ក្រុមកម្មករ អ្នកបញ្ជាគ្រឿងចក្រ និងអ្នកបកប្រែភាសាឲ្យមេការជនជាតិចិន នៅតាមការដ្ឋានជាច្រើននៃក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ខេត្តពោធិ៍សាត់ ផ្អាកបាតុកម្មទាមទារបើកប្រាក់ឈ្នួលនៅរសៀលថ្ងៃទី២១ ខែមេសា។ អាជ្ញាធរស្រុក និងមន្ត្រីនៃមន្ទីរការងារ បានចេញមុខសម្របសម្រួល និងយកលិខិតធ្វើកិច្ចសន្យាបើកប្រាក់ឈ្នួលរបស់ក្រុមហ៊ុន មកអានឲ្យអ្នកតវ៉ាស្ដាប់។
ក្រុមអ្នកតវ៉ាប្រមាណ ៦០នាក់ បានបង្ហាញពីទុក្ខលំបាក និងមិនសូវជឿជាក់លើការសន្យារបស់ភាគីក្រុមហ៊ុនចិន នៅចំពោះមុខអភិបាលស្រុកក្រគរ និងប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ គ្រាដែលពួកគេប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងបរិវេណផ្ទះរបស់តំណាងក្រុមហ៊ុន ឋិតនៅភូមិក្បាលដំរី នៃឃុំអន្សាចំបក់។
កម្មការិនីម្នាក់មកពីខេត្តព្រៃវែង គឺលោកស្រី ចឹក រឿង មានប្រសាសន៍ថា រូបគាត់ និងកម្មករជាច្រើននាក់ទៀត អាក់ខានបើកប្រាក់ឈ្នួល ៥-៦ខែហើយ ដោយមេការក្រុមហ៊ុន កុហក និងពន្យារពេលរហូតមកដល់បច្ចុប្បន្ន។ ស្របពេលគ្នានេះ ក្រុមកម្មករកំពុងប្រឈមនឹងខ្វះខាតស្បៀង និងទឹកប្រើប្រាស់។ លោកស្រីស្នើរដ្ឋាភិបាល ឬអាជ្ញាធរ ជួយជំរុញឲ្យភាគីក្រុមហ៊ុនបើកប្រាក់ឈ្នួលជូនកម្មករឲ្យបានឆាប់៖ « ខ្ញុំមកនេះមានបញ្ហាថា សុំចិន បើកលុយឲ្យខ្ញុំ ព្រោះម្នាក់ៗ ចិន ជំពាក់ ៤ ទៅ ៦ខែ ហើយខ្ញុំនៅក្នុងព្រៃនេះមិនបានទៅផ្ទះដើម្បីចូលឆ្នាំជួបកូន ម៉ែឪ និងជីដូនជីតា ព្រោះខ្ញុំអត់មានលុយទៅ ដោយចិន អត់បើកលុយឲ្យខ្ញុំ។ ប្រើតែឲ្យធ្វើការ តែលុយអត់បើក »។
ចំណែកកម្មករម្នាក់ទៀតដែលកំពុងជជែកគ្នាពីបញ្ហាប្រាក់ឈ្នួលក្នុងទឹកមុខបែបខឹង និងនិយាយខ្លាំងៗជាមួយក្រុមអ្នកតវ៉ាដទៃទៀត គឺលោក ឌុក សៀវ បញ្ជាក់ថា រយៈពេលជាង ៥ខែនេះ ក្រុមហ៊ុនបានជំពាក់ប្រាក់ឈ្នួលកម្មករក្នុងម្នាក់ប្រហែល ៤លានរៀល និងអ្នកបកប្រែប្រហែល ២ពាន់ដុល្លារទៅ ៣ពាន់ដុល្លារ។ ប៉ុន្តែក្រុមហ៊ុនបានបើកឲ្យតិចតួច ដោយកុហកថា នឹងបើកបង្គ្រប់នៅថ្ងៃនេះ ឬថ្ងៃនោះរហូត៖ « មានអ្នកខ្លះនិយាយថា លុយគេយកមកហើយ ប៉ុន្តែអត់ទាន់បានដូរ។ ខ្ញុំថា អាណាហ្នឹង ! វាអត់បានជួប ព្រោះខ្ញុំរវល់នៅផ្ទះទេ កុំអីទៅសួរអ្ហែងឲ្យបានច្បាស់លាស់ ឲ្យវាត្រឹមត្រូវ។ អ៊ីចឹងបានមេការការដ្ឋានឃាត់កម្មករអត់ឲ្យមកទេ »។
