ជីវិត​តស៊ូ​និង​បំណង​របស់​បេក្ខជន​ស្វៃរិន​ប្រឡង​ជាប់​នៅ​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

បេក្ខជន​ដែល​ប្រឡង​ជាប់​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ បាក់ឌុប នៅ​ឆ្នាំ​២០១៥ មាន​ចំនួន ៤៦.៥៦០​នាក់ ក្នុង​ចំណោម​​បេក្ខជន​ប្រឡង​សរុប ៨៣.៣២៥​នាក់ ដែល​ក្នុង​នោះ មាន ៩.៤៣៤​នាក់ ជា​បេក្ខជន​ស្វៃរិន។

នៅ​ក្នុង​ហ្វូង​មនុស្ស​ប្រមាណ ១០០​នាក់ កំពុង​ប្រជ្រៀត​គ្នា​មើល​លទ្ធផល​ប្រឡង ដែល​បិត​លើ​ជញ្ជាំង​មណ្ឌល​ប្រឡង​សាលា​បឋម​សិក្សា​គំរូ​ក្រុង នា​ក្រុង​កំពង់ឆ្នាំង បេក្ខជន​ស្វៃរិន​ប្រឡង​ជាប់​ម្នាក់ គឺ​កញ្ញា ប៊ុត ជុំសុភ័ក្រ សម្ដែង​ទឹក​មុខ​ត្រេកអរ នៅ​ពេល​ឃើញ​ឈ្មោះ​របស់​ខ្លួន​ជាប់។ ប៉ុន្តែ សុភ័ក្រ បាន​ប្រែ​ទឹក​មុខ​មួយ​រំពេច នៅ​ពេល​សាកសួរ​ទាក់ទង​នឹង​មុខ​ជំនាញ និង​លទ្ធភាព​រៀន​បន្ត។

បេក្ខជន​ស្វៃរិន​រូប​នេះ ក៏​មិន​ខុស​ពី​បេក្ខជន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ បាក់ឌុប ជា​ច្រើន​ទៀត ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព ហើយ​ត្រូវ​រក​ប្រាក់​ផ្គត់ផ្គង់​ការ​សិក្សា​ដោយ​ខ្លួន​ឯង​ដែរ។

ក្រោយ​ពេល​ប្រឡង​បាក់ឌុប ធ្លាក់​កាល​ពី​ឆ្នាំ​២០១៤ មាន​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ សុភ័ក្រ ប្ដេជ្ញា​ប្រឡង​ឲ្យ​ជាប់ ដោយ​នាង​ចិញ្ចឹម​ចិត្ត​ចង់​រៀន​បន្ត ខណៈ​ដែល​នាង​ធ្វើ​ជា​កម្មការិនី​ក្នុង​រោងចក្រ​កាត់​ដេរ​មួយ​នៅ​ស្រុក​កំពង់ត្រឡាច។ បច្ចុប្បន្ន​នាង នៅ​សល់​លុយ​ពី​ការ​ចំណាយ​លើ​បន្ទប់​ជួល​ស្នាក់នៅ និង​ផ្គត់ផ្គង់​គ្រួសារ​ខ្លះ នាង​ឆ្លៀត​សន្សំ​លុយ​បាន​ចំនួន ៣០០​ដុល្លារ​ហើយ ដើម្បី​រៀន​បន្ត​នៅ​ភ្នំពេញ៖ «ខ្លួន​ខ្ញុំ​ផ្ទាល់​អត់​មាន​អី​ច្បាស់លាស់ និង​ចំណេះដឹង​គ្រប់គ្រាន់​ដែរ អ៊ីចឹង​ខ្ញុំ​មាន​តែ​ធ្វើ​ការ​រោងចក្រ​សិន។ ក្រោយ​មក​ខ្ញុំ​នឹង​ចែក​ម៉ោង​ធ្វើ​ការ និង​ម៉ោង​រៀន​ឲ្យ​ដាច់​ស្រឡះ។ អាច​ខាត​រៀន​ខ្លះ ព្រោះ​ការងារ​រោងចក្រ​គេ​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ពេញ​ម៉ោង»

