បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ស៊ើប​ករណី​សកម្មជន​​របស់​ខ្លួន​ដែល​ត្រូវ​ម៉ូតូ​បុក​ស្លាប់​ពេល​ដើរ​ឃោសនា

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខនារី​ឈរ​ឈ្មោះ​លេខ​រៀង​ទី​៣ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ត្រូវ​ម៉ូតូ​បុក​ស្លាប់​ពេល​ដើរ​ឃោសនា​រក​សំឡេង​ឆ្នោត។ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​រលាប គឺ​លោកស្រី ង៉ែត សុភាព បាន​ស្លាប់​នៅ​ពាក់​កណ្ដាល​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ បន្ទាប់​ពី​ម៉ូតូ​បុក​ពី​ក្រោយ​ពេញ​ទំហឹង​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ភូមិ​ព្រែកត្នោត ក្នុង​សង្កាត់​រលាប នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក ថ្ងៃ​ទី​២៤ ខែ​ឧសភា។

សាក្សី​នៅ​កន្លែង​កើត​ហេតុ និង​ជា​អ្នក​រួម​ដំណើរ​ឃោសនា លោក ណុំ រ៉ុន រៀបរាប់​ថា ជន​រងគ្រោះ​កំពុង​ដើរ​លើ​ចិញ្ចើម​ផ្លូវ​ផ្នែក​ខាង​ស្ដាំ​បន្ទាប់​ពី​ចូល​បិទ​ខិត្តប័ណ្ណ​គោលនយោបាយ​របស់​គណបក្ស នៅ​ក្នុង​ផ្ទះ​ពលរដ្ឋ ស្រាប់​តែ​មាន​ក្មេង​ស្ទាវ​ពីរ​នាក់​បើក​ម៉ូតូ​ម៉ាក់​សង់​សេរី​​២០១០ យ៉ាង​លឿន មក​ដល់​ផ្លូវ​កោង​មិន​បន្ថយ​ល្បឿន ជ្រុល​ទៅ​បុក​ជន​រងគ្រោះ​ពេញ​ទំហឹង​អូស​ប្រហែល ៥​ម៉ែត្រ៖ «ផ្លូវ​ហ្នឹង​ជា​ផ្លូវ​កែង ប៉ុន្តែ​វា​ជិះ​លឿន​បណ្ដោយ អត់​មាន​គិត​ថា កន្លែង​ហ្នឹង​មាន​យើង​ឃោសនា​អី​ទេ។ បើ​តាម​ខ្ញុំ​យល់​អ៊ីចេះ​ទេ ក្មេង​ហ្នឹង​ប្រហែល​ជក់​ថ្នាំ វា​ពុល​ថ្នាំ​វា​ដូច​អត់​សូវ​ដឹង​អី»

លោក​បញ្ជាក់​ថា ក្រុម​ការងារ​ដែល​កំពុង​ហែ​ក្បួន​មាន​គ្នា​ជាង ១០​នាក់ បាន​ព្យាយាម​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ប៉ុន្តែ​ដោយ​ឈាម​ហូរ​តាម​មាត់ និង​ច្រមុះ​ច្រើន​ពេក ទើប​ទូរស័ព្ទ​ហៅ​ឡាន​ពេទ្យ។ ចម្ងាយ​ផ្លូវ​ពី​មន្ទីរពេទ្យ​មក​កន្លែង​កើត​ហេតុ​​ប្រមាណ ៣​គីឡូម៉ែត្រ ឡាន​ពេទ្យ​ចំណាយ​ពេល​ប្រហែល ១​ម៉ោង​ទើប​មក​ដល់ និង​ដឹក​ទៅ​សង្គ្រោះ ស្រប​ពេល​ជន​រងគ្រោះ​ហូរ​ឈាម​ស្ទើរ​ខ្សោះ​ទៅ​ហើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក រស់ ចំរើន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា។
ប៉ុន្តែ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ លោក ច័ន្ទ សុខា បញ្ជាក់​ថា ក្រុម​ឡាន​សង្គ្រោះ​ពុំ​មាន​ចេតនា​ណា​មួយ​ក្នុង​ការ​ពន្យារ​ចេញ​ឡាន​ទៅ​ដឹក​ជន​រង​គ្រោះ​មក​សង្គ្រោះ​នោះ​ទេ ប៉ុន្តែ​អ្នក​ទូរស័ព្ទ​ហៅ​ឡាន​ពេទ្យ​ប្រាប់​ប្លង់​មិន​ច្បាស់​ទើប​ធ្វើ​ឲ្យ​អ្នក​បើក​ច្រឡំ​ផ្លូវ។

