វិស័យសំខាន់ៗដែលចូលរួមដល់កំណើនសេដ្ឋកិច្ច ដូចជារោងចក្រកាត់ដេរ សំណង់ ធនាគារ បានទទួលឥទ្ធិពលអាក្រក់ពីបញ្ហានយោបាយដែលកំពុងកើតមាននៅប្រទេសកម្ពុជា បច្ចុប្បន្ន។ ទំហំនៃការថយចុះកំណើនសេដ្ឋកិច្ច គឺអាស្រ័យលើរយៈពេលនៃការជាប់គាំងលើផ្នែកនយោបាយ។
ស្ថាប័នស្រាវជ្រាវមួយចំនួនបានព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៣ មានកំណើនជាង ៧% ដែលចូលរួមពីវិស័យសំខាន់ៗមួយចំនួន ដូចជាកាត់ដេរ សំណង់ កសិកម្មជាដើម។ ប៉ុន្តែ វិស័យទាំងអស់នេះហាក់ដូចជាទទួលឥទ្ធិពលអាក្រក់ពីភាពមិនច្បាស់លាស់ខាងផ្នែកនយោបាយ។ បច្ចុប្បន្ន គណបក្សនយោបាយមិនយល់ស្របចំពោះលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគភិតភ័យខ្លាច។ បញ្ហានេះ ធ្វើឲ្យអ្នកវិនិយោគនៅតាមវិស័យដែលចូលរួមក្នុងកំណើនសេដ្ឋកិច្ច ភ័យខ្លាចចំពោះស្ថានភាពនយោបាយដែលកើតមានជម្លោះណាមួយនៅប្រទេសកម្ពុជា។
អ្នកវិភាគបញ្ហាសេដ្ឋកិច្ចសង្គម និងនយោបាយ បានអះអាងថា ក្នុងចំណោមវិស័យសំខាន់ៗទាំងនោះ មានវិស័យដែលទទួលឥទ្ធិពលអាក្រក់ពីបញ្ហានយោបាយ គឺវិស័យហិរញ្ញវត្ថុ ធនាគារ និងវិស័យកាត់ដេរ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន បានសង្កេតឃើញថា មានកម្មករប្រមាណ ១០% នៃកម្មករសរុប ៧០ម៉ឺននាក់ បានសម្រេចចិត្តឈប់ធ្វើការ ហើយត្រឡប់ទៅស្រុកកំណើតវិញ និងមានកម្មករខ្លះបានផ្អាកការងារ។ ហើយបញ្ហានេះ នឹងជះឥទ្ធិពលដល់ការផលិតរបស់ម្ចាស់រោងចក្រ ដើម្បីបំពេញទៅតាមកិច្ចសន្យាអ្នកបញ្ជាទិញនៅលើទីផ្សារអន្តរជាតិ។
លោក អាត់ ធន៖ «ហើយរោងចក្រខ្លះទៀត ដំណើរការអត់ចេញអ៊ីចឹងទៅ។ ក្រុមហ៊ុនភាគច្រើនអត់សូវកុម្ម៉ង់បន្ថែម គឺដេរតែអីវ៉ាន់ដែលគេមាន ហើយវានឹងបញ្ចប់អាហ្នឹងទៅ។ រោងចក្រខ្លះអត់សូវមានការងារធ្វើទេ។ អ៊ីចឹង យើងបានសួរថៅកែទៅ គាត់ថាអត់ហ៊ានកុម្ម៉ង់ថែម គឺខ្លាចស្ថានភាពអស់ហ្នឹង។ បើកុម្ម៉ង់មក គឺអត់អាចធានាផលិតនាំចេញបាន ធ្វើឲ្យទំនិញនាំចេញអត់ទាន់ វាអាចមានបញ្ហា។ អ៊ីចឹង ស្ថានភាពវាមាននៅស្ថានភាពកាត់ដេររាល់ថ្ងៃនេះ»។
លោក អាត់ ធន់ មានប្រសាសន៍បន្ថែមថា ការអូសបន្លាយពីការជាប់គាំងនយោបាយ នឹងប៉ះពាល់ដល់ជីវភាពកម្មករផ្ទាល់ ហើយកម្មករមួយចំនួនប្រឈមនឹងបញ្ឈប់មិនឲ្យធ្វើការងារវិញ។ ម៉្យាងវិញទៀត វិស័យកាត់ដេរអាចកើតមានវិបត្តិ ដោយសារតែគ្មានអ្នកផលិត គ្មានការនាំចេញ និងបាត់បង់ទីផ្សារ។
