ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា យល់ថា ប្រសិទ្ធភាពក្នុងការដោះស្រាយអំពើពុករលួយនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើទោះជាសព្វថ្ងៃ កម្ពុជា មានច្បាប់ និងស្ថាប័នប្រឆាំងអំពើពុករលួយក៏ដោយ។
ការកត់សម្គាល់បែបនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការទី១០នៃរដ្ឋសភាមួយនេះ ជួបពិភាក្សាការងារជាមួយមន្ត្រីអង្គការតម្លាភាពកម្ពុជា នៅមន្ទីររដ្ឋសភា នៅថ្ងៃទី១៩ ខែកញ្ញា ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងដ៏កម្រមួយពីមុនមក។
មន្ត្រីមកពីអង្គការតម្លាភាពកម្ពុជា ដឹកនាំដោយ លោក ព្រាប កុល ចូលជួបគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដូចការគ្រោងទុកតាមការអញ្ជើញរបស់គណៈកម្មការនេះ ដើម្បីពិភាក្សាពាក់ព័ន្ធនឹងតម្លាភាព និងការរិះរកមធ្យោបាយប្រឆាំងអំពើពុករលួយនៅកម្ពុជា។
ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា លោក ហូរ វ៉ាន់ ថ្លែងថា បើទោះជាកម្ពុជា មានច្បាប់ប្រឆាំងអំពើពុករលួយ មានអង្គភាពប្រឆាំងអំពើពុករលួយ មានអង្គការសង្គមស៊ីវិល និងមានការចូលរួមរបស់ពលរដ្ឋក៏ដោយ ក៏ប៉ុន្តែប្រសិទ្ធភាពនៃការប្រឆាំងអំពើពុករលួយនៅមានកម្រិតនៅឡើយ។ លោក ហូរ វ៉ាន់ បន្ថែមថា ដើម្បីឲ្យការងារប្រឆាំងអំពើពុករលួយ ឬការត្រួតពិនិត្យការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយមានប្រសិទ្ធភាព វាទាមទារឲ្យមានឆន្ទៈមោះមុតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះថា អំពើពុករលួយជាបញ្ហាសម្រាប់ប្រទេសជាតិទាំងមូល មិនមែនជារបស់គណបក្សនយោបាយណាមួយឡើយ។
លោកថា គណៈកម្មការទី១០របស់លោក តាំងចិត្តធ្វើយ៉ាងណាព្យាយាមកាត់បន្ថយអំពើពុករលួយ និងជំរុញឲ្យមានការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព៖ «សុំឲ្យឆន្ទៈនេះមោះមុតជានិច្ច ដើម្បីឲ្យយើងធ្វើការប្រឆាំងអំពើពុករលួយ ឬក៏ត្រួតពិនិត្យការអនុវត្តការប្រឆាំងអំពើពុករលួយរបស់រដ្ឋសភាមានប្រសិទ្ធភាព ត្រូវតែផ្ដោតទៅលើឆន្ទៈដ៏មោះមុតគ្រប់អង្គភាព គ្រប់ស្ថាប័នដើម្បីចាប់ដៃគ្នា កាត់បន្ថយភាពពុករលួយនេះឲ្យបានសំខាន់ គឺយើងបង្កើនការអនុវត្តច្បាប់ដែលយើងមាន ច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់សវនកម្ម។ល។»។
ទោះយ៉ាងណា លោក ហូរ វ៉ាន់ ថា ដើម្បីឲ្យការងារប្រឆាំងអំពើពុករលួយមានប្រសិទ្ធភាព លុះណាតែមានការកែលំអកត្តាចាំបាច់មួយចំនួន ដូចជា ការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ព្រោះថា ច្បាប់ប្រឆាំងអំពើពុករលួយសព្វថ្ងៃ រឹតត្បិតទៅលើអ្នកដែលហ៊ានរាយការណ៍ពីអំពើពុករលួយ ហើយដែលអាចមានទោសទណ្ឌទៀតផង។ លោកថា ផ្ទុយទៅវិញ ច្បាប់គួរតែលើកទឹកចិត្តដល់អ្នកដែលហ៊ានរាយការណ៍ពីករណីពុករលួយ។
