ព្រះ​សង្ឃ​និង​សកម្មជន​ដីធ្លី​ធ្វើ​វេទិកា​អំពី​តួនាទី​ព្រះសង្ឃ​និង​នយោបាយ

0:00 / 0:00

ការ​រៀបចំ​វេទិកា​ពិភាក្សា​ស្ដី​ពី​តួនាទី​ព្រះសង្ឃ និង​បញ្ញវន្ត​ក្នុង​សកម្មភាព​នយោបាយ និង​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វបុរស​ខ្មែរ​អ្នក​ស្នេហា​ជាតិ នៅ​សហគមន៍​បឹងកក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ បាន​ប្រព្រឹត្ត​ទៅ​ចប់​ចុង​ចប់​ដើម ដោយ​គ្មាន​ការ​រំខាន​ពី​សំណាក់​អាជ្ញាធរ​ដូច​សព្វ​មួយ​ដង​ឡើយ។

វេទិកា​និង​ពិធី​បង្សុកូល​ជូន​ចំពោះ​កម្មករ ៥​នាក់​ដែល​បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​ដោយ​កង​កម្លាំង​អាជ្ញាធរ កាល​ពី​ដើម​ខែ​មករា បាន​ដំណើរ​ការ​ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ១០០​នាក់ មក​ពី​សហគមន៍​បឹងកក់ អតីត​អ្នក​បឹងកក់ សហគមន៍​បុរីកីឡា និង​ព្រះ​សង្ឃ​មក​ពី​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ជាង ២០​អង្គ​ផង។

ស្ថាបនិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​និមន្ត​សម្របសម្រួល​វេទិកា មាន​ថេរដីកា​ថា កម្មវិធី​ទាំង​មូល​ទទួល​បាន​ជោគជ័យ។

វាគ្មិន ៤​រូប​និង​ព្រះសង្ឃ ១​អង្គ បាន​ត្រូវ​និមន្ត​និង​អញ្ជើញ​ចូលរួម​ផ្តល់​យោបល់​និង​បទ​ពិសោធន៍​ក្នុង​វេទិកា គឺ​មាន​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក យ៉េង វីរៈ នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ លោក ទិប ទាវ នាយកប្រតិបត្តិ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​ព្រះតេជព្រះគុណ ឃឹម សំអឿន ព្រះចៅ​អធិការ​វត្ត​ភ្នំ​ខ្ពស់ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

លោក យ៉េង វីរៈ មាន​ប្រសាសន៍​ថា ព្រះសង្ឃ បញ្ញវន្ត និង​ប្រជាពលរដ្ឋ​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​នយោបាយ​ដែល​មិន​អាច​ខ្វះ​បាន។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក កែម ឡី ថ្លែង​ថា បញ្ញវន្ត​ខ្មែរ​ភាគ​ច្រើន​មិន​ហ៊ាន​បញ្ចេញ​មតិ​យោបល់​ពាក់ព័ន្ធ​ដល់​រឿង​នយោបាយ​ឡើយ។

លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា បញ្ញវន្ត​ខ្មែរ​គួរ​តែ​បញ្ចប់​នូវ​វប្បធម៌​ខ្លាច​រអារ ហើយ​ហ៊ាន​និយាយ ហ៊ាន​ថា ដើម្បី​ជា​វិភាគទាន​ក្នុង​ការ​កែ​លម្អ​និង​អភិវឌ្ឍន៍​សង្គម។

នៅ​ក្នុង​វេទិកា​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​សហគមន៍​បឹងកក់ អតីត​អ្នក​បឹងកក់ និង​សហគមន៍​បុរីកីឡា បាន​សួរ​វាគ្មិន​ដែល​សំណួរ​ទាំង​អស់​របស់​ពួក​គាត់​សុទ្ធ​តែ​អំពី​ការ​រំលោភ​សិទ្ធិ​ដីធ្លី សិទ្ធិ​និង​លំនៅឋាន ដែល​ពួក​គាត់​អះអាង​ថា បណ្ដាល​ពី​ការ​អភិវឌ្ឍន៍​ពុំ​មាន​តម្លាភាព។

ពុំ​មាន​តំណាង​អាជ្ញាធរ​ចូល​រួម​ជា​វាគ្មិន​នៅ​ក្នុង​វេទិកា​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។