សាលា​ក្រុង​សម្រេច​ពិភាក្សា​ថា​នឹង​សាងសង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​ចាម​បឹងកក់

0:00 / 0:00

អភិបាល​រាជធានី ភ្នំពេញ ថា​ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម និង​តម្រង់​របង​វិហារ​ចាម ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​បឹងកក់។ ប៉ុន្តែ​សាលា​ក្រុង​ផ្តល់​លទ្ធភាព​ដល់​អ្នក​ពាក់ព័ន្ធ​រក​តំណាង​របស់​ខ្លួន​មក​ប្រជុំ​សម្រេច​ចុង​ក្រោយ ដែល​ការងារ​នេះ​អភិបាល​ខណ្ឌ​ដូនពេញ ជា​អ្នក​ទទួល​បន្ទុក។

សាលា​រាជធានី​ភ្នំពេញ សម្រេច​ពិភាក្សា​ថា​នឹង​សាងសង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​បឹងកក់ ឬ​វិហារ​អាល់សាកាល់ បើ​ទោះ​បី​ជា​មាន​បញ្ហា​ចម្រូងចម្រាស​ជំទាស់​នឹង​គម្រោង​នេះ​កន្លង​មក​ក្ដី។

ថ្លែង​នៅ​មុខ​វិហារ​ចាម​បឹងកក់ ឬ​វិហារ​អាល់សាកាល់ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់​ថា សាលា​ក្រុង​នឹង​ប្រើ​ប្លង់​មេ ឬ​ម៉ាស្ទើ​ភ្លែន​ចុង​ក្រោយ​របស់​សាលា​ក្រុង ដើម្បី​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម។ លោក​ថា​នឹង​សាងសង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​បឹងកក់ ឬ​វិហារ​អាល់សាកាល់ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ៖ « គឺ​យើង​មាន​ប្លង់​ហើយ ខាង​នេះ​អត់​មាន​អី​ទេ គ្រាន់​តែ​យើង​តម្រង់​របង ផ្ទៃក្រឡា​នៅ​ដដែល ហើយ​នៅ​ផ្នែក​ខាង​ក្នុង​នេះ យើង​នឹង​យក​ប្លង់​ទៅ​ជជែក​តំណាង​វិហារ​បន្ថែម​ទៀត។ យើង​អត់​មាន​ជម្រើស​ទេ ប្លង់​ចុង​ក្រោយ​របស់​យើង គឺ​ត្រូវ​អ៊ីចឹង »

ក្រៅ​ពី​លើក​ឡើង​ទាក់ទង​រឿង​ធ្វើ​ផ្លូវ​នេះ លោក ប៉ា សុជាតិវង្ស ក៏​លើក​ឡើង​ពី​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់​ដែរ។ លោក​អភិបាល​ប្រាប់​ពលរដ្ឋ​ជ្រើសរើស​តំណាង​របស់​ខ្លួន ដើម្បី​ជជែក​រក​ដំណោះស្រាយ​ជាមួយ​សាលា​ក្រុង។

វិហារ​ឥស្លាម​ថ្មី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៥។
វិហារ​ឥស្លាម​ថ្មី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ មីនា ២០១៥។ (RFA/Tin Zakariya)

វេទិកា​ដែល​ចាប់​ផ្តើម​នៅ​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​ដដែល លោក ប៉ា សុជាតិវង្ស ប្រកាស​បិទ​វេទិកា​ដំណាល​គ្នា​នោះ​ដែរ ស្ត្រី​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ម្នាក់ ឡើង​សុំ​ថ្លែង​ដើម្បី​ដាក់​សំណើ​ទៅ​លោក​អភិបាល​ក្រុង ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ទេ។ នៅ​ពេល​នោះ​ដែរ មាន​ការ​ប្រតាយប្រតប់​គ្នា​រវាង​ស្ត្រី​រូប​នោះ​ជាមួយ​អ្នក​ភូមិ​បឹងកក់​ផ្សេង​ទៀត។

ការ​ថ្លែង​បែប​នេះ​របស់​លោក ប៉ា សុជាតិវង្ស នៅ​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​គម្រោង​អភិវឌ្ឍន៍​បឹងកក់​ថ្ងៃ​ទី​៧ ខែ​កញ្ញា មុខ​វិហារ​ចាម​បឹងកក់ ដែល​មាន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ជនជាតិ​ចាម និង​អ្នក​ពាក់ព័ន្ធ​ប្រមាណ ៣០០​នាក់​ចូលរួម។

ចំណែក​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ដែល​តែងតែ​ចេញ​មុខ​ប្រឆាំង​ការ​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ចាម នៅ​តែ​ទទូច​ឲ្យ​សាលា​ក្រុង​ធ្វើ​ផ្លូវ​វាង​ដែល​ធ្វើ​តាម​របង​វិហារ។ លោក​ស្នើ​ឲ្យ​សាលា​ក្រុង បង្ហាញ​ប្លង់​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​ក្រុម​ពលរដ្ឋ​យក​មក​ជជែក​គ្នា៖ « ធ្វើ​វាង​បន្តិច​ទៅ តាម​របង​អ៊ីចឹង​ទៅ។ ខ្ញុំ​ជឿ​ថា យើង​ធ្វើ​កើត មិន​មែន​ធ្វើ​អត់​កើត​ទេ ខ្លាច​តែ​អត់​ចង់​ធ្វើ »

ក្រៅ​ពី​បង្ហាញ​គម្រោង​នេះ​ដែរ លោក ប៉ា សុជាតិវង្ស ស្នើ​ឲ្យ​ពលរដ្ឋ​យោគយល់។ លោក​ថែម​ទាំង​អះអាង​ថា គម្រោង​ធ្វើ​ផ្លូវ​នេះ​នៅ​ពេល​ការ​ពង្រីក​ប៉ះពាល់​ផ្ទះ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ សាលា​ក្រុង​នឹង​សង​ដី​ដែល​បាត់បង់​នោះ​វិញ។

កន្លង​ទៅ គម្រោង​សាងសង់​ផ្លូវ​ឆ្លង​កាត់​របង​វិហារ​បឹងកក់ ត​ភ្ជាប់​ទៅ​នឹង​ដី​របស់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) នោះ ត្រូវ​បាន​សាសនិក​ឥស្លាម លើក​ឡើង​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រតិបត្តិ​សាសនា​ឥស្លាម ដែល​វិហារ​ជា​ទីកន្លែង​ស្ងប់ស្ងាត់​សម្រាប់​សាសនិក​ឥស្លាម ទាំងអស់​ថ្វាយ​បង្គំ។ ការ​ខ្វែង​គំនិត​គ្នា​នេះ​ដែរ ធ្វើ​ឲ្យ​ពូ​ក្មួយ​ដែល​ជា​ថ្នាក់​ដឹកនាំ​ជនជាតិ​ចាម ប្ដឹង​ផ្តល់​គ្នា​ទៅ​តុលាការ។ រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អូស្មាន ហាស្សាន់ ជា​ក្មួយ បាន​ប្ដឹង​លោក​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ជា​ពូ​ទៅ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។