ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា កម្លាំងជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញនគរបាលខេត្តនេះ ចុះឆែកឆេរកាស៊ីណូ និងភូមិគ្រឹះដែលជនជាតិចិន ធ្វើការ និងស្នាក់នៅចំនួន ២ទីតាំង ដើម្បីត្រួតពិនិត្យបទល្មើសចាប់ជំរិតឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត (Internet)។
ប្រតិបត្តិការនេះ ដែលចាប់ផ្ដើមពេញមួយថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី៣១ ខែតុលា សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ទាំង ២ភេទ ជាង ១០០នាក់ ដើម្បីត្រួតពិនិត្យលិខិតឆ្លងដែនដោយមានប៉ូលិសមកពីប្រទេសចិន ចូលរួមពិនិត្យផ្ទាល់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិសចិន និងកម្លាំងនគរបាលស្នងការខេត្តនេះ បានរកឃើញជនជាតិចិន ជិត ១៧០នាក់ ដើម្បីត្រួតពិនិត្យ។ លោកបន្តថា ក្នុងចំណោមជនជាតិចិន ដែលឃាត់ខ្លួននេះ គឺមានជនជាតិចិន មួយចំនួនត្រូវសមត្ថកិច្ចសង្ស័យមានអ្នកជាប់ពាក់ព័ន្ធបទល្មើសចាប់ជំរិតមនុស្សទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។
លោកស្នងការបញ្ជាក់បន្ថែមថា ការត្រួតពិនិត្យទីតាំងស្នាក់នៅ និងកាស៊ីណូ ជាកន្លែងធ្វើការរបស់ជនជាតិចិន ទាំងពីរទីតាំង គឺអាជ្ញាធរអនុវត្តតាមបច្ចេកទេស និងស្របតាមច្បាប់។ លោកបន្តថា ប្រតិបត្តិការឆ្មក់ចូលទីតាំងទាំងពីររបស់ជនជាតិចិន នៅខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ឃុន សំបូរ អគ្គរងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។
លោក ជួន ណារិន្ទ ថ្លែងបន្តថា ពេលនេះកម្លាំងជំនាញកំពុងត្រួតពិនិត្យឯកសារពាក់ព័ន្ធទៅលើជនជាតិចិន ដែលត្រូវបានឃាត់ខ្លួនទាំងនេះ។ លោកថា អ្នកមិនជាប់ពាក់ព័ន្ធបទល្មើសចាប់ជំរិតនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ។ ប៉ុន្តែចំពោះអ្នកជាប់ពាក់ព័ន្ធបទល្មើសនឹងត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានវិធានការបន្តតាមផ្លូវច្បាប់៖ «សមត្ថកិច្ចជំនាញបច្ចេកទេសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប៉ូលិសជំនាញខាងភាគីចិន បានរកឃើញថា មានជនសង្ស័យជាជាតិចិន ខ្លះដែលមកប្រកបការងារ និងស្នាក់នៅខេត្តព្រះសីហនុ មានជាប់ពាក់ព័ន្ធបទល្មើសគំរាមចាប់ជំរិតមនុស្សទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា។ ទីតាំងដែលយើងបានត្រួតពិនិត្យចំនួន ២កន្លែង នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា គឺនៅសណ្ឋាគារ ឬកាស៊ីណូ រ៉ូយ៉ាល់ ហ្គោលដិន (Royal Golden) រកឃើញជនជាតិចិន ចំនួន ៧៩នាក់ ហើយទីតាំងស្នាក់នៅរបស់ជនជាតិចិន មួយកន្លែងទៀតរកឃើញចំនួន ៨៩នាក់។ បច្ចុប្បន្នមន្ត្រីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីតុលាការកំពុងពិនិត្យលំអិតលើឯកសារពាក់ព័ន្ធរបស់ជនជាតិចិន ទាំងនោះ ដើម្បីវែករកមុខជនល្មើសពិតប្រាកដយកទៅផ្ដន្ទាទោស»។
