កម្មករ​រោងចក្រ​កាត់​ដេរ​ខេមបូ​ហិនសាំ​ធ្វើ​កូដកម្ម​ពីរ​ថ្ងៃ​ជាប់​គ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ

0:00 / 0:00

កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ខេមបូ ហិនសាំ (Cambo Handsome) ស្ថិត​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ជាង ២​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​២​ថ្ងៃ​ជាប់​គ្នា គឺ​ចាប់​ពី​ថ្ងៃ​ពុធ ទី​២១ ឧសភា មក ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​ល្អ​ក្នុង​រោងចក្រ។ គណៈ​បញ្ជា​ការពារ​កង​ឯកភាព​ខណ្ឌ នៅ​ថ្ងៃ​ទី​២២ ឧសភា បាន​រារាំង​មិន​ឲ្យ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​បន្ត​ទៀត​ឡើយ។

កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ខេមបូ ហិនសាំ ដែល​មាន​ទីតាំង​នៅ​ភូមិ​អង្គ ឃុំ​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ឈរ​មុខ​រោងចក្រ​មិន​ចូល​ធ្វើ​ការ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ឲ្យ​ពួក​គេ និង​ដក​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ប្រចាំ​រោងចក្រ​ម្នាក់​ចេញ​ពី​ការងារ។

កម្មករ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា ថ្លែង​នៅ​ថ្ងៃ​ទី​២២ ឧសភា ថា ពួក​គាត់​ធ្វើ​កូដកម្ម​មាន​គោល​បំណង ពីរ​សំខាន់ គឺ​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដាច់​កិច្ច​សន្យា​ការងារ​ចាស់​របស់​ពួក​គេ ដើម្បី​បាន​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ដែល​ពួក​គេ​បាន​ធ្វើ​ជិត ១០​ឆ្នាំ​មក​ហើយ​នោះ។ ការ​ទាមទារ​នោះ ពួក​គាត់​ចង់​បាន​ទុន​ទៅ​ប្រកប​មុខ​របរ​នានា នៅ​ពេល​ចង់​ឈប់​ធ្វើ​ការ ដោយ​ពួក​គេ​ព្រួយ​បារម្ភ​ពី​ការ​រត់​គេច​របស់​ថៅកែ​រោងចក្រ។ លោក​បន្ត​ថា ចំណុច​សំខាន់​ដែល​កម្មករ​ទាមទារ​មួយ​ទៀត​នោះ គឺ​ពួក​គេ​បាន​ផ្ដិត​មេដៃ​ដាក់​សំណើ​ឲ្យ​ក្រុមហ៊ុន ដក​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​សហជីព​ខ្មែរ​ប្រចាំ​រោងចក្រ​ចេញ ដោយសារ​តែ​បុគ្គល​នោះ​តែង​គំរាម​កំហែង និង​រារាំង​មិន​ឲ្យ​កម្មករ​តវ៉ា​យក​លក្ខខណ្ឌ​ការងារ​ល្អ។

កម្មករ​ដដែល​អះអាង​ថា កន្លង​មក ថៅកែ​បាន​ទទួល​យក​លក្ខខណ្ឌ​ជា​ច្រើន​ចំណុច ដែល​កម្មករ​បាន​ទាមទារ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ចំណុច​ពីរ​ដែល​ពួក​គាត់​ចង់​បាន​នៅ​ពេល​នេះ ថៅកែ​រោងចក្រ​មិន​ដោះស្រាយ​ឡើយ៖ «កម្មករ​បាតុកម្ម​អត់​សុខ​ចិត្ត​អា​រឿង​លុយ​ការងារ ប៉ុន្តែ​ចំណុច​ក្រៅ​ពី​ហ្នឹង ក្រុមហ៊ុន​បាន​ឯកភាព​បាន​យល់​ព្រម​អស់​ហើយ តាំង​ពី​លុយ​ព្រីម​កាត់ ដោយ​សមាមាត្រ​លុយ​ព្រីម ១៣​ដុល្លារ ១​ថ្ងៃ​កាត់ ២​ពាន់ ពី​មុន​ដាក់​ច្បាប់​ឈប់​១​ថ្ងៃ លុយ​ព្រីម​កាត់​១​ថ្ងៃ ៤​ដុល្លារ ដល់​ឥឡូវ​កម្មករ​ស្នើ​ថា​ឲ្យ​កាត់​តាម​សមាមាត្រ ក្រុមហ៊ុន​ក៏​ឯកភាព ក៏​ព្រម​តាម​កម្មករ​ដែរ។ ឥឡូវ​អា​លុយ​ធំ គឺ​នៅ ៥% ដែរ ហើយ​កម្មករ​ឥឡូវ​ហ្នឹង គឺ​មាន​កំហឹង​ពុះ​កញ្ជ្រោល​ខឹង​សហជីព​ហ្នឹង គឺ​ចង់​ដក​សហជីព​ខាង​ក្នុង​ហ្នឹង​ចេញ​ហ្មង គោលដៅ​មាន​តែ ២​ចំណុច​ហ្នឹង​ណា»

