ការតាំងពិព័រណ៍សៀវភៅលើកទី៦ ឆ្នាំ២០១៧នេះ មានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់។ ទោះ យ៉ាងណាក្តី អ្នកជំនាញ នៅតែលើកទឹកចិត្តឲ្យមានការអានឲ្យបានច្រើន ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតបណ្ណាល័យឲ្យបានច្រើននៅទូទាំងប្រទេស។
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ដែលបានចាប់ផ្ដើម តាំងពីថ្ងៃទី៨ ខែធ្នូនៅបណ្ណាល័យជាតិ រាជធានីភ្នំពេញនោះ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី១០ ខែធ្នូ។ អ្នករៀបចំថា ពិព័រណ៍សៀវភៅលើកទី៦នេះមានលក្ខណៈពិសេសជាងរៀងរាល់ឆ្នាំតាមរយៈកំណើនស្តង់តាំង និងលក់សៀវភៅ កំណើនអ្នកចូលរួមដែលគេប៉ានស្មានរហូតដល់ជាង ៥ម៉ឺននាក់។
ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងនាយកអង្គការស៊ីប៉ា (Sipar) លោក ហុក សុទ្ធិ ថ្លែងប្រាប់អាស៊ីសេរីថា ពិពណ៌នាសៀវភៅកាន់តែទទួលបានការចាប់អារម្មណ៍ ពីសាធារណជនពីមួយឆ្នាំទៅមួយឆ្នាំ។ លោករម្លឹកថា កាលពីឆ្នាំ២០១៥ ពិព័រណ៌សៀវភៅមានអ្នកចូលរួម ជាង១ម៉ឺននាក់ ខណៈឆ្នាំ២០១៦មានអ្នកចូលរួម ២៥០០០នាក់។ ហើយនៅឆ្នាំ២០១៧នេះ លោករំពឹងថា នឹងមានអ្នក ចូលរួមរហូតដល់ជាង ៥ម៉ឺននាក់ ព្រោះថា រយៈពេលថ្ងៃគិតត្រឹមថ្ងៃសុក្រ និងថ្ងៃសៅរ៍ គឺមានអ្នកចូល រួមជាង៤ ម៉ឺននាក់ទៅហើយ។ ស្តង់សៀវភៅក្នុងឆ្នាំនេះ ក៏មានការកើនឡើង រហូតដល់៨០ស្តង់ដែរ ជាពិសេស គេកត់សម្គាល់ឃើញថា មានកវីនិពន្ធក្មេងៗជាច្រើន បានចូលរួមបង្ហាញស្នាដៃរបស់ពួកគេ៖ « យើងឃើញថាយុវជនមកច្រើនហើយ តែខ្ញុំនៅសូមអំពាវនាវដល់ឪពុកម្ដាយទាំងអស់នៅភ្នំពេញ ទាំងនៅទូទាំងខេត្ត គាត់ត្រូវតែលើកទឹកចិត្តកូនចូលរួមពិព័រណ៍សៀវភៅ ដើម្បីឲ្យកូនជំនាន់ក្រោយមានទម្លាប់ក្នុងការអាន។ ការអានធ្វើអោយយើងមានប្រយោជន៍ច្រើន ដូចជាធ្វើអោយយើងមានចំណេះដឹង មានវប្បធម៌ទូទៅ ជាពិសេសការអាននាំឲ្យរៀនបានលទ្ធផលល្អ » ។
លោក ហុក សុទ្ធិ ក៏អំពាវនាវឲ្យរដ្ឋាភិបាល បង្កើតបណ្ណាល័យសាធារណៈឲ្យបានច្រើននៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីលើកកម្ពស់ ឬបណ្ដុះទម្លាប់នៃការអានដល់ប្រជាពលរដ្ឋកម្ពុជា។
រីឯនាយិកាបណ្ណាល័យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអនុប្រធានសមាគមបណ្ណាល័យ និងឯកសារវិទូកម្ពុជា អ្នកនាង ម៉ៅ កុលាប បានថ្លែងថា នៅបណ្ដាប្រទេសអ្នកមាន គឺគេបណ្ដុះទម្លាប់ការអានតាំងពីវ័យទារកមកម្ល៉េះ ហើយប្រព័ន្ធអប់រំរបស់គេទៀតសោត គឺជំរុញការអានច្រើនខុសឆ្ងាយពីប្រទេសកម្ពុជា។
អ្នកនាង ម៉ៅ កុលាប ជំរុញឲ្យអាណាព្យាបាល រួមទាំងមត្តេយ្យសាលា ទាំងសាលារដ្ឋ និងសាលាឯកជនរហូតដល់សាលាបឋមសិក្សា និងសាលាវិទ្យាល័យ ត្រូវបង្កើតបណ្ណាល័យ និងបង្កើតកម្មវិធីអានឲ្យបានច្រើនចាប់តាំងពីទារក ដើម្បីឲ្យពួកគេមានទម្លាប់ក្នុងការអានជាប់រហូត។ អ្នកជំនាញរូបនេះ លើកឡើងថា ការអានច្រើននាំឲ្យមានការអភិវឌ្ឍផ្នែកគំនិត និងពិចារណាបែបស៊ីជម្រៅ និងអភិវឌ្ឍការសរសេរទៀតផង ដែលនាំឲ្យជោគជ័យទាំងការសិក្សា និងការងារ។
ពិព័រណ៍សៀវភៅកម្ពុជា ត្រូវបានប្រារព្ធឡើងផ្សាភ្ជាប់ជាមួយនឹងទិវាអំណានដែលដាក់ចេញដោយរដ្ឋាភិបាលឆ្នាំ២០១៥ ក្នុងគោលបំណងតែមួយដូចគ្នាគឺជំរុញការអាននៅកម្ពុជា។ អ្នករៀបចំអះអាងថា ការរៀបចំពិព័រណ៍សៀវភៅ នឹងពង្រីកបន្ថែមទៀតចេញពីទីក្រុងទៅកាន់ទីជនបទ ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា៕