ជា​កូន​កសិករ​ក្រីក្រ​រស់​នៅ​ស្រុក​រលាប្អៀរ កញ្ញា ប៊ុត ជុំសុភ័ក្រ រៀបរាប់​ថា ឪពុក​ម្ដាយ​ពុំ​មាន​លទ្ធភាព​ផ្ដល់​ប្រាក់​ឲ្យ​នាង​រៀន​បន្ត​ទេ ប៉ុន្តែ​នាង​សម្រេច​ចិត្ត​ចេញ​ពី​គ្រួសារ​ដោយ​ខ្លួន​ឯង​ក្នុង​ពេល​ឆាប់ៗ ដើម្បី​យក​ប្រាក់​ដែល​សន្សំ​បាន ៣០០​ដុល្លារ​នោះ​ទៅ​បង់​ថ្លៃ​សាលា​រៀន​បណ្ដើរ និង​រក​ការងារ​រោងចក្រ​ធ្វើ​បណ្ដើរ។ ក្រោយ​ប្រឡង​ជាប់ នាង​ប្ដូរ​ចិត្ត​ពី​ធ្វើ​ជា​គ្រូ​បង្រៀន មក​ចង់​រៀន​ផ្នែក​កសិកម្ម​បន្ត​វិញ៖ «ប្រទេស​កម្ពុជា ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ហើយ​ក៏​មិន​ទាន់​មាន​យុវជន​ច្រើន​រៀន​ផ្នែក​កសិកម្ម​ដែរ ដូច្នេះ​ខ្ញុំ​ថា នឹង​មាន​ឱកាស​ធ្វើ​ការ​ខាង​ហ្នឹង​បាន»

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​កញ្ញា សុភ័ក្រ ដែរ បេក្ខជន​ស្វៃរិន​ម្នាក់​ទៀត​មក​ពី​ស្រុក​ជលគីរី គឺ​លោក រ៉េន រ៉ាន ឲ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​មាន​ការងារ​មួយ​ជា​សន្តិសុខ​យាម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ.អឹម.ខេ (AMK) ហើយ​លោក​មាន​បំណង​រៀន​បន្ត​នៅ​វិទ្យាស្ថាន​មួយ​ឈ្មោះ ប្រាយថ៍ ហូប (Bright Hope) ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ការ​សម្រេច​បែប​នេះ គឺ​ដើម្បី​ឲ្យ​លោក​មាន​ឱកាស​យាម​ឲ្យ​គ្រឹះស្ថាន​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ហើយ​រៀន​នៅ​ថ្ងៃ​សៅរ៍ អាទិត្យ។

លោក រ៉ាន បន្ត​ថា បច្ចុប្បន្ន​មាន​ម្ដាយ​លក់​ចាប់ហួយ​ដែល​អាច​ផ្ដល់​ប្រាក់​ខ្លះ​ផ្សំ​នឹង​ប្រាក់​ខែ​លោក យក​ទៅ​បង់​ថ្លៃ​សាលា​បណ្ដោះ​អាសន្ន​បាន៖ «ខ្ញុំ​បារម្ភ​តិចតួច​ដែរ (ថវិកា​ផ្គត់ផ្គង់​ការ​សិក្សា) ដោយសារ​ថា មិន​ដឹង​ទៅ​មុខ​ទៀត​ខ្ញុំ​អាច​មាន​ថវិកា​រៀន​បន្ត​ទៀត ឬ​អត់?»

