ពលរដ្ឋចោទថា អាជ្ញាធរខេត្តព្រៃវែង បានតាមចាប់ខ្លួនពលរដ្ឋម្នាក់ដែលផ្ទុះកំហឹងយកដុំថ្មគប់ឡានពន្លត់អគ្គីភ័យ និងឡានប៉ូលិស ដោយសារមិនអាចជួយពន្លត់ភ្លើងឆេះផ្ទះពលរដ្ឋ ៤ខ្នង នៅភូមិស្នាយភ្លើង ឃុំព្រៃព្នៅ ស្រុកពារាំង កាលពីថ្ងៃចូលឆ្នាំទីមួយកន្លងទៅ។ រីឯស្នងការខេត្តព្រៃវែង តបថា ពុំមានអាជ្ញាធរណាតាមចាប់ខ្លួនពលរដ្ឋណាម្នាក់នោះទេក្នុងរឿងឆេះផ្ទះនេះ។
ពលរដ្ឋរស់នៅភូមិសាមគ្គី និងភូមិស្នាយភ្លើង ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង មានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា អាជ្ញាធរបានតាមចាប់ខ្លួនបុរសម្នាក់ដែលលេចមុខជាងគេក្នុងហេតុការណ៍ផ្ទុះកំហឹង យកដុំថ្មគប់ទៅលើរថយន្តពន្លត់អគ្គីភ័យ និងឡានរបស់ប៉ូលិស កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅ។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ លើកឡើងថា កាលពីថ្ងៃចូលឆ្នាំខ្មែរថ្ងៃទីមួយ គឺអគ្គីភ័យបានលេបត្របាក់ផ្ទះពលរដ្ឋ ៤ខ្នង ដោយសារឡានពន្លត់អគ្គីភ័យបានទៅដល់យឺត ហើយបានបណ្ដាលឲ្យពលរដ្ឋផ្ទុះកំហឹង រួចនាំគ្នាយកដុំថ្មគប់ទៅលើឡានពន្លត់អគ្គីភ័យ និងឡានប៉ូលិស ប៉ុន្តែមិនរងការខូចខាតធ្ងន់ធ្ងរនោះទេ។ ក្រោយមកទៀត ក៏ស្រាប់តែអាជ្ញាធរបានតាមរកចាប់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងហេតុការណ៍នោះ ប៉ុន្តែបច្ចុប្បន្ននេះ បុរសរូបនោះបានរត់គេចខ្លួនបាត់ទៅហើយ៖ « ដំបូងគ្រាន់តែគាត់ស្រែកទេ។ អ្នកខ្លះថាមកធ្វើអី គេពន្លត់រួចឆេះរួចហើយ។ ខ្លះទៀតថាដូរលេខ៤ ចេញទៅអីអ៊ីចឹង ហើយក៏ឈានទៅដល់គប់ដុំថ្មលើឡានបាញ់ទឹក ហើយពេលនោះក៏មានការសម្រួលគ្នា ប៉ុន្តែពេលល្ងាចក៏មានការស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រើដុំថ្មគប់លើរថយន្តពន្លត់អគ្គីភ័យនោះទៅ »។

មេឃុំព្រៃព្នៅ លោក សួរ ទ្រី អះអាងថា ពលរដ្ឋពិតជាផ្ទុះកំហឹង ហើយបានគប់ឡានពន្លត់អគ្គីភ័យ ៣ដុំឥដ្ឋ និងឡានប៉ូលិស ២ដុំឥដ្ឋពិតមែន។ ទោះយ៉ាងណា លោកពុំបានដឹងរឿងអាជ្ញាធរតាមចាប់ខ្លួនពលរដ្ឋណាម្នាក់នោះទេ។ លោកបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យឆេះផ្ទះ ដោយសារឆ្លងចរន្តអគ្គិសនី។
