នាយក​វិទ្យាល័យ​បវេល​ខេត្ត​បាត់ដំបង​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​គ្រូបង្រៀន

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

នាយក​វិទ្យាល័យ​បវេល ស្រាយ​បំភ្លឺ​ករណី​ក្រុម​គ្រូបង្រៀន​ចោទ​ប្រកាន់​ថា លោក​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លាក់​ឈ្មោះ​បុគ្គលិក​ក្រោម​ឱវាទ ដើម្បី​ជា​ថ្នូរ​បាន​បើក​ប្រាក់​ខែ​ធ្វើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ គឺ​ជា​ការ​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ។

ប៉ុន្តែ​ក្រុម​គ្រូបង្រៀន​នៅ​តែ​អះអាង​ថា ករណី​នេះ គឺ​ជា​រឿង​ពិត ហើយ​ពួក​គាត់​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ត្រី​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ខុស​តាម​ផ្លូវ​ច្បាប់។

នាយក​វិទ្យាល័យ​បវេល អះអាង​ថា បញ្ហា​ដែល​កើត​ឡើង​ពី​រូប​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុង​សាលា​នោះ គឺ​ជា​រឿង​គំនុំ​ពី​សំណាក់​គ្រូបង្រៀន​ម្នាក់ គឺ​លោក ងិន សុធារ៉ា ដែល​កន្លង​ទៅ​លោក​នាយក​សាលា​បាន​ណែនាំ ពាក់ព័ន្ធ​នឹង​រឿង​វិន័យ​បង្រៀន​សិស្ស​ក្រៅ​ម៉ោង​សិក្សា​ការងារ​រដ្ឋ។

លោក ហ៊ួ វុទ្ធី នាយក​វិទ្យាល័យ​បវេល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ កញ្ញា ថា លោក​បម្រើ​ការងារ​ដើម្បី​ប្រយោជន៍​សង្គម ហើយ​ពុំ​មាន​ចេតនា​លាក់​ឈ្មោះ​គ្រូបង្រៀន​ណា​ម្នាក់ ដើម្បី​ជា​ថ្នូរ​យក​ប្រាក់​ខែ​របស់​គាត់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​គ្រូបង្រៀន​ចំនួន ៦​នាក់ ដែល លោក ងិន សុធារ៉ា អះអាង​ថា រូប​លោក​បាន​លាក់​ឈ្មោះ​នោះ គឺ​ជា​រឿង​ចោទ​ប្រកាន់​គ្មាន​ការ​ពិត​នោះ​ឡើយ៖ «ព្រោះ​បុគ្គលិក ៥​នាក់​ក្នុង​ចំណោម ៦​នាក់ គាត់​បាន​ផ្លាស់​ចេញ​ទៅ​កន្លែង​ផ្សេង​ជាច្រើន​ឆ្នាំ​មក​ហើយ ក្រៅ​ពី​នោះ​គាត់​បាន​ដាក់​ឈ្មោះ​លំហែ​មិត្តភាព ដូចជា​ស្ទូច​ត្រី​អ៊ីចឹង​ទៅ ហើយ​គាត់​មិន​ដឹង​ច្បាប់ គាត់​ថា​ខ្ញុំ​លាក់​ឈ្មោះ​បុគ្គលិក មិន​ត្រឹមត្រូវ​ទេ»

