ប្រជាពលរដ្ឋ បានរិះគន់អាជ្ញាធរស្ថាប័នពាក់ព័ន្ធដែលបណ្តោយឲ្យមានភាពអនាធិបតេយ្យនៃការចតយានយន្តគ្រប់ប្រភេទ ពិសេសរថយន្តក្រុង និងរថយន្តដឹកទំនិញធំៗ តាមផ្លូវសាធារណៈ បង្កឲ្យមានការកកស្ទះ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនាកណ្ដាលក្រុងនៃខេត្តព្រះសីហនុ។
បញ្ហានេះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធថ្លែងថា បានត្រៀមផាកពិន័យធ្ងន់ធ្ងរទៅលើម្ចាស់រថយន្តដឹកទំនិញ ឬរថយន្តដឹកអ្នកដំណើរដែលមិនគោរពច្បាប់ ឬចតរថយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈ បង្កឲ្យមានការកកស្ទះ។
មន្ត្រីរាជការ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកដល់ទឹកដីទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត នៅពេលសង្កេតឃើញភាពគ្មានសណ្ដាប់ធ្នាប់នៃការចតយានយន្តដឹកអ្នកដំណើរ ពិសេសរថយន្តសណ្ដោងដឹកទំនិញធំៗ ចតអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ហើយគ្មានសមត្ថកិច្ចហាមឃាត់។
ភ្ញៀវទេសចរជាតិ បានសំណូមពរដល់អាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ជួយមានវិធានការទប់ស្កាត់រថយន្តក្រុង និងរថយន្តដឹកទំនិញ ចេញ ឬចូលពេលថ្ងៃ ហើយចតលើផ្លូវថ្នល់គ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកភ្ញៀវ ឬផ្ទេរទំនិញ ឲ្យមានរបៀបរៀបរយឡើងវិញ។
ចំណែកប្រជាពលរដ្ឋ និងជាមន្ត្រីរាជការភាគច្រើនរស់នៅសង្កាត់១ ក្រុងព្រះសីហនុ ក៏បានរិះគន់សកម្មភាពចតយានយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នេះដែរ។
គ្រូបង្រៀនមិនបង្ហាញឈ្មោះម្នាក់ រិះគន់អាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្តព្រះសីហនុ ដែលបណ្តោយឲ្យរថយន្តដឹកទំនិញចេញ ឬចូលក្នុងក្រុងនៅពេលថ្ងៃ អាចធ្វើសកម្មភាពល្មើសច្បាប់នៅលើផ្លូវសាធារណៈ បង្កឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ។ គ្រូបង្រៀនរូបនេះ ស្នើលោកអភិបាលក្រុង និងអភិបាលខេត្តព្រះសីហនុ ពិសេសស្ថាប័នប៉ូលិសចរាចរណ៍ ត្រូវលុបបំបាត់ភាពអនាធិបតេយ្យនៃការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នាមូលដ្ឋាននេះ ឲ្យបានត្រឹមត្រូវឡើងវិញ៖ « សមត្ថកិច្ចមិនគួរបណ្តោយឲ្យរថយន្តដឹកទំនិញធំៗ បើកបរ និងចតអនាធិបតេយ្យនៅតាមផ្លូវសាធារណៈដូចរាល់ថ្ងៃនេះទេ ព្រោះបានបង្កឲ្យមានការកកស្ទះ និងបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ព្រោះរថយន្តប្រភេទសណ្ដោងនេះមានប្រវែងវែង ហើយការចតទៀតសោត អ្នកបើកបររថយន្តប្រភេទនេះ គឺចតគ្មានដឹងក្បាលដឹងកន្ទុយនោះទេ។ សូមឲ្យអាជ្ញាធរ ពិចារណាលើករណីរថយន្តដឹកទំនិញធំៗ បើកចូលក្រុងពេលថ្ងៃ និងបង្កការកកស្ទះនេះឲ្យបានប្រសើរឡើងវិញ » ។
