ក្រសួងមហាផ្ទៃ សម្រេចបង្កើតឲ្យមានមជ្ឈមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ ដែលសំដៅដល់ប្រព័ន្ធតាមដានពីសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ មជ្ឈមណ្ឌលដែលត្រួតពិនិត្យពីសន្តិសុខ និងចរាចរណ៍តាមរយៈប្រព័ន្ធកាមេរ៉ាសុវត្ថិភាពលើដងវិថីនានានេះ នឹងដាក់ឲ្យដំណើរការក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខទៀតនេះ។ អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយយល់ឃើញថា តាមរយៈប្រព័ន្ធថ្មី និងទំនើបនេះ ប្រហែលជាអាចជួយការពារសុវត្ថិភាព និងសន្តិសុខជូនដល់ពលរដ្ឋបានសុខសាន្តជាងមុន។
សេចក្ដីសម្រេចនេះដែលត្រូវបានក្រសួងមហាផ្ទៃ ផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៩ សីហា បានបង្កើតមុខងារជាច្រើនប្រភេទក្នុងការទទួលខុសត្រូវ ដើម្បីឲ្យប្រាកដថា ប្រព័ន្ធតាមដានពីសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនេះ គឺជាឧបករណ៍មួយមានមុខងារក្នុងការកំណត់មុខសញ្ញាជនល្មើសបានលឿន រហ័ស និងមានប្រសិទ្ធភាពជាងមុន។
សេចក្ដីប្រកាសស្ដីពីការបង្កើតមជ្ឈមណ្ឌលប្រចាំបញ្ជាក្រុងភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ស ខេង នេះ គឺជាមជ្ឈមណ្ឌលមួយស្ថិតនៅក្រោមចំណុះឲ្យសាលាក្រុងភ្នំពេញ ហើយមានទីតាំងនៅក្នុងបរិវេណសាលាក្រុងភ្នំពេញតែម្ដង។
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី ឲ្យដឹងថា ពេលនេះក្រុមការងារប្រចាំបញ្ជាកំពុងដាក់ឲ្យបណ្ដុះបណ្ដាលពីជំនាញ មុននឹងត្រូវចូលបំពេញភារកិច្ចក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកបន្តថា « យើងបណ្ដុះបណ្ដាលហើយ និង សង្ឃឹមថា ក្នុងសប្ដាហ៍ ក្រោយនេះ មជ្ឈមណ្ឌល នេះត្រូវបាន រៀបចំការងារប្រចាំបញ្ជា នៅក្នុង សប្ដាហ៍ក្រោយ នេះហើយ »។
មជ្ឈមណ្ឌលថ្មីនេះមានភារកិច្ចមួយចំនួនរួមមាន ទទួលទូរស័ព្ទទាន់ពេល វិភាគទិន្នន័យ បង្កើតសៀវភៅ និងកត់ត្រារាល់ទិន្នន័យព័ត៌មាន រក្សាទុកទិន្នន័យឲ្យបានគត់មត់ និងតាមដានជាប្រចាំនូវទិន្នន័យរូបភាព ជាដើម ចាប់យកទិន្នន័យដែលផ្ដល់ដោយប្រព័ន្ធកាមេរ៉ាដែលបំពាក់នៅតាមទីសាធារណៈ និងមានក្រុមការងារទទួលទូរស័ព្ទទាន់ហេតុការណ៍ ដូចជាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាចរាចរណ៍ និងសុវត្ថិភាពសង្គម ដើម្បីចាត់ចែង និងដោះស្រាយឲ្យទាន់សភាពការណ៍ភ្លាមៗ។
យ៉ាងនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ មានជំនឿថា តាមរយៈមជ្ឈមណ្ឌលថ្មី និងទំនើបនេះ អាចជួយកាត់បន្ថយបញ្ហាស្មុគស្មាញទាក់ទិនសន្តិសុខ និងសណ្ដាប់ធ្នាប់បានច្រើនករណីនៅក្នុងសង្គមជាងមុន។ លោកបន្តថា « ការប្រើប្រាស់ ប្រព័ន្ធអាយធី (IT) បច្ចេកវិទ្យានេះ គឺវាបាន ឆាប់រហ័ស ។ ខ្ញុំថានេះអាច ឆ្លើយតបបាន និងទប់ទល់ស្ថានការណ៍ថ្មីៗនេះបាន »។
សេចក្ដីសម្រេចនេះក៏បានបង្កើតក្រុមប្រចាំបញ្ជាចំនួន ៥ក្រុម សម្រាប់ប្ដូរវេនគ្នាជាអចិន្ត្រៃយ៍ ២៤ លើ ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ បន្ថែមពីលើនេះទៀត ក្នុងវេននីមួយៗមានពេល ៦ម៉ោង ហើយក្រុមប្រចាំវេននីមួយៗមានមន្ត្រីចំនួន ១៦នាក់។
ស្របពេលការបង្កើតឲ្យមានប្រព័ន្ធថ្មីដើម្បីត្រួតពិនិត្យពីសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គមនេះ មានបទល្មើសជាច្រើនករណីកំពុងកើតឡើងតាមរយៈការប្រើប្រាស់អាវុធបាញ់សម្លាប់មនុស្សក្នុងទីក្រុងភ្នំពេញ និងត្រូវរងការរិះគន់ថា អ្នកប្រព្រឹត្តបទល្មើសមួយចំនួនតែងរួចខ្លួនពីការផ្ដន្ទាទោស។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រតិកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយចាត់ទុកថាអំពើចោរកម្មដែលតែងគំរាមកំហែងពីសន្តិសុខ និងសុវត្ថិភាពពលរដ្ឋ គឺជាមុខសញ្ញាចាស់ដែលចាំបាច់ត្រូវមានការត្រួតពិនិត្យឲ្យម៉ត់ចត់ឡើងវិញ។ លោក ហ៊ុន សែន ទទួលស្គាល់ថា នេះជាការធ្វេសប្រហែសមួយ ហើយក៏ព្រមានមន្ត្រីក្រោមបង្គាប់របស់លោក ត្រូវធ្វើការដោយម៉ឺងម៉ាត់ បើមិនដូច្នេះទេ បញ្ហាកាន់តែស្មុគស្មាញ។ លោកបន្តថា « មុខចោរដដែលៗ គឺចោរចូលគុក មិនដែល ចេះជាប់គុក យូរ។ អ៊ីចឹងសូមមើល ឡើងវិញ ខ្ញុំនិយាយសាជាថ្មី។ ពីមុនខ្ញុំនិយាយថាខ្ញុំប្រើកណ្ដាប់ដៃដែករបស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿងនេះ ។ ឥឡូវនេះ ឲ្យតែប្រភេទចោរ និងពួកគ្រឿងញៀន វាចេញពីគុកដូចជាស្រួលពេកតែម្ដង ។ ពួកនេះ តែ ង ចេញ បង្ករឿង ពីមុន វា ត្រឹមតែ ប្លន់ទេ អត់ទាន់ហ៊ាន សម្លាប់មនុស្ស ទេ ប៉ុន្តែវាចេញលើក ក្រោយនេះ វាហ៊ានសម្លាប់មនុស្ស »។
មន្ត្រីសាលាក្រុងភ្នំពេញ មានជំនឿថា តាមរយៈការបំពាក់កាមេរ៉ាប្រមាណជា ១ពាន់គ្រឿងដើម្បីត្រួតពិនិត្យលើកិច្ចការសណ្ដាប់ធ្នាប់ និងសន្តិសុខបន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញនេះ អាចរួមចំណែកក្នុងការកាត់បន្ថយបទល្មើសបានមួយកម្រិតថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។