អង្គការអន្តរជាតិមួយនេះបានបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ច្រើនឆ្នាំមកហើយ ដោយបានចុះត្រួតពិនិត្យ តែមិនបានផ្សព្វផ្សាយនូវអ្វីដែលគេបានរកឃើញក្នុងវិស័យកាត់ដេរកន្លងមកទេ។ សេចក្តីប្រកាស នឹងផ្សាយការវាយតម្លៃរោងចក្រកាត់ដេរជាសាធារណៈនោះ ត្រូវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានថ្លែងការណ៍គាំទ្រ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ចេញសេចក្តីថ្លែងការណ៍ជំរុញអ្នកទិញ និងសមាគមកាត់ដេរ (GMAC) ឲ្យគាំទ្រការអនុវត្តតម្លាភាពក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅកម្ពុជា។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងថា អង្គការអន្តរជាតិខាងការងារ នឹងបើកចំហរបាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃពីស្ថានភាពការងារនៅក្នុងរោងចក្រកាត់ដេរ ពីការប្រឈមរបស់កម្មករ និងការខ្វះខាតនានារបស់រោងចក្រកាត់ដេរនីមួយៗ ព្រោះកន្លងមក គម្រោងរោងចក្រកាត់ដេរកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារនោះ មិនបានផ្សព្វផ្សាយរបាយការណ៍ពីការវាយតម្លៃរោងចក្រកាត់ដេរណាអនុវត្តការងារល្អ និងមិនល្អនោះទេ៖ «ខ្ញុំជឿជាក់ថា ក្រុមហ៊ុនល្អនឹងសប្បាយចិត្តក្នុងការចូលរួមប្រកាសគម្រោង ប្រកាសសមត្ថភាពនៅពេលខាងមុខនេះ។ អីចឹង ខ្ញុំជឿជាក់ថា ចុងបញ្ចប់ប្រហែលជាក្រុមហ៊ុនដែលមិនល្អ ក្រុមហ៊ុនដែលឆក់កណ្ដៀត ប្រហែលជាចេញពីប្រទេសកម្ពុជា មែន ឬមួយក៏ត្រូវការកែខ្លួនឯងឲ្យបានល្អ និងការពារសិទ្ធិរបស់កម្មករ»។
លោក អ៊ូ វីរៈ បន្តថា ការកើនឡើងនៃការទាមទាររបស់កម្មកររោងចក្រកាត់ដេរនាប៉ុន្មានខែចុងក្រោយនេះ ក៏ដូចជាការបាត់ស្រុតពិតានអគារនៅរោងចក្រស្បែកជើង បានសម្លាប់កម្មករ ២នាក់ ជាការឆ្លុះបញ្ចាំងនូវលក្ខខណ្ឌការងារនៅក្នុងរោងចក្រនៃប្រទេសកម្ពុជា និងកង្វះការគោរពសិទ្ធិមនុស្ស បានរាលដាលនៅក្នុងវិស័យឧស្សាហកម្មនេះ។
លោកថា ការផ្សព្វផ្សាយរបាយការណ៍នោះ អាចការបង្កើននូវតម្លាភាពពាក់ព័ន្ធនឹងលក្ខខណ្ឌការងាររបស់រោងចក្រកាត់ដេរ ដែលគួរតែត្រូវបានគេលើកទឹកចិត្តពីប្រភពក្រុមហ៊ុននានា នៅក្នុងប្រទេសកម្ពុជា។ កិច្ចផ្ដួចផ្ដើមនេះ នឹងអនុញ្ញាតឲ្យសង្គមស៊ីវិល រួមទាំងអ្នកប្រើប្រាស់ ដាក់សម្ពាធទៅលើរោងចក្រ ដើម្បីធ្វើឲ្យលក្ខខណ្ឌការងារប្រសើរ និងជំរុញការអនុវត្តកិច្ចការពារសិទ្ធិមនុស្ស ស្របតាមការទទួលខុសត្រូវផ្នែកសង្គមសាជីវកម្ម ដែលនឹងពង្រឹងបរិមាណផលិតផល