ប្រជាពលរដ្ឋនៅក្នុងសហគមន៍សន្សំប្រាក់នៅស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណ ២០០នាក់ នៅព្រឹកថ្ងៃទី៣១ កក្កដា តវ៉ានៅមុខសាលាខេត្តបាត់ដំបង ដើម្បីទាមទារឲ្យអាជ្ញាធរអន្តរាគមន៍ទៅសហព័ន្ធសន្សំប្រាក់កម្ពុជា ឲ្យប្រគល់សហគមន៍សន្សំប្រាក់ជូនពួកគាត់វិញ។
ក្រុមអ្នកតវ៉ាអះអាងថា មន្ត្រីសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា បានក្ដោបក្ដាប់យកភាគហ៊ុនរបស់សហគមន៍ទាំងអស់ ដែលមានទឹកប្រាក់ជាង ២លានដុល្លារអាមេរិក ទៅជាកម្មសិទ្ធិរបស់សហព័ន្ធ ដែលធ្វើឲ្យបាត់បង់ថវិការួមរបស់សហគមន៍។ ប្រធានសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា បញ្ជាក់ថា បញ្ហានេះ ប្រជាពលរដ្ឋនៅតែទទួលបានផលប្រយោជន៍ពីការសន្សំប្រាក់ដដែល។
ពលរដ្ឋនៅសហគមន៍សន្សំប្រាក់ស្រុកសង្កែ កំពុងព្រួយបារម្ភខ្លាចបាត់បង់ប្រាក់សន្សំរបស់សហគមន៍ក្លាយទៅជារបស់ឯកជន។
តំណាងពលរដ្ឋរស់នៅឃុំអន្លង់ ស្រុកសង្កែ លោកស្រី យឿប សេរី ថ្លែងថា មូលហេតុដែលពួកគាត់តវ៉ា ដោយសារប្រធានសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា បានលុបបំបាត់សហគមន៍សន្សំប្រាក់របស់ពួកគាត់ចោល ហើយបញ្ចូលទៅជារបស់សហព័ន្ធវិញ។ លោកស្រីអះអាងថា ការធ្វើដូច្នេះ នាំឲ្យបាត់បង់ផលប្រយោជន៍រួមរបស់សហគមន៍៖ « វាប៉ះពាល់ច្រើន ព្រោះពីមុនមកជាភាគហ៊ុនសមាជិកសន្សំទាំងអស់មានហ៊ុន ដើម្បីជាម្ចាស់ក្នុងសហគមន៍ តែឥឡូវគេរំសាយហ៊ុននោះចោល មកដាក់ជាសន្សំកំណត់វិញ។ ហើយសមាជិកគ្មានសិទ្ធិអ្វីនៅក្នុងសហគមន៍នេះទេ វាមិនមែនជាម្ចាស់ ដោយទៅជាអតិថិជនរបស់គេទៅវិញ »។
ស្រដៀងគ្នានេះដែរ តំណាងពលរដ្ឋ និងជាអតីតបុគ្គលិករបស់សហគមន៍សន្សំប្រាក់ស្រុកសង្កែ លោកស្រី ធី គឹមលី មានប្រសាសន៍ថា ប្រាក់សន្សំរបស់ពួកគាត់ដាក់សន្សំទាបបំផុត ៥ពាន់រៀល និងច្រើនបំផុតរហូតជាង ១ម៉ឺនដុល្លារអាមេរិក ក្នុងនោះមានទាំងពលរដ្ឋសន្សំប្រចាំថ្ងៃ ប្រចាំខែ និងអ្នកខ្លះទៀតដាក់សន្សំរយៈពេល ៦ខែម្ដង ជាដើម។ លោកស្រីអះអាងថា ពួកគាត់ទទួលបានភាគហ៊ុនទៅតាមទឹកប្រាក់ដែលបានដាក់សន្សំក្នុងសហគមន៍ម្នាក់ៗ៖ « នាងសុំសំណូមពរដល់សម្ដេច និងក្រសួងពាក់ព័ន្ធ ជួយរកយុត្តិធម៌ដល់ពួកនាងខ្ញុំផង ព្រោះអីទ្រព្យសម្បត្តិទាំងអស់នោះ គឺជារបស់រួមទាំងអស់គ្នា ហើយគាត់ចូលមកគ្រប់គ្រងថ្មីនេះ គឺការសម្ងាត់ដោយមិនមានជូនដំណឹងដល់ពលរដ្ឋ ឬបុគ្គលិកដូចពួកគាត់ឲ្យដឹងទេ »។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា លោក