បុរសជនជាតិអូស្ត្រាលីម្នាក់ដែលអាជ្ញាធរថៃ តាមចាប់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មមួយកើតឡើងនៅក្រុងប៉ាតាយ៉ា (Pattaya) ប្រទេសថៃ កាលពីចុងខែវិច្ឆិកា ត្រូវបានអាជ្ញាធរកម្ពុជា បណ្ដេញចេញតាមច្រកអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែធ្នូ នេះ។ ការបណ្ដេញនេះ គឺបន្ទាប់ពីជនរូបនោះត្រូវអាជ្ញាធរកម្ពុជា ចាប់ខ្លួននៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣ ខែធ្នូ។
មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អះអាងថា បុរសជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ អានតូនីញ៉ូ បាញ៉ាតូ (Antonio Bagnato) ត្រូវបានអង្គភាពនេះបណ្ដេញចេញនៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីរកឃើញថា លិខិតឆ្លងដែនមិនមានបោះត្រាត្រឹមត្រូវតាមច្បាប់។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែធ្នូ ថា បុរសជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ អានតូនីញ៉ូ បាញ៉ាតូ បានលួចឆ្លងដែនមកកាន់ប្រទេសកម្ពុជា ដោយខុសច្បាប់។ លោកថា តាមនីតិវិធីនៃច្បាប់អន្តោប្រវេសន៍ត្រូវតែបណ្ដេញជននោះត្រឡប់ទៅវិញ៖ «តាមនីតិវិធីជនបរទេស កាលណាឆ្លងដែនខុសច្បាប់ គឺយើងត្រូវតែបណ្ដេញចេញ ឬបញ្ជូនទៅតាមលិខិតរបស់ក្រសួងមហាផ្ទៃ ត្រូវតែបណ្ដេញចេញ បើគាត់ចូលតាមច្រកណា យើងដេញទៅតាមច្រកហ្នឹងវិញ ហើយសម្រាប់ជនបរទេសម្នាក់នេះ គាត់ចូលមកកម្ពុជា លិខិតឆ្លងដែនរបស់គាត់មិនមានវាយត្រា តាមច្បាប់របស់កម្ពុជា»។
លោក អានតូនីញ៉ូ បាញ៉ាតូ អាយុ ២៦ឆ្នាំ ដែលអាជ្ញាធរថៃ តាមចាប់ខ្លួនពីបទករណីឃាតកម្មមួយនៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ ត្រូវកងរាជអាវុធហត្ថកម្ពុជា ចាប់ខ្លួននៅក្បែរផ្សារកណ្ដាល ក្រុងភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ បន្ទាប់ពីឆ្លងដែនខុសច្បាប់តាមខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ។
ជនសង្ស័យដែលត្រូវបានបណ្ដេញចេញនេះ រងការចោទថា បានដឹកនាំការចាប់ជំរិត និងសម្លាប់ដៃគូពាណិជ្ជកម្ម គឺលោក វ៉េ រ៉ដនី ស្នៃឌ័រ (Wayne Rodney Schneider) វ័យ ៣៧ឆ្នាំ។ លោក វ៉េ រ៉ដនី ស្នៃឌ័រ ត្រូវបានគេចាប់ជំរិតដោយមនុស្សមួយក្រុមនៅក្រៅផ្ទះរបស់លោក ដែលស្ថិតនៅក្រុងប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។