រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ សម្រាប់រៀបចំផ្ទេរការគ្រប់គ្រងផ្នែកលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេស ដែលចូលទស្សនាអង្គរពីក្រុមហ៊ុនឯកជនសុខាអូតែល មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវិញឲ្យទាន់ដើមឆ្នាំ២០១៦ ខាងមុខនេះ។
ការបង្កើតគណៈកម្មការដែលមកពីស្ថាប័នចម្រុះរបស់រដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានប្រកាសដកហូតសិទ្ធិគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរ ពីក្រុមហ៊ុនសុខាអូតែល កាលពីអំឡុងខែវិច្ឆិកា មក។
តើប្រជាពលរដ្ឋ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប មានចំណាប់អារម្មណ៍យ៉ាងណាចំពោះការប្រកាសដកសិទ្ធិលក់សំបុត្រចូលទស្សនាអង្គរពីក្រុមហ៊ុនសុខាអូតែល នេះ?
ប្រជាពលរដ្ឋ និងមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួននៅទីរួមខេត្តសៀមរាប បានបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាល ដែលសម្រេចដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនសុខាអូតែល មិនឲ្យលក់សំបុត្រជូនភ្ញៀវទេសចរ ដែលចូលទស្សនាអង្គរជាបន្តទៅទៀតនេះ។
ពួកគេចង់ឃើញរដ្ឋាភិបាលគ្រប់គ្រងការលក់សំបុត្រជូនភ្ញៀវទេសចរបរទេស ចូលទស្សនាអង្គរដោយគ្រប់គ្រងចំណូលជាតិឲ្យបានត្រឹមត្រូវ និងមានតម្លាភាព ដែលអាចឲ្យជឿទុកចិត្តបាន។
បុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវទេសចរកម្សាន្តនៅតាមតំបន់អង្គរ ក្នុងចំណោមអ្នករត់រ៉ឺម៉កជាច្រើនទៀតដែលកំពុងអង្គុយរង់ចាំម៉ូយ គឺលោក សេង រ៉េត។ គាត់មានប្រសាសន៍ដោយយល់ឃើញថា រដ្ឋាភិបាលដែលដកហូតសិទ្ធិគ្រប់គ្រងការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរ ពីក្រុមហ៊ុនសុខាអូតែល ដែលជារបស់លោកឧកញ៉ា សុខ គង់ នេះ គឺជាការល្អ ហើយប្រហែលជាចំណូលថវិកាជាតិបានច្រើនជាងមុន ដោយសារតែមិនបែងចែកទៅឲ្យក្រុមហ៊ុន។ បុរសដដែលរំពឹងទុកថា នៅពេលដែលរដ្ឋាភិបាលគ្រប់គ្រងការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេស ចូលទស្សនាអង្គរដោយខ្លួនឯងនោះ គាត់យល់ថា ចំណូលដែលបានពីទេសចរខ្លះ អាចនឹងយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងធ្លាក់មកក្នុងដៃប្រជាពលរដ្ឋបានច្រើនជាងកាលពីពេលមុន៖ «រឿងក្រុមហ៊ុន ខ្ញុំក៏មិនដឹងថា គេបានចំណូលគេយកទៅធ្វើអ្វីខ្លះទេ? ប៉ុន្តែខ្ញុំចង់ឲ្យរដ្ឋាភិបាល រៀបចំគ្រប់គ្រងដោយខ្លួនឯង ពីព្រោះប្រាសាទអង្គរវត្តជារបស់ខ្មែរ»។
យុវជនវ័យក្មេងម្នាក់ទៀតជាអ្នករត់រ៉ឺម៉កម៉ូតូដូចគ្នា គឺលោក សឿន បណ្ឌិត មានប្រសាសន៍ថា លោកគាំទ្ររដ្ឋាភិបាលដែលដកហូតសិទ្ធិនៃការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេស ចូលទស្សនាអង្គរពីក្រុមហ៊ុននេះ ក៏ប៉ុន្តែអ្វីដែលលោកចង់បាន គឺនៅពេលដែលរដ្ឋាភិបាលជាអ្នកគ្រប់គ្រងដោយខ្លួនឯង ត្រូវតែមានតម្លាភាពលើប្រាក់ចំណូលឲ្យច្បាស់លាស់៖ «សង្ឃឹមថាប្រយោជន៍នេះមកដល់ប្រជាពលរដ្ឋខ្មែរឲ្យបានច្បាស់លាស់។ សង្ឃឹមថា ការប្ដូរពីក្រុមហ៊ុន ហើយរដ្ឋាភិបាលគ្រប់គ្រង គឺគិតពីប្រយោជន៍ប្រជាពលរដ្ឋជាធំ»។
កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ ប្រមុខរដ្ឋាភិបាលបានប្រកាសដកសិទ្ធិលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរ ពីក្រុមហ៊ុនសុខាអូតែល ដែលជារបស់លោកឧកញ៉ា សុខ គង់ បន្ទាប់ពីរដ្ឋាភិបាលបានចុះកិច្ចសន្យាប្រគល់សិទ្ធិចាត់ចែងទៅឲ្យក្រុមហ៊ុននេះរយៈពេលវែងមក។