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ មាន​ប្រសាសន៍​ថា ក្នុង​ពេល​តវ៉ា​នៅ​ថ្ងៃ​ដដែល គណៈ​បញ្ជា​ការពារ​កង​ឯកភាព​ខណ្ឌ​ពោធិ៍សែនជ័យ បាន​រារាំង​ក្រុម​ការងារ​គាត់​ដែល​កំពុង​ស្រែក​មេក្រូ និង​ចាប់​ឧបករណ៍​បំពង​សំឡេង រួម​ទាំង​ដក​យក​លិខិត​អំពាវនាវ​ទៅ​កម្មករ​​របស់​លោក​ថែម​ទៀត។ លោក​ថា កម្មករ​បាន​ពឹង​សហជីព​លោក​ឲ្យ​ជួយ​ដោះស្រាយ ហើយ​លោក​បាន​ប្រកាស​ឲ្យ​កម្មករ​រំសាយ​កូដកម្ម ដោយ​លោក​បាន​ដាក់​លិខិត​សុំ​ចរចា​ជាមួយ​ភាគី​រោងចក្រ។

លោក សៀង សម្បត្តិ៖ «មាន​សហជីព​គេ​បាន​ចរចា​មួយ​ចំនួន ប៉ុន្តែ​វា​អត់​ជា​លទ្ធផល​សម្រាប់​គេ ការ​ចរចា​មិន​ទាន់​មាន​លទ្ធផល​ច្បាស់​លាស់ គាត់​បាត់​ខ្លួន​អស់។ យើង​បាន​ដាក់​លិខិត​ណាត់​ជួប​ក្រុមហ៊ុន​ដែរ តែ​ក្រុមហ៊ុន​អត់​ព្រម​ទទួល​យក​លិខិត​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ភាគី​រោងចក្រ ដើម្បី​បកស្រាយ​ចំពោះ​ការ​ទាមទារ​របស់​កម្មករ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ឧសភា ដោយ​អ្នក​លើក​ទូរស័ព្ទ​ថា ប្រធាន​រដ្ឋបាល​រោងចក្រ លោក ស ប៊ុនធឿន មិន​នៅ។

កាល​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា កម្មករ​បាន​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​នេះ គោរព​លក្ខខណ្ឌ​ការងារ​ជាង ១០​ចំណុច។ ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ក៏​មាន​ការ​ជួបជុំ​ដោះស្រាយ​ម្ដង​រួច​មក​ហើយ រវាង​ភាគី​រោងចក្រ សមាគម​រោងចក្រ​កាត់​ដេរ តំណាង​កម្មករ និង​សហជីព នៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។ ក្នុង​ពេល​ចរចា​នោះ នៅ​សល់​តែ​២​ចំណុច​ធំៗ​ដែល​កំពុង​តវ៉ា ដោយ​ភាគី​រោងចក្រ​សុំ​ពេល​១​សប្ដាហ៍ ដើម្បី​ពិចារណា ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​រហូត​មក​ដល់​ពេល​នេះ ទើប​ធ្វើ​ឲ្យ​កម្មករ​បន្ត​ធ្វើ​កូដកម្ម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។