កម្មករប្រមាណ ១០០នាក់ ផ្នែកសេវាកម្មចាក់សាំងដែលបម្រើការនៅតាមស្ថានីយប្រេងសាំងកាល់តិច (Caltex) របស់ក្រុមហ៊ុន ឈេហ្វរ៉ុន (Chevron) ប្រកាសធ្វើកូដកម្មជាថ្មីទៀតចាប់ពីថ្ងៃទី២៤ ឧសភា។
ការប្រកាសធ្វើកូដកម្មភ្លាមៗនេះ មិនបានពីរថ្ងៃផង ក្រោយភាគីទាំងពីរ គឺភាគីក្រុមហ៊ុន និងកម្មករ ព្រមព្រៀងរួច ព្រោះពួកគេចាត់ទុកថា ក្រុមហ៊ុនបានរំលោភសិទ្ធិស្ដីពីការងារយ៉ាងធ្ងន់ធ្ងរ ដែលកម្មករពុំអាចទទួលយកបាន។
បុគ្គលិកផ្នែកសេវាកម្មលក់សាំងនៃក្រុមហ៊ុនឈេហ្វរ៉ុន ឲ្យដឹងនៅថ្ងៃទី២៣ ឧសភា ថា ពួកគេប្រកាសធ្វើកូដកម្មជាថ្មីឡើងវិញ នៅក្រោយការចរចារួច គឺជាការប្រឆាំងទៅនឹងលក្ខខណ្ឌដែលក្រុមហ៊ុនតម្រូវអោយកម្មករចុះកិច្ចសន្យាឈប់ធ្វើកូដកម្ម។ ពួកគេចាត់ទុកការបង្ខិតបង្ខំនោះថា ជាលទ្ធផលផ្ទុយពីការចរចា ហើយក៏ជាផ្នែកមួយដែលភាគីក្រុមហ៊ុនធ្វើឡើងសម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចាប់បង្ខំកម្មករឲ្យអនុវត្តផ្ទុយពីច្បាប់។
កំពុងឈរក្រោមកម្ដៅថ្ងៃ និងស្រែកទាមទារនៅក្បែរទីតាំងស្ថានីយប្រេងសាំងកាល់តិច រង្វង់មូលបូកគោ កម្មករទាំងនោះបានហៅការសម្រេចរបស់ក្រុមហ៊ុនឈេហ្វរ៉ុន នៅពេលនេះ ថាបានរំលោភច្បាប់ស្ដីពីការងារ រំលោភរដ្ឋធម្មនុញ្ញ និងរំលោភលើអនុសញ្ញាពលកម្មអន្តរជាតិថែមទៀតផង។
នៅក្នុងដៃកាន់បដាដែលសរសេរថា ក្រុមហ៊ុនឈេហ្វរ៉ុន បញ្ឈប់ការរំលោភសិទ្ធិលើកម្មករផងនោះ ពួកគេបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅមិនគប្បីប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនកាល់តិច ចាប់ពីពេលនេះ រហូតដល់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក មួយនេះ ព្រមទម្លាក់ចោលលក្ខខណ្ឌដែលដាក់គំនាបលើបុគ្គលិក៖ «សម្រាប់បងៗនៅក្នុងស្តាមាត (Star Mart) ដូចគ្នា បងកំពុងតែញ៉ាំកាហ្វេហ្នឹង គឺកាហ្វេប្រឡាក់ដោយឈាមរបស់កម្មករ ព្រោះក្រុមហ៊ុនរឹតត្បិតសេរីភាពរបស់កម្មករ។ អ៊ីចឹង ពេលដែលបងៗទិញកាហ្វេ ទិញអីវ៉ាន់នៅទីនោះ គឺមានន័យថា បងៗកំពុងតែយកលុយទៅគាំទ្រឲ្យក្រុមហ៊ុនមួយនេះរឹតត្បិតសេរីភាពរបស់កម្មករ»។
កាលពីថ្ងៃទី២១ ឧសភា ភាគីក្រុមហ៊ុន និងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុនឈេហ្វរ៉ុន បានព្រមព្រៀងលើលក្ខខណ្ឌមួយចំនួនដូចការទាមទាររបស់កម្មករ។ ការចរចានៅគ្រានោះ អ្វីដែលមិនអាចទៅរួច គឺភាគីក្រុមហ៊ុនពុំអាចផ្ដល់ប្រាក់ខែគោលឲ្យបានដល់ ១៦០ដុល្លារ ដូចការទាមទាររបស់កម្មករទេ។ ក៏ប៉ុន្តែជំនួសមកវិញ ភាគីក្រុមហ៊ុនឈេហ្វរ៉ុន បានផ្ដល់លុយ ២០ដុល្លារបន្ថែមលើប្រាក់ដែលមានស្រាប់។ លើសពីនេះ ក្នុងអំឡុងពេលធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១២ ឧសភា កន្លងទៅ ក្រុមហ៊ុនមិនកាត់ប្រាក់ខែរបស់បុគ្គលិកឡើយ និងបន្ថែមអត្ថប្រយោជន៍ដទៃទៀត។