នៅពេលដែលតំណាងកម្មករ និងអ្នកបើកគ្រឿងចក្រ ប្រមូលផ្ដុំគ្នាតវ៉ានៅព្រឹកថ្ងៃទី២១ ខែមេសា ក្នុងបរិវេណផ្ទះស្នាក់នៅបណ្ដោះអាសន្នរបស់តំណាងក្រុមហ៊ុន ឋិតនៅចំណុចកាច់កង់ នៃភូមិក្បាលដំរី គឺតំណាងក្រុមហ៊ុនដែលគេមិនស្គាល់ឈ្មោះច្បាស់នោះ មិនបានចេញមុខមកជួបចរចាជាមួយក្រុមអ្នកតវ៉ាទេ។ ប៉ុន្តែក្រុមហ៊ុនបានបញ្ចេញនូវលិខិតសន្យាបើកប្រាក់ឈ្នួលជូនកម្មករមួយច្បាប់។
លិខិតសន្យានេះមានខ្លឹមសារថា ក្រុមហ៊ុន ឌាន ដា បាយអូ អេនើជី អ៊ិនវេសមិន គ្រុប បានស្នើសុំបង្វិលសាច់ប្រាក់មួយចំនួនពីប្រទេសចិន ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលចិន ដើម្បីយកមកដោះស្រាយបើកប្រាក់ខែជូនកម្មករកម្មការិនី។ ក្នុងករណីរាជរដ្ឋាភិបាលប្រទេសចិន អនុញ្ញាតបង្វិលប្រាក់មកឲ្យក្រុមហ៊ុន នៅថ្ងៃទី៣០ ខែមេសា ក្រុមហ៊ុននឹងបើកឲ្យកម្មករកម្មការិនីមុនគេបង្អស់។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ លោក លី សុភា ថ្លែងទៅកាន់អ្នកតវ៉ាថា ក្នុងករណីក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យកម្មករចន្លោះពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា អាជ្ញាធរនឹងប្រើវិធានការច្បាប់ ដើម្បីជួយកម្មករ៖ « នៅថ្ងៃ៣០ យ៉ាងយូរ តែអាចបើកមុនថ្ងៃ៣០ សូមរង់ចាំចុះ។ កម្មករ៖ ហើយចុះបើអត់បើកវិញ ? បើអត់ នឹងមានវិធានការផ្លូវច្បាប់ ព្រោះខ្ញុំ និងចៅហ្វាយខេត្តជួយយើង ចៅហ្វាយខេត្តនៅខាងយើងហើយ »។
ក្រុមហ៊ុន ឌាន ដា បាយអូ អេនើជី អ៊ិនវេសមិន ដែលជាសម្ព័ន្ធក្រុមហ៊ុនតូចៗជាច្រើនទៀត ទទួលបានដីដាំដុះពីក្រុមហ៊ុន ភាពីម៉ិច មិនបានបង្ហាញពីមូលហេតុនៃការយឺតយ៉ាវបើកប្រាក់ឈ្នួលជូនកម្មករកម្មការិនីជាង ៣០០នាក់នោះទេ។ ក្រុមហ៊ុននេះបានបញ្ជាក់នៅក្នុងលិខិតសន្យាថា ក្រុមហ៊ុន អេស៊ាន បានផ្ដល់ការដ្ឋានដាំដុះដំឡូងមីនៅស្រុកក្រគរ លើទំហំដី ១,៣៣ម៉ឺនហិកតារ។ ដោយសារក្រុមហ៊ុន អេស៊ាន មិនគោរពកិច្ចព្រមព្រៀងលើការអភិវឌ្ឍដី និងកាតព្វកិច្ចថែរក្សាផ្លូវ និងស្ពាន បណ្ដាលឲ្យក្រុមហ៊ុន ឌាន ដា បាយអូ អេនើជី អ៊ិនវេសមិន ទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។