លោក ហូរ វ៉ាន់ បញ្ជាក់ថា នេះគឺជាគំនិត និងអនុសាសន៍មួយចំនួន ដែលលោក និងគណៈកម្មការទី១០ ទទួលបានពីអង្គការតម្លាភាពកម្ពុជា។ នៅក្នុងជំនួបជាង ២ម៉ោងជាមួយគណៈកម្មការទី១០ អង្គការតម្លាភាពកម្ពុជា បានធ្វើបទបង្ហាញ និងផ្តល់របាយការណ៍សិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងអំពើពុករលួយរបស់ខ្លួន ទៅឲ្យគណៈកម្មការនេះ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ឲ្យដឹងនៅក្រោយជំនួបនោះថា ឯកសារដែលក្រុមលោកប្រគល់ឲ្យគណៈកម្មការទី១០ មានដូចជា របាយការណ៍សន្ទស្សន៍វាស់វែងអំពើពុករលួយ របាយការណ៍ប្រព័ន្ធសុចរិតភាពថ្នាក់ជាតិឆ្នាំ២០១៤ ដែលអង្គការលោកទើបបានចេញផ្សាយកាលពីពេលថ្មីៗនេះ និងឯកសារសំខាន់ៗផ្សេងទៀត។ លើសពីនេះ ក៏មានការពិភាក្សាផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមកផងដែរ។
លោក ព្រាប កុល៖ «អនុសាសន៍យើងសំខាន់ៗនោះមានតាំងពីកំណែទម្រង់ប្រព័ន្ធតុលាការ ដែលបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា នៅមានបញ្ហាប្រព័ន្ធសុចរិតភាពនៅខ្សោយ ហើយនៅមានឥទ្ធិពលនយោបាយ មានបញ្ហាពុករលួយនៅក្នុងតុលាការហ្នឹង ហើយកែទម្រង់ច្បាប់មួយចំនួនដែលទើបតែអនុម័ត ៣កន្លងទៅហ្នឹង យើងបានផ្តល់អនុសាសន៍ឲ្យពិនិត្យមើលទៅលើការអនុម័តច្បាប់ ស្ដីពីការទទួលព័ត៌មានឲ្យបានឆាប់កាន់តែប្រសើរ ព្រោះឥឡូវនេះ ស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងព័ត៌មាន»។
លោក ហូរ វ៉ាន់ ថ្លែងថា អ្វីដែលគណៈកម្មការលោកត្រូវធ្វើនោះ គឺបន្តត្រួតពិនិត្យការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងវិភាគលើពាក្យបណ្ដឹងដែលគណៈកម្មការលោកទទួលបាន ព្រមទាំងពិនិត្យមើលការអនុវត្តការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ក្រៅពីអង្គការតម្លាភាពកម្ពុជា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយរដ្ឋសភា ដែលមានសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ធ្វើជាក្បាលម៉ាស៊ីនដឹកនាំនោះ ក៏បានកោះហៅមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយចូលជួប ដើម្បីសួរនាំពីការអនុវត្តការងាររបស់ពួកគេក្នុងពេលកន្លងមក។
លោក ហូរ វ៉ាន់ ឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងមកលោករួចហើយថា ពួកគេរង់ចាំប្រជុំបូកសរុបការងារនៅដំណាច់ខែកញ្ញា នេះជាមុនសិន មុននឹងចូលជួបតាមការកោះហៅរបស់គណៈកម្មការទី១០របស់សភា។ បើតាម លោក ហូរ វ៉ាន់ ការប្រជុំនេះអាចនឹងធ្វើឡើងនៅក្នុងខែតុលា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។