ម្ចាស់ផ្ទះរងគ្រោះ គឺលោកស្រី ស្រីម ឲ្យដឹងថា ផ្ទះរបស់ពួកគាត់បានឆេះរយៈពេល ៣០នាទីទៅហើយ ទើបឡានបាញ់ទឹកមកដល់។ រីឯករណីថាមានពលរដ្ឋផ្ទុះកំហឹង និងអាជ្ញាធរតាមចាប់ខ្លួនពលរដ្ឋនោះ គឺលោកស្រីពុំបានដឹងឡើយ ព្រោះមានអារម្មណ៍តក់ស្លុតពេក។ លោកស្រីបន្តថា ផ្ទះដែលឆេះទាំង ៤ខ្នងនោះ គឺមានផ្ទះកូនលោកស្រី ៣ខ្នង និងផ្ទះក្មួយ ១ខ្នង ដែលពួកគេខំប្រឹងកសាងឡើងតាមរយៈចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ លោកស្រីបន្តថា ពេលនេះគ្រួសារលោកស្រីគ្មានសល់អ្វីទីពឹងទៀតឡើយ៖ « សូមគាត់ ( អាជ្ញាធរ ) ជួយថវិកាខ្លះមក ខ្ញុំមិនដឹងទីពឹងអីទេ។ ខោអាវសល់តែមួយចង្កេះ ហើយឆេះខ្លោចខ្លួនទៀត »។
ទាក់ទងករណីនេះ ស្នងការខេត្តព្រៃវែង លោក ស្រេង ជា មានប្រសាសន៍ថា ឡានពន្លត់អគ្គីភ័យបានទៅដល់ក្នុងរយៈពេល ២០នាទីស្របតាមរយៈពេល និងចម្ងាយផ្លូវ។ ហេតុការណ៍កាលណោះ លោក ស្រេង ជា បានបញ្ជាឡានពន្លត់អគ្គីភ័យចេញពីស្រុកពារាំង មួយគ្រឿង ស្រុកស្វាយអន្ទរ មួយគ្រឿង និងទីរួមខេត្តមួយគ្រឿង។ លោកថា អាជ្ញាធរបានខិតខំជួយយ៉ាងខ្លាំង ទើបអាចជួយសង្គ្រោះផ្ទះដែលនៅជិតៗនោះ ហើយឆេះត្រឹមតែ ៤ខ្នង។ ទន្ទឹមគ្នានេះ លោកមិនបានបញ្ជាឲ្យអាជ្ញាធរតាមចាប់ពលរដ្ឋណាម្នាក់ឡើយ៖ « ខ្ញុំអត់មានបញ្ជាតាមចាប់ផង។ ម្យ៉ាងទៀត បើសិនជាករណីស៊ើបអង្កេត ទាល់តែខ្ញុំធ្វើសំណុំរឿងទៅព្រះរាជអាជ្ញា បើខ្ញុំអត់ធ្វើសំណុំរឿងទៅព្រះរាជអាជ្ញាផង តើមានពីណាតាមចាប់ »។
យ៉ាងណាក៏ដោយចុះ ពលរដ្ឋនៅមិនទាន់ជឿសម្ដីរបស់ស្នងការខេត្តនៅឡើយទេ ព្រោះក្រោយកើតហេតុ កម្លាំងប៉ូលិសជាច្រើននាក់ តែងតែចុះស្វែងរកមុខជនសង្ស័យម្នាក់ដែលរស់នៅភូមិសាមគ្គី ជាប់ភូមិកើតហេតុ ប៉ុន្តែរហូតដល់ពេលនេះ បុរសរូបនោះបានរត់គេចខ្លួនបាត់ស្រមោល។
ពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ក៏បានរិះគន់ពីភាពយឺតយ៉ាវក្នុងការបម្រើសេវាកម្មរបស់អាជ្ញាធរដែរ ទើបបណ្ដាលឲ្យផ្ទះ ៤ខ្នងត្រូវឆេះខ្ទេចខ្ទី។
ចំពោះអាជ្ញាធរវិញ នៅតែអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នកុំឲ្យមានអគ្គីភ័យឆាបឆេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។