បន្ទាប់ពីប្រកាសដកហូតសិទ្ធិលក់សំបុត្រចូលទស្សនាអង្គរពីក្រុមហ៊ុនមក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ ដើម្បីបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់រៀបចំនីតិវិធីផ្ទេរការគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរនេះ ទៅឲ្យស្ថាប័នចម្រុះរបស់រដ្ឋាភិបាល។ ក្នុងសេចក្តីសម្រេចនោះ រដ្ឋាភិបាលកំពុងឈានទៅរកការបង្កើតគណៈកម្មការចំពោះកិច្ច សម្រាប់រៀបចំនីតិវិធីផ្ទេរការគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរមួយ ដែលមានសមាសភាពចម្រុះស្ថាប័ន ដូចជាមកពីទីស្ដីការគណៈរដ្ឋមន្ត្រី មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកពីក្រសួងទេសចរណ៍ មកពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងអាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប ជាដើម។
ទោះយ៉ាងណា មិនមានមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងគណៈកម្មការចំពោះកិច្ចណាមួយ ហ៊ានអធិប្បាយចំពោះការគ្រប់គ្រងលើការលក់សំបុត្រចូលទស្សនាអង្គរ ដែលនឹងផ្ទេរពីក្រុមហ៊ុនយ៉ាងណានៅឡើយទេរហូតមកដល់ពេលនេះ។
មគ្គុទ្ទេសក៍ទេសចរណ៍ដែលតែងនាំភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ មួយរូបសុំមិនបញ្ចេញឈ្មោះ ក៏បានសម្ដែងការគាំទ្រចំពោះរដ្ឋាភិបាល ដែលសម្រេចដកហូតសិទ្ធិលក់សំបុត្រចូលទស្សនាអង្គរពីក្រុមហ៊ុនឯកជនដែរ ក៏ប៉ុន្តែគាត់នៅតែភ័យព្រួយលើបញ្ហាជាច្រើន នៅពេលដែលការគ្រប់គ្រងនេះស្ថិតនៅក្រោមការចាត់ចែងរបស់មន្ត្រីរដ្ឋាភិបាល៖ «ខ្ញុំខ្លាចគ្រាន់តែគេថាដកពីក្រុមហ៊ុន ទៅគ្រប់គ្រងដោយរដ្ឋ ប៉ុន្តែភាពពិត គឺឲ្យទៅឯកជនគ្រប់គ្រងវិញដដែល។ បើសិនរដ្ឋាភិបាលគ្រប់គ្រងត្រូវមានគណៈកម្មការឲ្យច្បាស់លាស់ កុំឲ្យបុគ្គលិករដ្ឋធ្វើការខ្ជីខ្ជា»។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏សម្ដែងការគាំទ្រដូចគ្នានឹងប្រជាពលរដ្ឋដែរ ដោយគេយល់ថា ការដកហូតសិទ្ធិលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេស ចូលទស្សនាអង្គរពីក្រុមហ៊ុនឯកជន គឺជាការត្រឹមត្រូវ ពីព្រោះអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក និងក៏ជារបស់ជាតិខ្មែរ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ក្នុងនាមលោក គឺស្វាគមន៍ចំពោះរដ្ឋាភិបាលដែលបង្កើតគណៈកម្មការចំពោះកិច្ចមកពីស្ថាប័នចម្រុះ ដើម្បីគ្រប់គ្រងការលក់សំបុត្រឲ្យភ្ញៀវទេសចរចូលទស្សនាអង្គរ។ លោក ព្រាប កុល យល់ថា វាគឺជារឿងត្រឹមត្រូវ ប៉ុន្តែអ្វីដែលលោកចង់ឃើញ គឺគណៈកម្មការមួយនេះត្រូវបង្កើតឲ្យមានយន្តការច្បាស់លាស់ ចំពោះចំណូល និងចំណាយដែលបានពីការលក់សំបុត្រនោះ៖ «យន្តការហ្នឹង គឺត្រូវធានាឲ្យមានតម្លាភាព ក្នុងការផ្សព្វផ្សាយចំណូល និងចំណាយ។ ចំណុចទី២ ត្រូវមានការត្រួតពិនិត្យ ការធ្វើវិសោធនកម្មដោយស្ថាប័នឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ការចំណាយ និងចំណូល ហើយរបាយការណ៍សវនកម្មត្រូវផ្សព្វផ្សាយជាសាធារណៈ»។
មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា គណៈកម្មការចំពោះកិច្ចដែលបង្កើតឡើងដោយស្ថាប័នចម្រុះច្របាច់បញ្ចូលគ្នានេះ អាចនឹងរៀបចំនីតិវិធីផ្ទេរការគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរពីក្រុមហ៊ុនសុខាអូតែល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចាប់ពីដើមឆ្នាំ២០១៦ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។