ផ្ទុយ​ស្រឡះ​ពី​យុវវ័យ រ៉េន រ៉ាន និង ប៊ុត ជុំសុភ័ក្រ ដែល​ទើប​ប្រឡង​បាក់ឌុប ជាប់​តែ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សិក្សា​បន្ត​នៅ​សាលា​ល្អៗ ឬ​មាន​អ្នក​ទំនុកបម្រុង​ផ្នែក​ថវិកា​នោះ កញ្ញា ឡុច ចិន្ដាវីន ជា​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស អី (E) មក​ពី​វិទ្យាល័យ​ព្រះបាទ សុរាម្រិត ថ្លែង​ទាំង​ត្រេកអរ​ថា កញ្ញា​នឹង​ចាប់​យក​ជំនាញ​សេដ្ឋកិច្ច ហើយ​កញ្ញា និង​គ្រួសារ​កំពុង​ពិភាក្សា​គ្នា​ថា នឹង​ទៅ​រៀន​នៅ​សាលា​ណា៖ «ឲ្យ​តែ​ប្រឡង​ជាប់​សប្បាយ​ចិត្ត​ហើយ! ខ្ញុំ​ចង់​រៀន​ផ្នែក​សេដ្ឋកិច្ច ព្រោះ​ខ្ញុំ​ចង់​អា​ហ្នឹង។ គ្រួសារ​មិន​សូវ​មាន​មុខរបរ​ធំ​ដុំ​ប៉ុន្មាន​ទេ តែ​គាត់​មាន​លទ្ធភាព​ឲ្យ​ខ្ញុំ​រៀន​បន្ត»

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា ថ្លែង​ថា បេក្ខជន​ប្រឡង​ជាប់ ឬ​បញ្ចប់​ថ្នាក់​ឧត្ដមសិក្សា គឺ​មាន​ឱកាស​ទទួល​បាន​ការងារ​ត្រូវ​ជំនាញ​ប្រមាណ ២០​ភាគរយ​ប៉ុណ្ណោះ។ លោក​ថា នៅ​ក្នុង​របត់​នៃ​សមាហរណកម្ម​អាស៊ាន កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​មួយ​សម្បូរ​ការងារ​ដែរ ហើយ​យុវវ័យ​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​ខ្លីៗ អាច​នឹង​មាន​ឱកាស​ការងារ​ច្រើន​ដែរ។

លោក ជាង សុខា បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​ការងារ​មាន​គេហទំព័រ​មួយ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ តែ​ការ​ផ្សព្វផ្សាយ​នោះ​នៅ​មាន​កម្រិត ខណៈ​យុវវ័យ​នៅ​ជនបទ​មិន​អាច​ប្រើ​បច្ចេកវិទ្យា​ទំនើប៖ «កន្លែង​នេះ​ខ្ញុំ​គិត​ថា ជា​ចំណុច​មួយ​ដែល​ក្រសួង​ការងារ ឬ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុកដាក់​ថែមទៀត​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឲ្យ​បាន​ទូលំទូលាយ ជា​ពិសេស​យុវជន​នៅ​ចុងកាត់មាត់ញក បើ​មិន​ដូច្នេះ​ទេ ពួកគាត់​នឹង​ក្លាយ​ជា​មនុស្ស​មួយ​ដែល​ពុំ​មាន​ព័ត៌មាន​អំពី​ការងារ ហើយ​ប្រឈម​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​ដំណើរ​ការវិវត្តន៍ នៃ​បញ្ហា​សមាហរណកម្ម​នេះ​មក​ដល់»

នៅ​ថ្ងៃ​ប្រឡង និង​ពេល​បិទផ្សាយ​លទ្ធផល​ប្រឡង នៅ​តាម​មណ្ឌល​នីមួយៗ មាន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ចុះ​ចែក​ខិត្តប័ណ្ណ​ដល់​ក្រុម​និស្សិត​ជាប់ ឬ​ធ្លាក់​បាក់ឌុប អំពី​ការ​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​របស់​ខ្លួន។ ស្រប​ពេល​គ្នា​នេះ​ក៏​មាន​ក្រុម​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​បណ្ដាញ​ទីផ្សារ​លក់​ផលិត​ផល​ដែល​ការងារ​បែប​នេះ​តែងតែ​ប្រើ​កម្លាំង​មនុស្ស ឬ​ចំណាយ​ពេល​ច្រើន​ជាង​ប្រាក់​ចំណូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។