ទាក់ទិនបញ្ហានេះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ បានអះអាងថា អាជ្ញាធរមានវិធានការរួចហើយ ដើម្បីឈានដល់ទប់ស្កាត់ ឬផាកពិន័យម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ ឬរថយន្តក្រុងដឹកអ្នកដំណើរ ជាដើម ដែលចតលើផ្លូវសាធារណៈបង្កឲ្យមានការកកស្ទះ។
អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង មានប្រសាសន៍ថា អាជ្ញាធរមិនទុកឲ្យភាពអនាធិបតេយ្យនៃការចតយានយន្តលើផ្លូវសាធារណៈ នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់វិស័យទេសចរណ៍នាមូលដ្ឋាននេះទេ។ ត្រង់ចំណុចនេះ លោក អ៊ី សុខឡេង ស្នើឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ ទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នា ដើម្បីរួមចំណែកលើកមុខមាត់ខេត្តព្រះសីហនុ ឲ្យបានប្រសើរឡើងវិញ។ ជាងនេះ លោកក៏បានព្រមានថា នឹងផាកពិន័យធ្ងន់ធ្ងរទៅលើម្ចាស់រថយន្តដឹកអ្នកដំណើរ ពិសេសរថយន្តដឹកទំនិញ ដែលចតដើម្បីដាក់ ឬផ្ទេរទំនិញនៅលើផ្លូវសាធារណៈនៅពេលថ្ងៃ ហើយចតគ្មានសណ្ដាប់ធ្នាប់ បង្កឲ្យមានការកកស្ទះ ជាដើម៖ « ចំពោះឡានដឹកទំនិញ ឡានសណ្ដោងកុងតឺន័រ ឡានក្រុង និងឡានដឹកស្រាបៀ ឬឡានដឹកគ្រឿងសំណង់ ជាដើម គឺពិតជាមានការចត ឬបើកចេញចូលក្រុងមិនប្រក្រតីពិតមែន។ រថយន្តទាំងនេះ ត្រូវតែមានចំណតត្រឹមត្រូវ ហើយចំពោះរថយន្តតាក់ស៊ី និងរថយន្តក្រុង ជាដើម គឺយើងមិនអនុញ្ញាតឲ្យមកចតនៅក្នុងបរិវេណមហោស្រពនោះទេ គឺក្រុមហ៊ុនត្រូវតែរកចំណតថ្មី » ។
លោក អ៊ី សុខឡេង បន្ថែមថា កន្លងមកនេះ អាជ្ញាធរធ្លាប់ចុះអនុវត្តវិធានការក្តៅ ដោយចាប់ឃាត់រថយន្តតាក់ស៊ី និងរថយន្តដឹកដីយកទៅអប់រំ និងផាកពិន័យបានមួយចំនួន ដើម្បីកែលំអផ្លូវសាធារណៈឲ្យមានរបៀបរៀបរយ និងមានផ្លូវថ្មើរជើងសម្រាប់អ្នកដំណើរ ជាដើម។ លោកទទួលស្គាល់ថា រាល់ថ្ងៃនេះ នៅមានម្ចាស់ការដ្ឋានរថយន្តដឹកដី ឬទំនិញខ្លះ ធ្វើសកម្មភាពល្មើសច្បាប់ និងមិនសហការការពារបរិស្ថាន ឬបញ្ចៀសការកកស្ទះជាមួយអាជ្ញាធរទេ ប៉ុន្តែសកម្មភាពល្មើសនេះ នឹងលុបបំបាត់ក្នុងពេលដ៏ឆាប់ខាងមុខ៖ « កម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ បានចុះអនុវត្តនូវការងាររក្សាសណ្ដាប់ធ្នាប់ឲ្យបានប្រសើរឡើងវិញ ព្រោះខេត្តព្រះសីហនុ គឺជាខេត្តគោលដៅទេសចរណ៍មួយដែលមានភ្ញៀវជាតិ - អន្តរជាតិ និយមចូលមកកម្សាន្ត។ បញ្ហានេះ ស្នើដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវចូលរួមរក្សាសណ្ដាប់ធ្នាប់ឲ្យបានទាំងអស់គ្នា ដើម្បីលើកមុខមាត់ខេត្តទេសចរណ៍របស់យើងឲ្យបានប្រសើរឡើង » ។
ទាក់ទិនបញ្ហានេះ ស្នងការរងនគរបាលខេត្តព្រះសីហនុ លោក អ៊ី សុខា និងជាប្រធានការិយាល័យកណ្ដាលនគរបាលសណ្ដាប់ធ្នាប់សាធារណៈខេត្តព្រះសីហនុ ថ្លែងថា ស្ថាប័ននេះបានជំរុញមន្ត្រីជំនាញនៅតាមគោលដៅនានា ឲ្យចុះអប់រំដល់អ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរជាដើម ត្រូវចតឲ្យមានរបៀបរៀបរយ។ លោកបន្តថា កន្លងមក តាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ គឺអនុញ្ញាតឲ្យរថយន្តដឹកទំនិញអាចចេញចូលក្រុងបានតែនៅម៉ោង ៥ល្ងាចប៉ុណ្ណោះ ប៉ុន្តែពេលនេះ លោកទទួលស្គាល់ថា មានម្ចាស់រថយន្តដឹកទំនិញមួយចំនួន ល្មើសនឹងបម្រាមនេះ។
