអនុផលព្រៃឈើ ប្រជាពលរដ្ឋអាចទទួលអនុផលពីរបរនេះដើម្បីចិញ្ចឹមជីវិតរបស់គាត់ ហើយប្រសិនជាមន្ត្រីធ្វើអ៊ីចឹង ខ្ញុំគិតថាវាជាត្រីងៀតឆ្លៀតពង ព្រោះថា សមត្ថកិច្ចឆ្លៀតយកតួនាទីមុខងាររបស់គាត់ទៅរកកម្រៃផ្ទាល់ខ្លួន »។
ពលរដ្ឋអះអាងថា សមត្ថកិច្ចដាក់កុងត្រូលយកប្រាក់តាមដងផ្លូវរៀងរាល់ថ្ងៃ ហើយប្រសិនបើម្ចាស់រថយន្តណាមិនព្រមបង់ប្រាក់ឲ្យពួកគេទេ នោះសមត្ថកិច្ចនឹងចាប់រថយន្តមិនឲ្យធ្វើដំណើរទៅមុខឡើយ។ បញ្ហាទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ មិនបានដឹកឈើសម្រាប់សង់ផ្ទះ និងធ្យូងប្រើប្រាស់ប្រចាំថ្ងៃបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។