មន្ត្រីក្រសួងអប់រំយុវជន និងកីឡា មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការក្នុងវិស័យអប់រំ និងសិស្សនិស្សិត ជិត ២ពាន់នាក់ បានជួបជុំគ្នាប្រារព្ធទិវាជាតិអំណាន ក្រោមប្រធានបទ "បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន" នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១១ ខែមីនា។ ការជួបជុំគ្នានេះ ធ្វើឡើងនៅខណៈដែលសន្ទុះនៃការអានរបស់ប្រជាពលរដ្ឋខ្មែរនៅមានកម្រិតទាបជាងប្រទេសក្នុងតំបន់អាស៊ី។
ក្រសួងអប់រំ យុវជន និងកីឡា បានយកថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃកំណើតរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ប្រារព្ធទិវាជាតិអំណានលើកទី១ ដើម្បីជំរុញវប្បធម៌នៃការអាននៅកម្ពុជា និងរួមចំណែកកាត់បន្ថយអនក្ខរភាព។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំបានរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំសិក្សា២០១៥ ឆ្នាំ២០១៦ ដោយរៀបចំបណ្ណាល័យ និងបោះពុម្ពសៀវភៅបន្ថែម ហើយពិនិត្យឡើងវិញនូវកម្មវិធីសិក្សាខ្មែរដោយដាក់ឲ្យសិស្សអានសៀវភៅជាស្នាដៃនិពន្ធអក្សរសិល្ប៍ដើម្បីបង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រខ្មែរឲ្យបានទូលំទូលាយ។
លោក ហង់ ជួនណារ៉ុន ស្នើឲ្យសង្គមស៊ីវិលសហការចូលរួមលើកកម្ពស់ការអាននេះ៖ «ក្នុងការអំណានហ្នឹង គឺយើងត្រូវការបង្កើនទម្លាប់។ ជាការពិតយើងខ្វះបន្ទប់ដើម្បីរៀបចំបណ្ណាល័យ ខ្វះសៀវភៅដើម្បីឲ្យអាចឲ្យមានសៀវភៅគ្រប់កម្រិត ឲ្យសិស្សអានពីថ្នាក់តូចតែម្ដង ត្រូវមានការចូលរួមរបស់មាតា បិតា បើសិនជាសិស្សអានពីថ្នាក់ក្រោមមកពីអាយុ ៣ឆ្នាំ ទៅ ៥ឆ្នាំ នឹងបង្កើនទម្លាប់អានពេញមួយជីវិតតែម្ដង»។
រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីទិវាជាតិអំណានយកថ្ងៃទី១១ ខែមីនា ដើម្បីឲ្យប្រារព្ធជារៀងរាល់ឆ្នាំ។ ការយកថ្ងៃទី១១ ខែមីនា ធ្វើទិវានេះ គឺដើម្បីឧទ្ទិសដល់ថ្ងៃចាប់កំណើតរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គបានប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣។ ព្រះអង្គបានចំណាយពេលវេលាស្ទើរពេញមួយជីវិត រៀបរៀង និងកែសម្រួលពិនិត្យវចនានុក្រមអក្សរសាស្ត្រខ្មែរឡើងវិញ និងបានបោះពុម្ពផ្សាយលើកទី៥ នៅឆ្នាំ១៩៦៨។ ការរៀបចំទិវានេះ ក៏មានសង្គមស៊ីវិលធ្វើការក្នុងវិស័យអប់រំបានរៀបចំស្តង់ពិព័រណ៍ និងលក់សៀវភៅផងដែរ។
នាយកអង្គការស៊ីប៉ា (Sipar) លោក ហុក សុទ្ធិ បានសាទរចំពោះការរៀបចំទិវានេះ។
លោកថា ការបង្កើតព្រឹត្តិការណ៍នានាគឺជាការពញ្ញាក់ស្មារតីមើលឃើញពីសារសំខាន់នៃការអាន។ លោកកត់សម្គាល់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអានរបស់យុវជន សិស្សានុសិស្សមានការកើនឡើងបន្តិច ប៉ុន្តែមិនទាន់ដល់កម្រិតមួយនៅឡើយ ដែលបន្តិចទាមទារឲ្យពង្រឹងការអានបន្ថែមទៀត៖ «ដើម្បីទាក់ទាញការអានទី១ គឺចាប់ផ្ដើមពីគ្រួសារមក។ ខ្ញុំគិតថា ឪពុកម្ដាយគួរតែជំរុញកូន២របស់គាត់តាំងពីនៅតូចម្ល៉េះឲ្យចាប់អារម្មណ៍សៀវភៅ ត្រូវទិញសៀវភៅឲ្យកូនអាន នាំកូនទៅបណ្ណាល័យកន្លែងណាដែលយើងគិតថា មានបណ្ណាល័យនេះជាមធ្យោបាយដែលធ្វើឲ្យមានការទាក់ទង។ បន្ទាប់មកនៅតាមគ្រឹះស្ថាននានា ស្ថាប័នផ្សេងៗ គួរតែបង្កើតឲ្យមានអនាម័យ ពីព្រោះបើគ្មានបណ្ណាល័យ មានន័យថា យើងអត់មានបរិយាកាសអំណានទេ បើយើងអត់មានបរិយាកាសអំណានមនុស្សក៏អត់ចាប់អារម្មណ៍ការអានដែរ»។
និស្សិតឆ្នាំទី៤ ផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ប៉ែន ម៉ាណែត ដែលកំពុងដើរមើលពិព័រណ៍សៀវភៅថ្លែងទាំងទឹកមុខញញឹមញញែមថា នាងតែងចំណាយពេល ១ម៉ោងក្នុងមួយថ្ងៃដើម្បីអាន។ រយៈពេលជិត ២ឆ្នាំនាងបានអានសៀវភៅជិត ៣០០ក្បាល៖ «ជាការពិតពេលដែលអានហើយមានអារម្មណ៍ថា យើងដូចបានផ្លាស់ប្ដូរខ្លួនឯងអ៊ីចឹង។ យើងជម្រះគំនិតចាស់ៗដែលយើងធ្លាប់គិតអវិជ្ជមានក្នុងជីវិត ទទួលយកគំនិតថ្មីៗមកវិញអាចអភិវឌ្ឍន៍ខ្លួនយើងឲ្យយើងកែប្រែខ្លួនយើងឲ្យល្អជាងមុន។ យុវជនខ្មែរទាំងអស់គ្នា គួរតែចាប់អារម្មណ៍អានសៀវភៅឲ្យបានច្រើន ព្រោះសៀវភៅគឺជាបណ្ដុំនៃចំណេះដឹង កាលណាយើងអានច្រើនយើងស្វែងយល់ពីពិភពលោកបានច្រើនយើងលែងជាកង្កែបក្នុងអណ្ដូងតទៅទៀត យើងអាចយល់ដឹងពីពិភពខាងក្រៅបានច្រើនមិនថា ព្រឹត្តិការនៅក្នុងស្រុក ឬនៅក្រៅប្រទេស»។
ដើម្បីជំរុញការអាននៅកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំងការអាន ការនិទានរឿង ស្មូតកំណាព្យ និងការតែងនិពន្ធ នៅឆ្នាំ២០១៧ ដើម្បីលើកទឹកចិត្តឲ្យសិស្សនិស្សិតចាប់អារម្មណ៍ក្នុងការអាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។