កម្មករ​រោងចក្រ​សេរី​តវ៉ា​លើក​ទី​១១​នៅ​មុខ​ក្រសួង​ការងារ​ទាមទារ​ដោះ​លែង​តំណាង​សហជីព

0:00 / 0:00

កម្មករ និង​អតីត​កម្មករ​នៃ​រោងចក្រ​សេរី (CERIE) មក​ពី​ខេត្ត​កំពង់ស្ពឺ ជិត ៤០​នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ ជា​លើក​ទី​១១ ដើម្បី​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ឲ្យ​ដោះ​លែង​តំណាង​សហជីព​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។

ការ​លើក​គ្នា​មក​តវ៉ា​សាជាថ្មី​របស់​ក្រុម​កម្មករ​នេះ បន្ទាប់​ពី​ចៅក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ បដិសេធ​មិន​ដោះ​លែង​តំណាង​សហជីព​ពីរ​រូប គឺ​កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សេរី។

ក្រុម​អ្នក​តវ៉ា​ឈរ​ជា​ជួរ​កាន់​បដា​នៅ​មុខ​ក្រសួង​ការងារ ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​សហជីព​ទាំង​ពីរ​រូប នៅ​ក្រោម​កម្តៅ​ថ្ងៃ​ម៉ោង ១១​ព្រឹក។

អ្នកស្រី ជួប សុខលាភ ដែល​ជា​សាច់ញាតិ​របស់ លោក ទូច ស៊្រុន ដែល​កំពុង​ជាប់​ឃុំ ប្រាប់​ថា ដំបូង​ឡើយ ចៅក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ សម្រេច​ដោះ​លែង​តំណាង​សហជីព​ទាំង​ពីរ​រូប​ឲ្យ​នៅ​ក្រៅ​ឃុំ ក៏ប៉ុន្តែ​អ្នកស្រី​ថ្លែង​ថា មន្ត្រី​តុលាការ​បាន​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​ភ្លាមៗ​មិន​ដោះ​លែង​វិញ ដោយ​មិន​មាន​ហេតុផល​គ្រប់គ្រាន់៖ « ខ្ញុំ​យល់​ថា ពេល​ដែល​លិខិត​ក្រសួង​ចេញ​ទៅ​ហើយ តុលាការ​មិន​គោរព​តាម​ចឹង ខ្ញុំ​ពិបាក​ដែរ ដល់​ច្បាប់​អត់​គោរព​ច្បាប់​ចឹង។ គាត់​អ្នក​កាន់​ច្បាប់ ដល់​ពេល​គាត់​ទាមទារ​ច្បាប់​ហ្នឹង​ទៅ​ហើយ គាត់​មិន​គោរព​វិញ។ ខ្ញុំ​អត់​យល់​ដែរ។ ខ្ញុំ​ចង់​ឲ្យ​ក្រសួង​មើល​ថា តើ​ក្រដាស​ដែល​គាត់​ចេញ​ទៅ​ហ្នឹង ដែល​ព្រម​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ តែ​មិន ( ដោះ​លែង ) វិញ ដោយ​ហេតុ​អី ? ខ្ញុំ​សង្ស័យ​ថា ក្រុមហ៊ុន​ដាក់​លុយ​ទៅ​ថែម ឬ​យ៉ាង​ម៉េច ? ប្រសិន​បើ​ក្រុមហ៊ុន​ដាក់​លុយ​ដើម្បី​ឃុំ​ខ្លួន​ថែម ហ្នឹង​សុំ​ឲ្យ​គាត់​និយាយ​ខ្លី ចឹង​មក​ជាមួយ​ពួក​ខ្ញុំ​ម៉ង​មក»។

អនុប្រធាន​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក មែន វណ្ណៈ បដិសេធ​ការ​សង្ស័យ​ការ​ទទួល​យក​សំណូក​ពី​ក្រុមហ៊ុន ដើម្បី​បន្ត​ឃុំ​ខ្លួន​តំណាង​សហជីព។ លោក​ក៏​បញ្ជាក់​ថា តុលាការ​ខេត្ត​កំពង់ស្ពឺ មិន​បាន​សម្រេច​ដោះ​លែង​តំណាង​សហជីព​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ៖ « ខាង​កម្មករ​ថា តុលាការ​យក​លុយ​ក្រុមហ៊ុន​ជា​ថ្នូរ​នឹង​ការ​មិន​ដោះ​លែង​តំណាង​សហជីព។ សូម​បង្ហាញ​ភស្តុតាង​មក។ កុំ​ចេះ​តែ​ស្រែក និយាយ​ហ្នឹង​វា​ខុស​ការ​ពិត។ តាម​នីតិវិធី​គិត​ពី​ថ្ងៃ​បដិសេធ មាន​រយៈពេល​មួយ​ខែ បាន​អាច​ដាក់​ពាក្យ​សុំ ( នៅ​ក្រៅ​ឃុំ ) ហ្នឹង​ម្ដង​ទៀត។ ប៉ុន្តែ​គាត់​ដាក់​ហ្នឹង មិន​ទាន់​គ្រប់​មួយ​ខែ​ទេ »

ពេល​កំពុង​តវ៉ា មន្ត្រី​ក្រសួង​ការងារ ស្លៀក​ពាក់​ឯកសណ្ឋាន​ពណ៌​ប្រផេះ ចេញ​មក​ជជែក​ជាមួយ​ក្រុម​កម្មករ ដោយ​ប្រាប់​ឲ្យ​តំណាង​អ្នក​តវ៉ា​ចំនួន ៧​នាក់ ចូល​ទៅ​ជួប​ជាមួយ​មន្ត្រី​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ ហៅ​កាត់​ថា គ.ក.ប។

ក្រោយ​ពី​ជជែក​គ្នា​រយៈពេល​ជាង ៤៥​នាទី អគ្គលេខាធិការ​រង​នៃ គ.ក.ប លោក វង្ស សុវណ្ណ បាន​ថ្លែង​ថា លោក​ដឹង​មិន​ច្បាស់​ពី​ការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​តុលាការ​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ថា ក្រុម​ការងារ​របស់​លោក នឹង​ពិភាក្សា​លើ​បញ្ហា​នេះ​បន្ថែម​ទៀត៖ « យើង​ខិតខំ​តាម​ដាន សម្រប​សម្រួល ធ្វើ​ម៉េច​ដើម្បី​ជួយ​បង​ប្អូន​បាន​តាម​ចំណារ​របស់​រដ្ឋមន្ត្រី សម្រប​សម្រួល​ទៅ​តាម​នីតិវិធី។ ក្នុង​នាម​ជា​រដ្ឋាភិបាល យើង​មិន​អាច​ទៅ​អន្តរាគមន៍ បញ្ជា​ទៅ​អង្គ​តុលាការ​បាន​ទេ។ យើង​នឹង​ខិតខំ​សម្រប​សម្រួល​រក​វិធី​ដោះស្រាយ ធ្វើ​ម៉េច​ឲ្យ​បាន​សុខ​សប្បាយ​ទាំងអស់​គ្នា »

មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ ២​រូប​នេះ ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ដោយ​ប្រព្រឹត្ត​បទល្មើស​បង្ក​ហិង្សា​ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ ដែល​ចូលរួម​ការ​តវ៉ា​នេះ​ដែរ លើក​ឡើង​ថា ការ​ចាប់​ខ្លួន​តំណាង​សហជីព​ទាំង​ពីរ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន ខណៈ​ច្បាប់​ការងារ​អនុញ្ញាត​ឲ្យ​កម្មករ​មាន​សិទ្ធិ​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។