ទាហានថៃ នៅតាមព្រំដែនជាប់ខេត្តឧត្តរមានជ័យ របស់ខ្មែរ បានផ្លាស់ប្ដូរឥរិយាបថបន្តិចវិញហើយ ទៅលើការរឹតបន្តឹងតាមច្រកព្រំដែននានា បន្ទាប់ពីគេបានបិទច្រកព្រំដែនច្រើនកន្លែងជាឯកតោភាគីរយៈពេល ២ថ្ងៃមកនេះ។ ទោះយ៉ាងណា ការបន្ធូរបន្ថយបម្រាមនៅតាមច្រកព្រំដែននេះ នៅមានកម្រិតនៅឡើយ។
ប្រភពពីអាជ្ញាធរខេត្តឧត្តរមានជ័យ ឱ្យដឹងថា ទាហានថៃ នៃខេត្តសុរិន្ទ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរថៃ អាចឆ្លងដែនចេញចូលរកគ្នាបានខ្លះវិញហើយ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ចាប់ពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា។
នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ គឺលោក ហោ ជិនវិរៈយុទ្ធ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ថា ចាប់តាំងតែពីម៉ោងជាង ១០ព្រឹក ទាហានថៃ នៃខេត្តសុរិន្ទ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរថៃ អាចឆ្លងកាត់ព្រំដែនអូស្មាច់ ដោយថ្មើរជើងទៅមករកគ្នាបាន ក៏ប៉ុន្តែមិនអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយយានយន្តទេ៖ «សភាពការណ៍ត្រឹមម៉ោង ១០-១១ជាងនេះ គឺថាគេបើកឆ្លងកាត់ព្រំដែន ដំណើរការគ្រាន់តែថា ឱ្យមនុស្សធ្វើដំណើរដើរថ្មើរជើងឆ្លងទៅឆ្លងមក ខាងគាត់ចូលមកលេងកាស៊ីណូបាន ប៉ុន្តែយានយន្ត ឡាន មធ្យោបាយយានយន្ត អត់ឱ្យឆ្លងកាត់ទេ»។
អាជ្ញាធរខ្មែរ ចាត់ទុកសកម្មភាពទាហានថៃ នេះថា គឺជាការបន្ធូរបន្ថយបម្រាមនៅតាមច្រកទ្វារព្រំដែនឡើងវិញ បន្ទាប់ពីថៃ បានសម្រេចបិទឯកតោភាគី។
ចាប់តាំងតែពីល្ងាចថ្ងៃទី២២ ខែឧសភា ទាហានថៃ នៃខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត បានសម្រេចជាឯកតោភាគី បិទច្រកព្រំដែនចំនួន៣ គឺច្រកអូស្មាច់ ច្រកជប់គគីរ និងច្រកជាំសាង៉ាំ នៅតាមបណ្ដោយព្រំដែននៃខេត្តឧត្តរមានជ័យ នៅពេលដែលកងយោធាថៃ ប្រកាសធ្វើរដ្ឋប្រហារ។
ប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅអូស្មាច់ ឱ្យដឹងថា អ្នកភូមិខ្មែរដែលនៅជាប់ព្រំដែនថៃ មិនមានការភ័យខ្លាចចំពោះស្ថានការណ៍នៅតាមព្រំដែនទេ បើទោះបីជាថៃ បានសម្រេចបិទច្រកព្រំដែនក៏ដោយ។ អ្នកភូមិឱ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃសៅរ៍ នេះ គេឃើញទាហានថៃ ហាក់បន្ធូរបន្ថយទៅលើបម្រាមបិទច្រកព្រំដែនខ្លះៗមែន៖ «ពីព្រឹកខ្ញុំទៅមាត់ច្រកហ្នឹង ឃើញគេចេញចូលទិញឥវ៉ាន់បានដូចធម្មតាអ៊ីចឹង។ យើងទៅទិញឥវ៉ាន់ដូចជាម្ហូប អាហារ គេដឹកមកទាំងរទេះ ដូចជា ទឹកកកអី គេដឹកចូលឱ្យ។ ម្សិលមិញអត់មានទឹកកកហូបទេ ឥឡូវមាន»។
ចំណែកប្រធានច្រកព្រំដែនជាំសាង៉ាំ នៃស្រុកអន្លង់វែង លោក ក្រូច សម្បត្តិ បញ្ជាក់ថា នៅច្រកទ្វារព្រំដែនដែលលោកគ្រប់គ្រង គឺទាហានថៃ ខេត្តស៊ីសាកេត នៅមិនទាន់បើកឱ្យចេញចូលជាសាធារណៈនៅឡើយទេ។ លោក ក្រូច សម្បត្តិ បញ្ជាក់ថា អ្នកដែលអាចឆ្លងដែនតាមច្រកជាំសាង៉ាំ បាននាពេលបច្ចុប្បន្ន គឺទាល់តែមានលិខិតឆ្លងដែនត្រឹមត្រូវ។
នៅឯច្រកអានសេះ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រភាគខាងជើងឆៀងខាងកើតពីប្រាសាទព្រះវិហារ វិញ មានសេចក្តីរាយការណ៍ថា ក្រោយពីទាហានថៃ នៃខេត្តអ៊ូប៊ុន បិទច្រកជាឯកតោភាគីរយៈពេលជាង១ថ្ងៃមក គឺនៅថ្ងៃសៅរ៍ ក៏បានបន្ធូរបន្ថយខ្លះៗដែរ។
មន្ត្រីយោធាខ្មែរមួយរូបប្រចាំនៅតំបន់អានសេះ ឱ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ទាហានថៃ បានអនុញ្ញាតឱ្យឡានដឹកប្រេងឥន្ធនៈខ្លះចូលមកទឹកដីខ្មែរ ហើយប្រជាពលរដ្ឋខ្មែរក៏អាចយកបន្លែព្រៃខ្លះទៅលក់ឱ្យថៃ បាន។
ទោះយ៉ាងណា ចាប់តាំងតែពីថ្ងៃទី២២ ខែឧសភា រដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ ប្រុងប្រយ័ត្ននឹងស្ថានការណ៍នៅប្រទេសថៃ នៅពេលដែលយោធានៃប្រទេសនោះបានប្រកាសធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីចាំផ្ទះមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។