ក្រុមអ្នកបកប្រែឲ្យមេការជនជាតិចិន និងកម្មករដាំដំឡូងមីឲ្យក្រុមហ៊ុនចិន ដែលទទួលបានដីវិនិយោគបន្តពីក្រុមហ៊ុន ភាពីម៉ិច (Pheapimex)ព្រមានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ដើម្បីដាក់សម្ពាធឲ្យភាគីក្រុមហ៊ុន ពន្លឿនបើកប្រាក់ឈ្នួលដែលអាក់ខានបើកឲ្យពួកគាត់ជាងកន្លះឆ្នាំមកហើយនោះ។ អាជ្ញាធរថានឹងទប់ស្កាត់មិនឲ្យមានសកម្មភាពបិទផ្លូវនេះកើតឡើងទេ។
ក្រោយពីប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចំនួនបួនលើកនៅផ្ទះតំណាងក្រុមហ៊ុន ក្បែរការដ្ឋានដាំដំឡូងមី ឋិតនៅភូមិក្បាលដំរី នៃឃុំអន្សាចំបក់ ស្រុកក្រគរ មិនទទួលបានដំណោះស្រាយនោះ ក្រុមអ្នកតវ៉ាព្រមានប្រមូលគ្នា ២០០នាក់ ដើម្បីតវ៉ាបិទផ្លូវជាតិនៅថ្ងៃទី២០ ខែឧសភា វិញម្ដង។ ពួកគេថា បើទោះជាក្រុមហ៊ុននៅដំណើរការទៀត ក៏កម្មករភាគច្រើនលែងចង់ធ្វើដែរ ព្រោះតែលំបាកបើកប្រាក់។
តំណាងក្រុមអ្នកតវ៉ាម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ថា ក្រុមហ៊ុនបានបោកប្រាស់កម្មករ ដោយសន្យាបើកលុយឲ្យថ្ងៃនេះ ឬថ្ងៃនោះ ខណៈដែលកម្មករខ្លះស្ទើរដាច់បាយ និងជីវភាពកាន់តែដុនដាប។ លោកថា កាលពីថ្ងៃទី១៣ ខែឧសភា ក្រុមអ្នកតវ៉ារៀបនឹងបិទផ្លូវម្ដងហើយ ប៉ុន្តែបានអាជ្ញាធរចេញមុខមកសម្របសម្រួលឲ្យស្ងប់ចិត្តទៅវិញ៖ « ខ្ញុំមកតាំងឆ្នាំ២០១៤ ខែប្រាំ គឺប្រាក់ខែលំបាកបើករហូត ហើយអង្ករក៏ហូបអត់គ្រាន់ដែរ។ ហើយឥឡូវនេះ កម្មករមានគម្រោងបាតុកម្មបិទផ្លូវជាតិម៉ង។ និយាយទៅគម្រោងនេះត្រូវគិតគូរធ្វើមួយចំនួនធំហើយ ព្រោះអីនៅក្នុងការដ្ឋាននេះ ឥឡូវអត់សូវមានមនុស្សទេ គេចេញទៅផ្ទះអស់ហើយ »។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុនចិន ដាំដំឡូងមីនេះ ដើម្បីសុំបំភ្លឺចំពោះបញ្ហាយឺតយ៉ាវនៃការបើកប្រាក់ឈ្នួលជូនកម្មករបានទេ នៅថ្ងៃទី១៧ ខែឧសភា។ ប៉ុន្តែក្រុមហ៊ុនឈ្មោះ ឌាន ដា បាយអូ អេនើជី អ៊ិនវេសមិន គ្រុប (Dean Da Bio-energy Investment Group) ធ្លាប់ចេញលិខិតមួយច្បាប់ដោយបញ្ជាក់ថា ក្រុមហ៊ុនបានស្នើសុំបង្វិលសាច់ប្រាក់មួយចំនួនពីប្រទេសចិន ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលចិន ដើម្បីយកមកដោះស្រាយបើកប្រាក់ខែជូនកម្មករកម្មការិនី។ ក្នុងករណីរាជរដ្ឋាភិបាលប្រទេសចិន អនុញ្ញាតបង្វិលប្រាក់មកឲ្យក្រុមហ៊ុន នៅថ្ងៃទី៣០ ខែមេសា ក្រុមហ៊ុននឹងបើកឲ្យកម្មករកម្មការិនីមុនគេបង្អស់។
ប៉ុន្តែតំណាងកម្មករថា ជាលទ្ធផលនៃការបញ្ជាក់របស់ភាគីក្រុមហ៊ុននេះមិនបានដូចបំណងឡើយ ទើបភាគីក្រុមហ៊ុនសម្រេចលក់គ្រឿងចក្រចំនួនពីរគ្រឿង ដើម្បីដោះស្រាយប្រាក់ឈ្នួលជូនកម្មករមួយចំនួន។ ចំណែកការផ្ទេរប្រាក់ពីប្រទេសចិន ឬនីតិវិធីបើកប្រាក់ឈ្នួលឲ្យកម្មករ អ្នកបកប្រែ អ្នកបើកគ្រឿងចក្រ ឬអ្នកជួសជុលគ្រឿងចក្រមុនក្រោយយ៉ាងណានោះ ខាងកម្មករមិនបានដឹងនោះឡើយ។
ទាក់ទងបញ្ហានេះ អភិបាលស្រុកក្រគរ លោក ប៊ិន វណ្ណា ថាអាជ្ញាធរស្រុក និងមន្ទីរការងារ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ផង បានខ្នះខ្នែងសម្របសម្រួលដោះស្រាយបញ្ហានេះ។ ក្រុមការងារបានផ្ដល់អំណោយ និងជួយជំរុញឲ្យភាគីក្រុមហ៊ុន បើកប្រាក់ឈ្នួលជូនកម្មករបានមួយចំនួនហើយដែរ។ លោកថា ការដោះស្រាយបញ្ហាដោយបិទផ្លូវ មិនមែនជារឿងត្រឹមត្រូវ ហើយអាជ្ញាធរក៏មិនអនុញ្ញាតឲ្យធ្វើដែរ៖ « ប៉ូលិសប៉េអិមគេមិនឲ្យធ្វើអ៊ីចឹងទេ មុខតែបើកច្រកឲ្យឡានបើកហើយ ហើយដំណោះស្រាយដែលល្អ ពួកគាត់មិនមែនរឿងបិទផ្លូវទេ គឺបើគាត់ចង់បិទ ទៅផ្លូវទៅក្រុមហ៊ុនធំឯណោះ ធ្វើណោះទៅ ទាមទារ ឬបញ្ចេញមតិអីជាការល្អ។ ក្រុមហ៊ុនសន្យាថាថ្ងៃពុធ ដំណើរការបើកលុយទៀតហើយ »។
អនុប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ លោក កុល ប៊ុនធឿន ឲ្យដឹងថា បច្ចុប្បន្នមានកម្មករកម្មការិនីភាគច្រើនទទួលបានប្រាក់ឈ្នួលហើយ ខណៈភាគីក្រុមហ៊ុនសន្យាបើកឲ្យជាបន្តបន្ទាប់ទៀតនោះ។ លោកថា ក្រុមហ៊ុនមានកម្មកររាប់ពាន់នាក់ បានធ្វើការនៅក្នុងការដ្ឋានចំនួន ២៨ការដ្ឋាន ហើយបើទោះបីជាមានប្រាក់ខែទៀងទាត់ ក៏ក្រុមហ៊ុនត្រូវចំណាយពេលជាងកន្លះខែដែរ ទើបគ្រប់កម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។