ទោះយ៉ាងណា លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃសៅរ៍ ទី៣១ ខែតុលា មិនទាន់ដឹងច្បាស់ថា មានជនជាតិចិន ដែលជាប់សង្ស័យលើសំណុំរឿងប្រព្រឹត្តបទល្មើសចាប់ជំរិតមានចំនួនប៉ុន្មាននាក់ទេត្រូវនាំខ្លួនទៅកាន់ក្រសួងមហាផ្ទៃ ព្រោះខាងប៉ូលិសមកពីប្រទេសចិន និងមន្ត្រីតុលាការខេត្តព្រះសីហនុ កំពុងត្រួតពិនិត្យមិនទាន់ចប់ទេ៖ «យើងត្រូវញែកឲ្យដាច់រវាងមនុស្សជាប់ពាក់ព័ន្ធបទល្មើស និងអ្នកដែលមិនជាប់ពាក់ព័ន្ធបទល្មើស។ អ្នកមិនជាប់ពាក់ព័ន្ធបទល្មើសជាជនជាតិចិន ហើយមានលិខិតស្នាមស្នាក់នៅ និងប្រកបការងារស្របច្បាប់កម្ពុជា នឹងត្រូវដោះលែងឲ្យមានសេរីភាព និងប្រកបការងារជាធម្មតាវិញ។ ប៉ុន្តែបើជនជាប់សង្ស័យជាប់ពាក់ព័ន្ធបទល្មើស គឺត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ តាមសំណើរបស់ប៉ូលិសភាគីចិន ស្នើសុំ។ ករណីនេះព្រះរាជអាជ្ញារងតុលាការខេត្តព្រះសីហនុ ដឹកនាំដោយលោក ហួត វិចិត្រ និងលោកឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃុន សំបូរ អគ្គរងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងប៉ូលិសភាគីចិន កំពុងត្រួតពិនិត្យដោយយកចិត្តទុកដាក់លើសំណុំរឿងចាប់ជំរិតឆ្លង ដែននេះ»។
ត្រង់ចំណុចនេះ លោកស្នងការស្នើសុំការយោគយល់ ដែលសមត្ថកិច្ចមិនទាន់បង្ហាញតួលេខពិតលម្អិតរបស់ជនសង្ស័យលើសំណុំរឿងចាប់ជំរិតមនុស្សឆ្លងដែនពេលនេះ។
ទាក់ទិនបញ្ហានេះ លោក ប៊ួន ណារិទ្ធិ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ បានសាទរចំពោះចំណាត់ការត្រួតពិនិត្យទៅលើអត្តសញ្ញាណរបស់ជនបរទេសនានា ដែលចូលមកស្នាក់នៅ ឬប្រកបការងារក្នុងមូលដ្ឋាននេះ។ លោកសំណូមពរដល់កម្លាំងសមត្ថកិច្ចជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ពិសេសកម្លាំងនគរបាលខេត្តព្រះសីហនុ ត្រូវចុះត្រួតពិនិត្យសកម្មភាពរបស់ជនជាតិផ្សេងៗ ពិសេសជនជាតិចិន ដែលបានចូលមកស្នាក់នៅខេត្តព្រះសីហនុ ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំ២០១៥ នេះ។
ផ្ដើមពីបញ្ហានេះ លោក ប៊ួន ណារិទ្ធិ បង្ហាញការសង្ស័យទៅលើវត្តមានរបស់ជនជាតិចិន ដែលចូលមកស្នាក់នៅ និងប្រកបការងារច្រើនសន្ធឹកសន្ធាប់នាខេត្តព្រះសីហនុ នៅពេលបច្ចុប្បន្ននេះ មានរូបភាពគួរឲ្យចាប់អារម្មណ៍ ព្រោះជនជាតិចិន ទាំងនេះហ៊ានជួលសណ្ឋាគារប្រណិតៗ លំដាប់ផ្កាយ ឬជួលភូមិគ្រឹះ និងវិឡាធំស្កឹមស្កៃ មានតម្លៃខ្ពស់រាប់ម៉ឺនដុល្លារក្នុង ១ខែៗដើម្បីស្នាក់នៅ ឬធ្វើជំនួញជាដើម៖ «សព្វថ្ងៃនេះមានជនបរទេសចម្រុះជាតិសាសន៍បានសម្រុក មកធ្វើទេសចរណ៍ និងស្នាក់នៅប្រកបកិច្ចការងារផ្សេងៗ ក្នុងក្រុងព្រះសីហនុ ច្រើនសន្ធឹកសន្ទាប់។ ជនបរទេសទាំងនោះ មានដូចជាជនជាតិចិន ជនជាតិវៀតណាម និងជនជាតិច្រើនជាតិសាសន៍ទៀត។ ដូច្នេះខ្ញុំយល់ថា ការដែលសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះមកត្រួតពិនិត្យវត្តមានរបស់ជនបរទេសទាំងនេះ គឺជាការល្អ ហើយយើងជាសង្គមស៊ីវិលគាំទ្រចំពោះសកម្មភាពនេះ ដើម្បីឲ្យការអនុវត្តច្បាប់អន្តោប្រវេសន៍របស់កម្ពុជា មានប្រសិទ្ធភាព»។
យ៉ាងណាក៏ដោយចុះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្ដេជ្ញាថា នឹងមិនអនុញ្ញាតឲ្យជនបរទេសដែលចូលមកទេសចរណ៍ក្តី ឬចូលមកស្នាក់នៅធ្វើជំនួញនាមូលដ្ឋាននេះប្រព្រឹត្តបទល្មើសអនាធិបតេយ្យបានទេ។ លោកថា ជនបរទេសគ្រប់ជាតិសាសន៍ បើមានជាប់ពាក់ព័ន្ធបទល្មើសអ្វីមួយ ហើយសមត្ថកិច្ចរកឃើញកំហុសនឹងត្រូវនាំខ្លួនទៅផ្ដន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។