ពាក់ព័ន្ធបញ្ហានេះ ប្រធានសហជីពមូលដ្ឋាននៃក្រុមហ៊ុនប្រេងសាំងកាល់តិច លោក យឿន រ៉េត យល់ឃើញថា ថ្វីបើលក្ខខណ្ឌទាំងសង្ខាងមើលទៅហាក់រលូនក៏ពិតមែន ក៏ប៉ុន្តែលោកអះអាងថា អ្វីដែលមិនអាចទៅរួចនោះ គឺភាគីក្រុមហ៊ុនបានធ្វើសេចក្ដីសម្រេចចុងក្រោយ ដែលពុំមាននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំទៅវិញ ដូចជា ដាក់បម្រាមមិនឲ្យកម្មករធ្វើបាតុកម្ម ឬកូដកម្មប្រឆាំងនៅក្នុងក្រុមហ៊ុន ជាដើម៖ «យុទ្ធសាស្ត្រដែលយើងព្រមទទួលបន្ទន់ឥរិយាបថដូចគ្នានេះ បានន័យថា ព្រមទទួលយកភាពឈ្នះទាំងអស់គ្នា អត់មានអ្នកចាញ់។ យើងដោះស្រាយបែបហ្នឹង ប៉ុន្តែនៅក្នុងហ្នឹងក្រុមហ៊ុនបែរទៅជាលើកឡើងនូវចំណុចមួយចំនួន ហាក់បីដូចជាបំបិទសិទ្ធិៗនៅក្នុងការទាមទារ អ្វីៗទាំងអស់។ វាផ្ទុយៗអំពីនៃកិច្ចព្រមព្រៀង។ ឥឡូវបើយើងព្រមព្រៀងដាក់អាហ្នឹង យើងដាក់អាហ្នឹងមក ដាក់ ២០ដុល្លារ។ អាហ្នឹងវាជាប្រាក់ខែគោល ហើយម៉េចត្រូវបន្ថែម គ្មានសិទ្ធិធ្វើស្អីៗផ្សេងៗ នេះវាមិនត្រូវ»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចស្នើសុំការបំភ្លឺពីភាគីក្រុមហ៊ុនបានទេ ពាក់ព័ន្ធបញ្ហានេះ នៅថ្ងៃទី២៣ ឧសភា។
លោក ស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) ដែលបានចូលរួមនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃសុក្រ ឲ្យដឹងថា ការសម្រេចបែបនេះរបស់ក្រុមហ៊ុន ដែលហាមប្រាមមិនឲ្យកម្មករទាមទារសិទ្ធិអ្វីទាំងអស់នៅក្នុងក្រុមហ៊ុន ជាថ្នូរនឹងការផ្តល់អ្វីគ្រប់យ៉ាងនៅពេលនេះ គឺជាការផ្ទុយនឹងគោលការណ៍ច្បាប់ ដែលមិនអាចទទួលយកបានឡើយ។ ហេតុនេះ បើទោះជាត្រូវចំណាយពេលយូរយ៉ាងណាក្នុងការទាមទារសិទ្ធិ ក៏កម្មករនឹងមិនរាថយឡើយ។ លោកចាត់ទុកថា លទ្ធផលដែលកម្មករទទួលបាននៅពេលនេះ វាគឺជាការបញ្ចប់អ្វីៗគ្រប់យ៉ាងទៅវិញរបស់កម្មករនៅថ្ងៃខាងមុខ៖ «ក្រដាសកែប្រែកិច្ចសន្យាការងារហ្នឹង យើងមើលឃើញថា គឺជាការរំលោភសិទ្ធិកម្មករនិយោជិក ហើយត្រូវតែចុះកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរទៅលើចំណុច បីចំណុច ដែលយើងបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤»។
នៅទន្ទឹមនឹងការប្រកាសធ្វើកូដកម្មជាថ្មីទៀតនេះ មានបុគ្គលិកផ្នែកលក់ និងផ្នែកស្តាមាត នៅតាមស្ថានីយប្រេងសាំងដូចគ្នាមួយចំនួន បានដំណើរអាជីវកម្មរបស់ខ្លួនជាធម្មតា ក្រោយពីការចរចារួច។ បញ្ហានេះ បុគ្គលិកផ្នែកខ្លះដែលមិនចូលរួមធ្វើកូដកម្មជាថ្មីឡើងវិញនេះ ដូចអ្នកមួយចំនួនទៀត ព្យាយាមមិនឆ្លើយតបនៅពេលសួរនាំពាក់ព័ន្ធនឹងជំហររបស់ពួកគេឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