លោក​បន្ថែម​ថា គ្រូបង្រៀន​ដែល​ចោទ​ប្រកាន់​មក​លើ​រូប​លោក​នេះ ដោយសារ​កន្លង​ទៅ លោក​ធ្លាប់​បាន​ណែនាំ លោក ងិន សុធារ៉ា ឲ្យ​ប្រាប់​សិស្ស​ដែល​ខ្លួន​បង្រៀន​គួរ ឲ្យ​ពួក​គេ​ស្លៀកពាក់​សមរម្យ ដើម្បី​មាន​របៀប​រៀបរយ​នៅ​ក្នុង​សាលា។ លោក​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ លោក ងិន សុធារ៉ា មិន​ពេញ​ចិត្ត ហើយ​បង្ក​បញ្ហា​មក​លើ​រូប​លោក​ជា​បន្តបន្ទាប់។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ គ្រូបង្រៀន​វិទ្យាល័យ​បវេល លោក ងិន សុធារ៉ា អះអាង​ថា ករណី​លោក​នាយក​សាល​លាក់​ឈ្មោះ​គ្រូបង្រៀន​ចំនួន ៦​នាក់ ដែល​ពុំ​បាន​ទៅ​បង្រៀន​សិស្ស​នោះ គឺ​ជា​រឿង​ពិត ពុំ​មែន​ជា​រឿង​គំនុំ​ផ្ទាល់​ខ្លួន​ដូច​ការ​លើក​ឡើង​នោះ​ទេ។ លោក​អះអាង​ថា គ្រូបង្រៀន​ទាំង​នោះ​រួម​មាន លោក អួង តុលា លោក អេង វីរៈ អ្នកស្រី ស៊ូ ឆព័ណ្ណ អ្នកស្រី អ៊ឹង កុលាប លោក ឌុល ម៉ារិន និង​លោក ចាន់ ដារា។ អ្នក​ទាំង​នោះ កន្លង​ទៅ​គ្រូ​ខ្លះ​មិន​បាន​បង្រៀន​មួយ​ឆ្នាំ និង​ខ្លះ​ចំនួន ២​ឆ្នាំ ជាដើម៖ «គាត់​ហៅ​ខ្ញុំ​ទៅ​អប់រំ​នោះ លោក​នាយក​ថា​កូន​សិស្ស​របស់​ខ្ញុំ​ស្លៀកពាក់​មិន​សមរម្យ ហើយ​គាត់​ដេញ​ខ្ញុំ​មិន​ឲ្យ​បង្រៀន​ក្នុង​សាលា​ទេ។ ខ្ញុំ​មិន​មែន​គុំកួន​គាត់​នោះ​ទេ រឿង​នេះ​គឺ​លោកគ្រូ​អ្នកគ្រូ​ក្នុង​សាលា​ស្ទើរ​ទាំងអស់ គាត់​មិន​ពេញ​ចិត្ត​នឹង​ការ​គ្រប់គ្រង​របស់​នាយក​សាលា»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ គ្រូបង្រៀន​ម្នាក់​ទៀត​នៅ​វិទ្យាល័យ​បវេល គឺ​លោក វិស ណូក មាន​ប្រសាសន៍​ថា នាយក​សាលា​ពិត​ជា​បាន​លាក់​ឈ្មោះ​គ្រូបង្រៀន​ចំនួន ៦​នាក់ ដែល​ពុំ​បាន​ទៅ​បង្រៀន​សិស្ស​ប្រាកដ​មែន។ លោក​មិន​ពេញ​ចិត្ត​នឹង​ការ​គ្រប់គ្រង​របស់​នាយក​សាលា​បច្ចុប្បន្ន​នោះ​ទេ ពីព្រោះ​កន្លង​មក នាយក​សាលា​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​សាលា ដោយ​ពុំ​មាន​ការ​ប្រជុំ​ប្រឹក្សា​យោបល់​ពី​គ្រូបង្រៀន​នោះ​ទេ៖ «លោក​នាយក​សាលា​នៅ​ពេល​ធ្វើ​គម្រោង​អី​មួយ គាត់​អត់​បាន​ពិភាក្សា​ជាមួយ​បុគ្គលិក​ទេ ដូចជា​ករណី​កាប់​ដើម​ឈើ​ក្នុង​សាលា ជាដើម គឺ​គាត់​ធ្វើ​ដោយ​មិន​មាន​ការ​ប្រឹក្សា​យោបល់​ពី​គ្រូបង្រៀន​ឡើយ»

ក្រុម​គ្រូបង្រៀន​ប្រមូល​ស្នាម​មេដៃ​បាន​ចំនួន ៣០​នាក់​ក្នុង​ចំណោម​គ្រូបង្រៀន​ជាង ៨០​នាក់ ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ឲ្យ​ចុះ​ស្រាវជ្រាវ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ខុស ជៀសវាង​កុំ​ឲ្យ​បុគ្គល​ផ្សេង​យក​គំរូ​តាម​នៅ​ថ្ងៃ​អនាគត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។