យោងតាមរបាយការណ៍បេឡាជាតិរបបសន្តិសុខសង្គម ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា រោងចក្រកាត់ដេរមានចំនួន ៧២៩រោងចក្រ និងមានចំនួនកម្មករកើនជិត ៧០ម៉ឺននាក់ ប៉ុន្តែរោងចក្រធំដែលមានសមត្ថភាពនាំចេញបាននៅក្នុងសមាគមរោងចក្រកាត់ដេរកម្ពុជា មានចំនួនជាង ៤០០រោងចក្រ។
មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ជាតិ ខេមរា សង្កេតឃើញថា បញ្ហានយោបាយដែលកើតមានបច្ចុប្បន្ន ជះឥទ្ធិពលដល់ការផលិតរបស់ម្ចាស់រោងចក្រកាត់ដេរ កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ រហូតដល់ពេលនេះ មិនទាន់មានរោងចក្រកាត់ដេរណាមួយបានបិទទ្វារឡើយ ដោយសារតែខ្វះកម្លាំងពលកម្មនោះទេ។ ប៉ុន្តែ ការជាប់គាំងយូរអង្វែង នឹងប៉ះពាល់ដល់ការផលិតស្របទៅតាមកិច្ចសន្យារបស់អ្នកបញ្ជាទិញ។ ហើយបញ្ហានេះ ប្រឈមនឹងការបាត់បង់ទីផ្សារ។
លោក ជាតិ ខេមរា៖ «គ្រាន់តែថា ការបំពេញតាមចំនួនកិច្ចសន្យា តាមកុងត្រា វាអាចយឺតយ៉ាវ គេអាច គេធ្វើខាងណាសិន។ ធម្មតាម្ចាស់រោងចក្រនៅក្រៅ (Mother Company) គាត់ចេះលៃហើយ គាត់ត្រូវវិលទំនិញផ្សេងៗដែលមានស្ថិរភាព ដើម្បីកុំឲ្យគាត់ខាតបង់នៅពេលដែលគាត់បញ្ចេញទំនិញយកទៅឲ្យទីផ្សារ»។
លោក ជាតិ ខេមរា មានប្រសាសន៍បន្ថែមថា អ្នកវិនិយោគនៅក្នុងវិស័យកាត់ដេរ តែងតែព្រួយបារម្ភលើការខាតបង់របស់ខ្លួន ដោយសារតែបញ្ហានយោបាយ។ អ្នកវិនិយោគទាំងនោះ តែងតែត្រៀម និងប្រុងប្រយ័ត្នចំពោះការបណ្ដាក់ទុនបន្ថែមរបស់គេលើវិស័យកាត់ដេរ ស្របពេលដែលវិបត្តិនយោបាយ។
បន្ថែមលើបញ្ហានេះ ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី បានទទួលស្គាល់ថា វិស័យដែលរងឥទ្ធិពលអាក្រក់ពីអស្ថិរភាពនយោបាយ គឺវិស័យកាត់ដេរ។ ការប៉ះពាល់ដល់វិស័យនេះ នឹងធ្វើឲ្យអ្នកពាក់ព័ន្ធជាច្រើនបាត់បង់ប្រាក់ចំណូល ដោយសារតែវិស័យកាត់ដេរអាចរកបានទំហំទឹកប្រាក់ច្រើនជាងវិស័យផ្សេងទៀត។ ការជាប់គាំងខាងផ្នែកនយោបាយមានរយៈពេលយូរ នឹងធ្វើឲ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្តដាក់ទុនបន្ថែម។