យ៉ាងណាក៏ដោយចុះ លោក អ៊ី សុខា ថ្លែងថា បានដាក់ផែនការរៀបចំសណ្ដាប់ធ្នាប់ក្រុង ឬការចតយានយន្តគ្រប់ប្រភេទឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញ។ លោកស្នើដល់ថ្នាក់ដឹកនាំនៅតាមស្ថាប័នជំនាញពាក់ព័ន្ធនៅទូទាំងខេត្ត ពិសេសម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងរថយន្តក្រុមហ៊ុនដឹកទំនិញគ្រប់ប្រភេទ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីបញ្ចៀសការកកស្ទះ និងរក្សាសណ្ដាប់ធ្នាប់ឲ្យបានប្រសើរឡើងវិញ៖ « ឥឡូវនេះខ្ញុំបានបញ្ជាកម្លាំងចុះអនុវត្តជាក់ស្តែង ចំពោះរថយន្តទូទៅ ពិសេសរថយន្តដឹកទំនិញ គឺមិនអនុញ្ញាតឲ្យចតបញ្ច្រាសទិស ដោយណែនាំឲ្យម្ចាស់យានយន្តទាំងនោះ ត្រូវចតរកទីតាំងដែលមានសុវត្ថិភាព និងកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈតាមផ្លូវ ដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះ ការចតបញ្ច្រាសទិសកន្លងមក គឺកម្លាំងជំនាញ និងអាជ្ញាធរក្រុងក្នុងការចាត់វិធានការទៅលើយានយន្តដឹកទំនិញ ដែលចតបញ្ច្រាសទិស ប៉ុន្តែស្នើការយោគយល់ពីបងប្អូនសាធារណជន ចំពោះការខ្វះចន្លោះក្នុងការចំពោះបញ្ហាកកស្ទះផ្ដើមដោយរថយន្តដឹកទំនិញផ្សេងៗ ដោយរង់ចាំការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត និងអភិបាលខេត្តព្រះសីហនុ ដាក់វិធានការបន្ត » ។
ត្រង់ចំណុចនេះ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរកំពុងមានវិធានការទៅលើម្ចាស់ការដ្ឋានរថយន្តដឹកដី ថ្ម ឬខ្សាច់ និងរថយន្តដឹកសម្ភារៈការដ្ឋានសំណង់ ជាដើម ដែលបើកបរចូលក្រុង ហើយបង្កផលប៉ះពាល់ដល់បរិស្ថានដោយសារជ្រុះអាចម៍ដី ឬកម្ទេចថ្មនៅតាមផ្លូវសាធារណៈ បង្កការលំបាកដល់អ្នកធ្វើដំណើរ និងប៉ះពាល់ដល់សោភ័ណភាពក្រុង។ ជាងនេះទៀត អាជ្ញាធរក្រុង សហការជាមួយថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានចាប់បញ្ជូនរថយន្តដឹកដី និងរថយន្តដឹកអ្នកដំណើរដែលធ្វើសកម្មភាពប៉ះពាល់ដល់បរិស្ថាន និងចតអនាធិបតេយ្យ បង្កការកកស្ទះ យកទៅផាកពិន័យបង់ពន្ធចូលរដ្ឋមានចំនួនរាប់លានរៀល ហើយក្នុងករណីមិនរាងចាល អាជ្ញាធរនឹងបន្តដាក់ពិន័យតាមច្បាប់ឲ្យបានធ្ងន់ធ្ងរថែមទៀតនៅពេលខាងមុខ។
ទោះជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានស្នើអាជ្ញាធរក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធក្រោមឱវាទខេត្ត ត្រូវរួមសហការរក្សាសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុងទេសចរណ៍នេះឲ្យមានប្រសិទ្ធភាពបានយូរអង្វែង ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តជាប់សមុទ្រមួយនេះបានច្រើនថែមទៀតនៅឆ្នាំខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។