មាស ធន់ មានប្រសាសន៍ថា មូលហេតុដែលប្ដូរឈ្មោះពីសហគមន៍សន្សំប្រាក់មកដាក់ឈ្មោះថ្មី ដោយសារចំនួនទឹកប្រាក់ច្រើន ដែលហួសពីសមត្ថភាពប្រាក់សន្សំក្នុងសហគមន៍ ប៉ុន្តែពលរដ្ឋនៅតែទទួលបានការប្រាក់ដូចពេលមុនដដែល៖ « អ៊ីចឹងទៅ ដើម្បីឲ្យចូលជាមួយសហព័ន្ធ ដើម្បីយើងចុះបញ្ជីតែមួយជាមួយគ្នា ព្រោះយើងចុះជាអង្គការក្រៅរដ្ឋាភិបាលលែងបានហើយ ដោយយើងចុះជាមួយក្រសួងពាណិជ្ជកម្ម ព្រោះឥឡូវកាលយើងជាមួយក្រសួងមហាផ្ទៃ យើងមិនអាចរកប្រាក់ចំណូលបានទេ ព្រោះយើងរកស៊ីយើងបញ្ចេញឥណទានរកប្រាក់ចំណូល »។
ទោះជាយ៉ាងនេះក្ដី តំណាងពលរដ្ឋអះអាងថា មូលហេតុដែលពួកគាត់លាលែងពីបុគ្គលិករបស់ស្ថាប័នថ្មី ដោយសារឃើញភាពមិនប្រក្រតីក្នុងការចាយវាយថវិកាដែលជាចេតនាបោកប្រាស់ប្រជាពលរដ្ឋ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា បើទោះជាថវិកាសន្សំមានច្រើនហួសសមត្ថភាពគ្រប់គ្រងក្នុងសហគមន៍ក៏ដោយ ប្រសិនបើប្រធានសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា មានចេតនាចង់អភិវឌ្ឍពលរដ្ឋក្នុងសហគមន៍ឲ្យរីកចម្រើន ត្រូវធ្វើយ៉ាងណាឲ្យពលរដ្ឋមានទំនុកចិត្ត៖ « យើងមិនគប្បីធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ធ្វើពលរដ្ឋអស់ជំនឿទេ។ យើងអាចធ្វើការកែទម្រង់បាន ហើយអាចពិនិត្យមើលថា តើចំណុចណាដែលច្បាប់ហាមប្រាម និងមិនហាមប្រាម អ៊ីចឹងយើងអាចសម្រួលត្រង់ចំណុចនេះឲ្យវារលូនទៅ »។
ពលរដ្ឋបានរំសាយការតវ៉ាត្រឡប់ទៅផ្ទះវិញ ក្រោយពីតំណាងពួកគាត់បានដាក់លិខិតទៅមន្ត្រីសាលាខេត្តបាត់ដំបង។ ពួកគាត់អះអាងថា នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ។
សហគមន៍សន្សំប្រាក់សង្កែ ដើមឡើយមានការិយាល័យចំនួន ៤កន្លែងនៅស្រុកសង្កែ ចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ១៩៩៨ មក។ សព្វថ្ងៃមានពលរដ្ឋជាង ១ម៉ឺននាក់ និងមានប្រាក់ឥណទានសរុបជាង ២លានដុល្លារអាមេរិកជាប្រាក់បញ្ញើ និងសន្សំរបស់ពលរដ្ឋ ដោយគិតការប្រាក់ ៨ភាគរយក្នុងមួយឆ្នាំ និងប្រាក់កម្ចីក្នុងសហគមន៍ ១,៥ភាគរយ (១,៥%) ក្នុងមួយខែ។ កាលពីខែមីនា កន្លងទៅ បានប្ដូរឈ្មោះពីសហគមន៍សន្សំប្រាក់ ទៅសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា។ ស្ថាប័នថ្មីនេះគ្របដណ្ដប់ពីរខេត្ត គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានបុគ្គលិកបម្រើការជាង ១៨០នាក់ និងមានសាច់ប្រាក់សន្សំសរុបជាង ៩លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។