សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា បានប្រមូលផ្ដុំអ្នកនយោបាយនិងអ្នកជំនួញផ្នែកឯកជនដើម្បីស្វែងរកវិធីអភិវឌ្ឍបរិយាកាសពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែឆាប់រហ័ស។
ការពិភាក្សារកដំណោះស្រាយ នៅថ្ងៃទី៦ តុលា គឺស្របពេលដែលធនាគារពិភពលោកប្រចាំកម្ពុជា បានព្រមានថា កំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះ ប្រសិនបើកម្ពុជា ជួបវិបត្តិការងារ ទឹកជំនន់ និងអស្ថិរភាពលើផ្នែកនយោបាយ។
ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងប្រធានក្រុមហ៊ុននានា បានជជែកគ្នាអំពីអនាគតសេដ្ឋកិច្ចប្រទេសកម្ពុជា នៅក្នុងសន្និសីទពាណិជ្ជកម្ម និងការវិនិយោគនៅថ្ងៃទី៦ តុលា ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិ។ វិស័យសំខាន់បួន ដែលជាមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅពេលអនាគតនោះ គឺកសិកម្ម ផលិតកម្ម ធនាគារនិងវិស័យអចលនទ្រព្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បើកសន្និសីទពាណិជ្ជកម្មនៅព្រឹកថ្ងៃទី៦ តុលា ថា ការជួបជុំគ្នារវាងវិស័យឯកជននិងរដ្ឋាភិបាលកម្ពុជា គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាព ដើម្បីស្វែងរកឱកាសប្រកបដោយសក្ដានុពល អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅពេលអនាគត។
លោកបញ្ជាក់ទៀតថា ប្រទេសកម្ពុជា នៅមានលំហជាច្រើនទៀត ដើម្បីពង្រីកមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគ និងសក្ដានុពលសម្រាប់អាជីវកម្ម ដើម្បីបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា សន្និសីទរយៈពេលពីរថ្ងៃនេះ ពិតជារួមចំណែកថែមទៀតក្នុងការរកឲ្យឃើញនូវកាលានុវត្តភាពថ្មីៗសម្រាប់ពង្រឹង និងពង្រីកសហប្រតិបត្តិការលើផ្នែកធុរកិច្ចនិងការវិនិយោគនៅកម្ពុជា»។
បន្ថែមលើនេះ ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ លោក ប្រីដ ស្កែរ៉ូនី (Brett Sciaroni) មានប្រសាសន៍ថា ការរៀបចំសន្និសីទនេះ គឺជាការទាក់ទាញចំណាប់អារម្មណ៍ឥស្សរជននយោបាយកម្ពុជា ឲ្យផ្ដោតលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា។ លោកបញ្ជាក់ថា ទំនាក់ទំនងល្អរវាងអ្នកនយោបាយ និងអ្នកធុរកិច្ចគឺជាកត្តាសំខាន់បំផុតដែលបង្កើតឲ្យមានភាពជោគជ័យក្នុងការអភិវឌ្ឍ។
ស្របពេលដែលក្រុមអ្នកជំនួញ និងអ្នកនយោបាយស្វែងរកឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចធនាគារពិភពលោកបានចេញរបាយការណ៍ថ្មីមួយនៅថ្ងៃទី៦ តុលា រកឃើញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍនឹងមានកំណើនកាន់តែយឺត ដោយសារតែប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជួបវិបត្តិ។
ប៉ុន្តែផលប៉ះពាល់នឹងមានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយអាស្រ័យលើបរិយាកាសវិនិយោគ និងការនាំចេញ ក្នុងនោះប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសកម្ពុជា បានត្រៀមលក្ខណៈក្នុងការបង្កើនការនាំចេញទៅកាន់ទីផ្សារពិភពលោក។
ធនាគារពិភពលោកបានព្យាករសេដ្ឋកិច្ចកម្ពុជា មានកំណើន ៧.២% នៅក្នុងឆ្នាំ២០១៤ ទោះបីជាកម្ពុជា ជួបប្រទះនឹងភាពមិនប្រាកដប្រជាក្នុងស្រុក និងអស្ថិរភាពនយោបាយដែលកំពុងកើតឡើងនៅក្នុងប្រទេសជិតខាងរបស់ខ្លួនក៏ដោយ។
ប្រធានសេដ្ឋវិទូធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក ស៊ុដហៀ សេទី (Sudhir Shetty) មានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាទីកន្លែងសមស្របមួយដែលអាចធានាបាននូវកំណើនសេដ្ឋកិច្ចខ្លួន។ ប៉ុន្តែ កត្តាស្ថិរភាពនយោបាយ និងភាពមិនប្រាកដប្រជាលើផ្នែកសេដ្ឋកិច្ចដែលកើតឡើងនៅប្រទេសថៃ នឹងអាចបង្អាក់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា បច្ចុប្បន្ន វិស័យទេសចរណ៍នឹងក្លាយជាប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា ដ៏ខ្លាំងក្លាស្របពេលដែលវិបត្តិនៅប្រទេសថៃ កំពុងជួបវិបត្តិ៖ «យើងដឹងយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានធ្វើយ៉ាងល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នៅដើមឆ្នាំ២០១៤នេះ។ ប៉ុន្តែខ្ញុំគិតថា បញ្ហានេះ គឺទាក់ទងនឹងអស្ថិរភាពនយោបាយដែលបានកើតឡើងនៅប្រទេសថៃ។ ប្រសិនបើស្ថានការណ៍នៅប្រទេសថៃ មិនមានភាពប្រសើរឡើងនោះទេ វាគឺជាចំណុចល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការចាប់យកវិស័យទេសចរណ៍ជា ប្រភពកំណើនសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់២០១៥ និងឆ្នាំបន្ទាប់»។
បន្ថែមលើនេះ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោក អាឡានសាន សូ (Alassane Sow) មានប្រសាសន៍ថា ប្រទេសកម្ពុជា កំពុងរីករាយក្នុងការទទួលបានកំណើនសេដ្ឋកិច្ចល្អក្នុងរយៈពេលមួយឆ្នាំទៀត មុននឹងស្ថានភាពសេដ្ឋកិច្ចសកលប្រសើរឡើងវិញ។
បច្ចុប្បន្ន កម្ពុជា គឺជាប្រទេសទី៦ ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅលើពិភពលោក នៅអំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣។ ស្របពេលដែលមានកំណើនខ្លាំង ប៉ុន្តែកម្ពុជា កំពុងស្វែងរកវិធីផ្សេងៗ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ខ្លួន។
របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា បញ្ហាប្រឈមសំខាន់ៗ ដែលត្រូវដោះស្រាយឲ្យបាននោះ គឺជំរុញវិស័យកសិកម្ម ទេសចរណ៍ និងផ្នែកផលិតកម្ម តាមរយៈការបង្កើនវិនិយោគសាធារណៈ ការពិគ្រោះយោបល់ផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ របាយការណ៍ដដែលបានព្រមានថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះ ប្រសិនបើកម្ពុជាជួបនូវវិបត្តិការងារ និងអសន្តិសុខនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។