អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ប៉ោយប៉ែត​ពឹង​សង្គម​ស៊ីវិល​ជួយ​ឲ្យ​បាន​ចូល​ដឹក​ទំនិញ​នៅ​ព្រំដែន​ថៃ​វិញ

0:00 / 0:00

តំណាង​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍ ឬ​ហៅ​ថា​ម៉ូតូ​កង់​បី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចំនួន ៣​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា នាំ​គ្នា​ទៅ​រក​អន្តរាគមន៍​ពី​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ប៉ូលិស​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ ពួក​គាត់​អះអាង​ថា ប៉ូលិស​អន្តោប្រវេសន៍​ច្រក​នេះ​រារាំង​មិន​ឲ្យ​ពួក​គាត់​ចូល​ទៅ​ដឹក​ទំនិញ​នៅ​ព្រំដែន​ថៃ បាន​ដូច​ពេល​មុន​នោះ​ទេ។ ប្រធាន​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ប៉ោយប៉ែត អះអាង​ថា មូលហេតុ​ដែល​ធ្វើ​ដូច្នេះ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​នៅ​ច្រក​ព្រំដែន។

ក្រុម​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍​នៅ​ក្រុង​ប៉ោយប៉ែត ចាត់​ទុក​ការ​រារាំង​របស់​ប៉ូលិស​ច្រក​ព្រំដែន​មួយ​នេះ ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​ដឹក​ជញ្ជូន​របស់​ពលរដ្ឋ​ក្រីក្រ ដោយ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។

តំណាង​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត លោក លី ហួ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ សីហា ថា ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បណ្ដេញ​ពួក​គាត់​មិន​ឲ្យ​ចូល​ដឹក​ទំនិញ​នៅ​ព្រំដែន​ថៃ បាន​ដូច​ពេល​មុន​នោះ​ទេ។ លោក​អះអាង​ថា ពួក​គាត់​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​របរ​ដឹក​ទំនិញ​នៅ​ច្រក​ព្រំដែន​មួយ​នេះ រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

លោក​ទទូច​ឲ្យ​ប៉ូលិស អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ចូល​ទៅ​ដឹក​ទំនិញ​នៅ​ព្រំដែន​ថៃ ដូច​ដើម​វិញ៖ « តាក់ស៊ី​ពេញ​តែ​ផ្លូវ គេ​អត់​មាន​រៀបចំ​គេ ដេញ​តែ​ម៉ូតូ​កង់​ពួក​ខ្ញុំ។ ខ្ញុំ​ចូល​ផ្លូវ​ដើម​ពុទ្រា ក៏​គេ​មិន​ឲ្យ​ចូល​ដែរ ហើយ​មក​ដល់​បារាស់​ព្រំដែន ក៏​គេ​មិន​ឲ្យ​ចូល​ដែរ។ គេ​ឲ្យ​ពួក​ខ្ញុំ​ទៅ​កន្លែង​ផ្សេង មិន​ទៅ​មិន​កើត​ទេ ព្រោះ​ជា​កន្លែង​ដែល​ពួក​ខ្ញុំ​ធ្លាប់​រក​ស៊ី​ច្រើន​ឆ្នាំ​ហើយ »

តំណាង​អ្នក​រត់​ម៉ូតូ​កង់​បី​ទៅ​រក​អន្តរាគមន៍​ពី​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី (ពី​ស្ដាំ​រូប​ទី​ពីរ) នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
តំណាង​អ្នក​រត់​ម៉ូតូ​កង់​បី​ទៅ​រក​អន្តរាគមន៍​ពី​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី (ពី​ស្ដាំ​រូប​ទី​ពីរ) នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided (Photo Provided)

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ព្រំដែន​ប៉ោយប៉ែត លោក ស៊ឹម សំអាត មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​លោក​មិន​ឲ្យ​រ៉ឺម៉ក​ទេសចរណ៍​ចូល​ទៅ​ច្រក​ព្រំដែន​ថៃ ដោយសារ​ពួក​គាត់​ចត​គ្មាន​សណ្ដាប់ធ្នាប់។ លោក​បន្ថែម​ថា ការ​ធ្វើ​ដូច្នេះ​ដើម្បី​រៀបចំ​ចរាចរណ៍​នៅ​ច្រក​ព្រំដែន​មួយ​នេះ​ឲ្យ​បាន​មាន​សណ្ដាប់ធ្នាប់​ល្អ៖ « ពេល​ដែល​គាត់​ទៅ​ចត​ទីនោះ កាន់​តែ​ធ្វើ​ឲ្យ​ម៉ូតូ​ឌុប​មួយ​ចំនួន​ក៏​ចត​បាន​ដែរ ហើយ​ទូល​នំ​លក់​ក៏​គេ​ទៅ​លក់​បាន​ដូច​គ្នា ហើយ​ធ្វើ​ឲ្យ​អនាម័យ​គ្មាន និង​ស្ទះ​ចរាចរណ៍​គ្រប់​មធ្យោបាយ​តូច​ធំ​ទាំងអស់​ដែល​ឆ្លង​កាត់។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​ពួក​គាត់​ចេញ​មក​ខាង​ក្រៅ »

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី កត់​សម្គាល់​ថា យុទ្ធសាស្ត្រ​រៀបចំ​សណ្ដាប់ធ្នាប់​របស់​ប៉ូលិស​ច្រក​ព្រំដែន​មួយ​នេះ មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ ល្គឹកណា​ប៉ូលិស​មិន​ចាត់​វិធានការ​ទៅ​លើ​ឡាន​ដឹក​ទំនិញ​ធំៗ ឡាន​របស់​ក្រុមហ៊ុន​កាស៊ីណូ​ជាច្រើន​គ្រឿង​ដែល​ចត​គ្មាន​សណ្ដាប់ធ្នាប់​នោះ៖ « ការ​ធ្វើ​នេះ​មិន​យុត្តិធម៌​សម្រាប់​អ្នក​ក្រ និង​គ្មាន​របៀប​រៀបរយ​តាម​ស្តង់ដារ​ទេ។ មួយ​វិញ​ទៀត រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ឡើង​វិញ​ដើម្បី​ឲ្យ​អ្នក​ក្រីក្រ​តូចតាច​មាន​ដី​ចំណី​ផ្លូវ​បាន​រក​ស៊ី​ខ្លះ​ផង »

នៅ​ច្រក​ព្រំដែន​ក្រុង​ប៉ោយប៉ែត មាន​រ៉ឺម៉ក​ទេសចរណ៍​រត់​ឈ្នួល​ដឹក​ទំនិញ​ទាំងអស់​ជាង ៣០​គ្រឿង។ រហូត​មក​ទល់​ពេល​នេះ ពុំ​មាន​រ៉ឺម៉ក​ទេសចរណ៍​ណា​អាច​ចូល​ទៅ​ដឹក​ទំនិញ​នៅ​គល់​ស្ពាន​ច្រក​ព្រំដែន​ជាប់​ប្រទេស​ថៃ បាន​នៅ​ឡើយ​ទេ។ ពួក​គាត់​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ម្ដុំ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ដើម្បី​រង់ចាំ​មើល​ក្រែង​សមត្ថកិច្ច​ឲ្យ​ចូល​ទៅ​ដឹក​ទំនិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។