មុខរបរដាំដំឡូងមី គឺជាការងារកសិកម្មចាំបាច់មួយរបស់កសិករនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រៅពីមុខរបរដាំសណ្ដែក ពោត ស្រូវ និងចូលព្រៃកាប់ឈើលក់ ប៉ុន្តែមុខរបរដាំដំឡូងមីរបស់អ្នកស្រុកភ្នំក្រវាញ មួយចំនួន ប្រឈមនឹងការខាតបង់ខ្ពស់ ដោយសារបញ្ហាអាកាសធាតុ និងតម្លៃដំឡូងចុះថោកពេលប្រមូលផល ខណៈពួកគាត់ជាប់បំណុលនៅធនាគារ។
តើមានហេតុផលអ្វីខ្លះដែលអ្នកស្រុកភ្នំក្រវាញ នៅតែបន្តដាំដំឡូង ដើម្បីជម្នះនូវការខាតបង់ទាំងនេះ?
បច្ចុប្បន្ន ផ្ទៃដីកសិកម្ម ឬដីចម្ការក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទំហំធំជាងបណ្ដាស្រុកដទៃនៃខេត្តនេះ ប៉ុន្តែផ្ទៃដីទាំងនេះភាគច្រើន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងរបស់អ្នកមានលុយ ឬមានអំណាចមួយចំនួន។ ចំណែកអ្នកស្រុកខ្លះវិញ បង្ខំចិត្តខ្ចីប្រាក់ពីនាយទុន ឬធនាគារ ដើម្បីជួលដីចម្ការ និងធ្វើដើមទុនដាំដំឡូងមីជារៀងរាល់ឆ្នាំ។
កសិករម្នាក់រស់នៅឃុំផ្ទះរុង ស្រុកភ្នំក្រវាញ គឺលោកស្រី ញាណ សុខរឿន មានប្រសាសន៍ថា ដើម្បីចិញ្ចឹមកូន ១០នាក់នៅក្នុងបន្ទុកតែម្នាក់ឯងដោយប្ដីស្លាប់ចោលនោះ រូបគាត់ត្រូវជួលដីគេ ១ហិកតារបន្ថែមលើដីដែលខ្លួនមានស្រាប់ទំហំ ២ហិកតារ ដើម្បីដាំដំឡូង។ លោកស្រីថា អ្នកចម្ការដូចគាត់មិនរំពឹងអ្វីក្រៅពីដាំដំឡូង ឬសណ្ដែកឡើយ ខណៈគាត់ជំពាក់បំណុលនាយទុនកាន់តែច្រើន៖ « ឆ្នាំទៅខ្ញុំដាំបានលុយ ៧លានរៀល។ ឆ្នាំនេះបានតែ ៥លានទេ។ ខ្ញុំជំពាក់លុយរដ្ឋ ( លុយអង្គការ ) និងនាយទុន។ ឥឡូវហ្នឹងគេចង់អូសយកដីខ្ញុំ។ បើអត់ដាំដំឡូងខ្លួនឯង មានតែស៊ីឈ្នួលគេ ទៅចោលកូនតូចៗច្រើន »។
លោកស្រីរំឭកថា គ្រួសារគាត់ធ្លាប់មានដីចម្ការ ៥ហិកតារ តែត្រូវក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច តូច ហៀវ រំលោភយក។ ក្រោយមក គឺនៅឆ្នាំ២០១២ ទើបក្រុមនិស្សិតវាស់ឆ្វៀលដីឲ្យគាត់ ២ហិកតារវិញ។
ចំណែកកសិករ ណុប ផាន ឲ្យដឹងថា សព្វថ្ងៃគាត់មានដីចម្ការក្បែរផ្ទះមិនដល់ ១ហិកតារទេ ទើបក្នុងមួយឆ្នាំៗគាត់ត្រូវចំណាយលុយ ១លានរៀលជួលដីទំហំ ១ហិកតារកន្លះ ដើម្បីដាំដំឡូងបន្ថែម។ លោកថា ដ្បិតឆ្នាំនេះដំឡូងមិនខូចខាតច្រើនដោយគ្រោះធម្មជាតិ ប៉ុន្តែបញ្ហាតម្លៃដំឡូងធ្លាក់ចុះពី ៦៦០រៀលក្នុង ១គីឡូក្រាម មកនៅត្រឹម ៤៤៧រៀលក្នុង ១គីឡូក្រាមនៅដើមឆ្នាំ២០១៦ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពកសិករ៖ « ឆ្នាំក្រោយនៅតែធ្វើទៀត បើមិនធ្វើគឺអត់ ទោះខាត ឬចំណេញត្រូវតែធ្វើ។ ឥឡូវឲ្យសម្ដេចជួយស្រែកឲ្យដំឡូងឡើងថ្លៃទៅ។ ជំពាក់លុយគេ ១២លានរៀល មិនដឹងធ្វើយ៉ាងម៉េចបើដីក៏អត់ បើមានដីចេះតែដាំដំឡូងសងគេបណ្ដើរៗទៅបង »។