លោក ស្រី ចន្ធី៖ «កាលណាវាអូសបន្លាយយូរ ឧទាហរណ៍ស្ថានភាពវាមានអ្នកវិនិយោគទុន លឿនជាងគេ គឺរោងចក្រកាត់ដេរ។ ចម្ការកៅស៊ូ វិនិយោគលើផ្នែកកសិកម្មលើដីដកមិនទាន់ សំណង់អីដកលែងទៅរួច ព្រោះចាយលើសង់អស់ហើយ»។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមថា ការលក់ដូរតូចតាចមិនប៉ះពាល់ពីអស្ថិរភាពនយោបាយឡើយ ហើយពួកគាត់អាចទទួលផលចំណេញពីស្ថានការណ៍នោះទៅវិញ។ លោកបញ្ជាក់ថា វិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក៏ប្រឈមខ្លាំងពីវិបត្តិនយោបាយដែលកើតមាននៅប្រទេសកម្ពុជា ដែរ។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត ប៊ុន មុនី បានអះអាងថា ទំហំនៃការដកប្រាក់នៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុមានទំហំកើនឡើង ប៉ុន្តែការដកប្រាក់អាចគ្រប់គ្រងបាននៅឡើយ ដោយសារតែស្ថាប័នហិរញ្ញវត្ថុមានទុនបម្រុងសម្រាប់បង្វិលសាច់ប្រាក់បានគ្រប់គ្រាន់។ លោកមានប្រសាសន៍បន្ថែមថា បញ្ហានយោបាយនេះ មិនប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ហើយប្រជាពលរដ្ឋជាអ្នកម្ចាស់ប្រាក់ ក៏មិនត្រូវព្រួយបារម្ភការបាត់បង់ប្រាក់របស់ខ្លួន ដែលសន្សំនៅស្ថាប័នហិរញ្ញវត្ថុនោះឡើយ។
លោកបណ្ឌិត ប៊ុន មុនី៖ «យើងមានការប្រុងប្រយ័ត្នការពារសាច់ប្រាក់របស់គាត់នោះត្រឹមត្រូវហើយ។ ហើយស្ថានភាពនយោបាយរបស់យើង វានឹងមិនមានផលប៉ះពាល់អ្វីធំដុំ ដែលធ្វើឲ្យគាត់ព្រួយបារម្ភថានឹងផ្លាស់ប្ដូរដូចជំនាន់ ប៉ុល ពត ដែលយើងធ្លាប់របួសស្នាមហ្នឹងទេ។ ហើយទោះបីគណបក្សប្រឆាំងមិនទាន់ទទួលយកលទ្ធផលនៃការបោះឆ្នោតទាំងស្រុង ក៏យើងមើលឃើញថាធំដុំ នឹងគួរឲ្យភ័យព្រួយ»។
លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍បន្ថែមថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានអះអាងថា ប្រាក់សន្សំបានថយចុះ ១០% ដោយសារតែប្រជាពលរដ្ឋដកប្រាក់នៅក្នុងកំឡុងពេលឃោសនាបោះឆ្នោត រហូតការប្រកាសលទ្ធផលបណ្ដោះអាសន្ន។
ទោះជាយ៉ាងណាក៏ដោយ និន្នាការនយោបាយដែលកើតមាននៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន អាចធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់នៅក្នុងឆ្នាំ២០១៣។ ការថយចុះនេះ ដោយសារសកម្មភាពអាជីវកម្ម និងការវិនិយោគលើគ្រប់វិស័យរងឥទ្ធិពលពីការជាប់គាំងនយោបាយ ហើយទំហំនៃការថយចុះកំណើនសេដ្ឋកិច្ច គឺអាស្រ័យលើរយៈពេលនៃការជាប់គាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
