កម្ពុជា​មាន​គម្រោង​បិទ​ច្រក​របៀង​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​ទាំង​អស់

កម្ពុជា​មាន​គម្រោង​បិទ​ច្រក​របៀង​ទាំងអស់ ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ការ​រត់​ពន្ធ​គ្រឿងញៀន និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ច្រក​ព្រំដែន​អន្តរជាតិ​ថ្មី​នៅ​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើក​ឡើង​ថា នៅ​តាម​ច្រក​របៀង​តូចៗ​ទាំងនោះ ពុំ​មាន​មន្ត្រី​ចាំ​យាម​ត្រឹមត្រូវ និង​ពុំបាន​ផ្ដល់​ផលប្រយោជន៍​អ្វី​ឡើយ។ លោក ស ខេង បន្ត​ថា កម្ពុជា​បាន​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ជាច្រើន នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ហើយ​ច្រក​ទ្វារ​ប៉ោយប៉ែត​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដែល​សម្បូរណ៍​អ្នកទេសចរ​ធ្វើដំណើរ​ឆ្លងកាត់។

អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ ឲ្យ​ដឹង​ថា អគារ​ថ្មី​កម្ពស់ ៣​ជាន់​របស់​ព្រំដែន​អន្តរជាតិ​នៅ​ប៉ោយប៉ែត ដែល​ទើប​សាងសង់​រួច នឹង​ប្រើប្រាស់​សម្រាប់​ចេញ​លិខិតឆ្លងដែន និង​ទិដ្ឋាការ សម្រាប់​ភ្ញៀវ​ទេសចរ និង​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ ទើបបាន​ជួសជុល​និង​ធ្វើ​ឲ្យ​ស្អាត​ល្អ​ឡើងវិញ ដោយ​ប្រើ​ពេល​១៨​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។