នាយទុន និងឈ្មួញកណ្ដាល បានប្រមូលទិញដំឡូងមីទាំងស្ងួតទាំងសើម សម្រាប់នាំចូលរោងចក្រកែច្នៃចំណីអាហារ ឬចំណីសត្វនៅក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង។ តម្លៃដំឡូងថ្លៃ ឬចុះថោក គឺអាស្រ័យលើបរិមាណដំឡូង និងតម្រូវការក្នុងរបបទីផ្សារសេរី ប៉ុន្តែឈ្មួញប្រមូលទិញដំឡូងអះអាងថា បើទោះបីជាកសិករត្អូញត្អែររឿងតម្លៃ ខ្លួនមិនអាចទិញក្នុងតម្លៃខ្ពស់ថេរនោះទេ។
ឈ្មួញក្នុងស្រុកម្នាក់ គឺលោក នាន់ សាវី ហៅ កី ថ្លែងថា រយៈពេលពីរឆ្នាំហើយដែលលោកទិញដំឡូងនៅតំបន់បឹងស្ដុក ឋិតនៅក្នុងទឹកដីរដ្ឋបាលស្រុកបាកាន និងស្រុកភ្នំក្រវាញ។ រាល់ឆ្នាំ លោកមិនបានបោះទុនជូនកសិករមុន ដើម្បីដាំដំឡូងនោះទេ គឺចាំដល់រដូវប្រមូលផល ចាប់ផ្ដើមចុះទិញតែម្ដង។ លោកថា ក្នុងមួយថ្ងៃលោកអាចទិញដំឡូងស្ងួតបានជាង ២០តោន នាំចេញទៅថៃ តាមច្រកសំពៅលូន ខេត្តបាត់ដំបង៖ « អូ ! បើនិយាយទៅប្រជាពលរដ្ឋត្អូញត្អែរខ្លាំងណាស់ ព្រោះឆ្នាំនេះតម្លៃដំឡូងថោក។ មូលហេតុលុយបាតចុះ ព្រោះយើងលក់ទៅថៃ ទាក់ទងនឹងលុយបាត »។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី ធ្លាប់លើកឡើងថា កសិករខ្មែរ ៨៥ភាគរយមានដីក្រោម ១ហិកតារ ដែលធ្វើឲ្យពួកគាត់មិនអាចបង្កើនផលិតភាពកសិកម្ម។ ការលើកនេះ គឺត្រូវនឹងស្ថានភាពពិតរបស់អ្នកភូមិជ្រៃក្រឹម នៃឃុំផ្ទះរុង ជាង ៤០គ្រួសារ ដែលកំពុងខ្វះដីធ្លីធ្វើកសិកម្ម ប៉ុន្តែមានកសិករខ្លះទទួលបានដីខ្លះពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមកវិញ តាមរយៈក្រុមនិស្សិតចុះវាស់វែង។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ ថ្លែងថា ផ្ទៃដីកសិកម្មរួមក្នុងខេត្តមាន ១២ម៉ឺនហិកតារ ក្នុងនោះផ្ទៃដីដាំដំឡូងរបស់កសិករមានជាង ២ម៉ឺនហិកតារ និងដីដាំដំឡូងក្រុមហ៊ុនមានជាង ២ម៉ឺនដែរ។ លោកថា បច្ចុប្បន្នតម្លៃដំឡូងបានឡើងដល់ ៥៣០រៀលវិញហើយក្នុង ១គីឡូក្រាម ក្រោយពីលោក និងអភិបាលរងខេត្តម្នាក់ ហៅតំណាងកសិករប្រជុំ៖ « កន្លែងខ្លះយើងឲ្យគាត់ផ្អាកលក់សិន និងកន្លែងខ្លះយើងណែនាំបច្ចេកទេស ដើម្បីឲ្យប្រមូលផលដល់ខែ២ ឬខែបី ព្រោះខ្លះប្រមូលពីខែមួយអីមកវាធ្លាក់ថោក។ ឥឡូវឡើង ៥៣០រៀលវិញហើយ ដោយសារយើងមាននយោបាយអ៊ីចឹង »។
លោក ឡាយ ពិសិដ្ឋ ថាមន្ទីរមិនបានស្រង់ចំនួនកសិករខ្វះខាតដីធ្វើកសិកម្មនោះទេ ប៉ុន្តែតាមរយៈគោលនយោបាយចាស់សកម្មភាពថ្មីរបស់រដ្ឋាភិបាល ប្រជាកសិករទទួលបានដីកសិកម្មច្រើនហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។