និងលំនឹងនៅក្នុងវិស័យឧស្សាហកម្ម។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការការងារអន្តរជាតិ ប្រកាសព័ត៌មានថា នឹងបង្ហាញជាសាធារណៈនៅខែមករា ឆ្នាំ២០១៤ ពីការរកឃើញក្នុងការត្រួតពិនិត្យរបស់គម្រោងនោះ នូវព័ត៌មានរោងចក្រនីមួយៗអំពីការគោរពច្បាប់ ស្ដីពីការងាររបស់ប្រទេសកម្ពុជា និងបទដ្ឋានការងារអន្តរជាតិរបស់រោងចក្រកាត់ដេរ។
មន្ត្រីសម្របសម្រួលគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា លោក គាំ ទីវា ថ្លែងថា ការធ្លាក់ចុះនៃការអនុវត្តតាមបទដ្ឋានច្បាប់ការងារជាតិ និងអន្តរជាតិ រួមមានបញ្ហាប្រាក់ឈ្នួលបើកទៀងទាត់ និងប្រាក់បន្ថែមម៉ោងត្រឹមត្រូវ ឬអត់ សុវត្ថិភាពអគ្គិភ័យ និងតម្រូវការផ្សេងៗទាក់ទងនឹងសុខភាព និងសុវត្ថិភាព នឹងបង្ហាញនៅក្នុងរបាយការណ៍សាធារណៈ តាមរយៈគេហទំព័ររបស់គម្រោង។ លោកថា ព័ត៌មានលម្អិតពីកូដកម្ម និងសហជីព ដោយកត់សម្គាល់លើការអនុវត្តច្បាប់របស់សហជីព ជាមួយនឹងតម្រូវការស្របច្បាប់ក្នុងការធ្វើកូដកម្ម។
លោក គាំ ទីវា៖ «យើងបានចែកជា ២ប្រភេទដែរ នៅក្នុងការផ្សព្វផ្សាយដែលប្រភេទទី១ យើងហៅថាបញ្ហាចម្បងៗដែលមាន ២១ចំណុច និងបញ្ហាទី២ គឺការគោរពច្បាប់ជាទូទៅ ដែលយើងមានចំនួន ៥២ចំណុច ដែលយើងយល់ថា រោងចក្រភាគច្រើនដែលមិនបានគោរពច្បាប់ជាយូរណាស់មកហើយ ពីព្រោះថា គាត់ត្រូវបានពួកយើងនេះចុះធ្វើការពិនិត្យ និងត្រួតពិនិត្យជាច្រើនដង បានផ្តល់ជាអនុសាសន៍នៅក្នុងការកែប្រែ ប៉ុន្តែភាគច្រើន គឺថាគាត់អត់បានចាប់អារម្មណ៍ទេនៅក្នុងការកែប្រែ ហើយនៅក្នុងរោងចក្រទាំងអស់នោះ វាមានត្រឹម ១០ ទៅ ១៥រោងចក្រប៉ុណ្ណោះ ដែលបានធ្វើឲ្យរោងចក្រដទៃទៀត វាមានលក្ខណៈខាងវិស័យកាត់ដេរនៅកម្ពុជា យើងអាក្រក់ មិនមានស្ថានភាពល្អ ដោយសារពួកគាត់មិនបានធ្វើការកែប្រែ»។
នៅក្នុងប្រទេសកម្ពុជា រោងចក្រកាត់ដេរជាង ៤៥០ បានចុះឈ្មោះជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ គម្រោងនោះ ចុះត្រួតពិនិត្យរោងចក្រទាំងអស់នោះយ៉ាងតិច ២ដង ស្វែងរកពីការគោរពច្បាប់របស់រោងចក្រនីមួយៗ។
លោក គាំ ទីវា សង្ឃឹមថា ការបង្ហាញរបាយការណ៍ត្រួតពិនិត្យរោងចក្រកាត់ដេរជាសាធារណៈ នឹងមានឱកាសផ្តល់ព័ត៌មាន និងបង្ហាញពីភាពរីកចម្រើនរបស់រោងចក្រនានា តាមរយៈគេហទំព័រដោយផ្ទាល់។ លោកថា គម្រោងរោងចក្រកាន់តែប្រសើរ នឹងប្រកាសឲ្យដឹងពីពេលវេលាដែលអាចទាញយកពិនិត្យ តាមដានពីស្ថានភាពរបស់រោងចក្រកាត់ដេរទាំងជាង ៤៥០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