លោក​រំលឹក​ថា គ្រប់​ករណី​សង្គ្រោះ គ្រូពេទ្យ​ប្រើ​គ្រប់​វិធីសាស្ត្រ និង​អស់​លទ្ធភាព បើ​ទោះ​បី​ជា​ជន​រងគ្រោះ​នៅ​ដង្ហើម​ចុង​ក្រោយ៖ «បើ​ទោះ​បី​ថា​ដឹង​ស្លាប់​ហើយ ត្រូវ​តែ​មាន​ការ​សង្គ្រោះ​ចុង​ក្រោយ ដូចជា​យើង​ដាក់​អុកស៊ីហ្សែន ដាក់​សេរ៉ូម យើង​ម៉ាស្សា​អ៊ីចឹង​ទៀត​ដូច​ថា អា​ហ្នឹង​ជា​ជីវិត​ចុង​ក្រោយ តែ​យើង​ត្រូវ​សាកល្បង​ជួយ​ទៀត»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថា​លោក​នឹង​ចុះ​អង្កេត​លម្អិត​ជុំវិញ​ករណី​នេះ ដោយ​លោក​បារម្ភ​ក្រែង​មិន​មែន​ជា​គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ៖ «ព្រោះ​គាត់​នៅ​ក្នុង​ដំណើរ សកម្មភាព​ឃោសនា​រក​សំឡេង​គាំទ្រ ហើយ​ផ្លូវ​នេះ​មិន​មែន​ចរាចរ​មមាញឹក​ខ្លាំង ផ្លូវ​ស្រឡះ​សោះ ហើយ​គ្នា​រង​គ្រោះ​ជា​អ្នក​កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ហើយ​ម៉ូតូ​មក​បុក»

ទោះ​ជា​យ៉ាង​ណា ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត និង​អ្នក​ដើរ​ជាមួយ​ជន​រង​គ្រោះ​ក្នុង​ពេល​ហេតុការណ៍​គ្រោះ​ថ្នាក់​កើត​ឡើង​សន្និដ្ឋាន​ថា គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​ដោយ​ចៃដន្យ ព្រោះ​កន្លែង​កើត​ហេតុ​ឋិត​នៅ​ចំ​ចំណុច​ផ្លូវ​កោង ហើយ​អ្នក​បើក​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន ទើប​មាន​គ្រោះ​ថ្នាក់​កើត​ឡើង មិន​មែន​ជា​ការ​យាយី ឬ​ធ្វើ​បាប​ទៅ​លើ​បក្ស​ប្រឆាំង​នោះ​ទេ។

បច្ចុប្បន្ន​អ្នក​បង្ក​ម្នាក់ បាន​រត់​គេច​ខ្លួន និង​ម្នាក់​របួស​ក្បាល​ធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ។ ចំណែក​សព​លោកស្រី ង៉ែត សុភាព ដែល​ប្ដី​ទើប​ស្លាប់​ចោល​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​មុន​ដែរ​នោះ បាន​បន្សល់​ទុក​កូន ៤​នាក់ នៅ​ជាមួយ​ម្ដាយ និង​សាច់​ញាតិ​មើល​ថែ និង​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​លោកស្រី​នៅ​ភូមិ​ឆ្លង​កាត់​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។