ជនជាតិ​ចិន​ជា​ច្រើន​នៅ​វៀតណាម​បន្ត​ចូល​មក​កម្ពុជា​បន្ទាប់​បាតុកម្ម​ដុត​រោងចក្រ​ចិន

0:00 / 0:00

ជនជាតិ​ចិន ជាច្រើន​រយ​នាក់​បន្ត​សម្រុក​ចូល​មក​ប្រទេស​កម្ពុជា តាម​ចក្រ​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង ជា​បន្តបន្ទាប់។ ជនជាតិ​ចិន ចូល​មក​កម្ពុជា នេះ​ដោយសារ​កើត​មាន​បាតុកម្ម​ប្រឆាំង​ជនជាតិ​ចិន និង​ដុត​រោងចក្រ​របស់​ចិន បណ្ដាល​ឲ្យ​មនុស្ស​សម្លាប់​ប្រមាណ ២០​នាក់​នៅ​ប្រទេស​វៀតណាម។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​បាវិត បញ្ជាក់​ថា ពួក​គាត់​ពុំ​មាន​ក្ដី​បារម្ភ​ពី​ជនជាតិ​ចិន ចូល​មក​កម្ពុជា នេះ​ទេ ព្រោះ​ពួក​គេ​ចូល​មក​ដោយ​ស្រប​ច្បាប់ ពុំ​បាន​បង្ក​បញ្ហា​អ្វី​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ជាយ​ដែន​ទេ។

ជនជាតិ​ចិន ដែល​រត់​ចេញ​ពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​វៀតណាម ឆ្លង​ចូល​មក​កម្ពុជា បាន​កើន​ឡើង​ដល់​ជាង ១​ពាន់​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​បាវិត លោក ប៉ែន ផែល មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៧ ឧសភា ថា ជនជាតិ​ចិន ដែល​ភៀស​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​បាវិត ភាគ​ច្រើន​ជា​អ្នក​ទេសចរ មាន​លិខិត​ឆ្លង​ដែន​មក​ដោយ​ស្រប​ច្បាប់។ គិត​មក​ទល់​ពេល​នេះ​មាន​ចំនួន​ប្រមាណ​ជាង ១.៣០០​នាក់ ក្នុង​នោះ អ្នក​ទេសចរ​ចិន ជា​ស្រី​ភេទ​ប្រមាណ​ជាង ៤៦០​នាក់។ លោក​ថា ចាប់​តាំង​ពី​ពេល​មាន​បាតុកម្ម​តវ៉ា​នៅ​ប្រទេស​វៀតណាម មក ចំនួន​ជនជាតិ​ចិន ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​បាវិត ក្នុង​រូបភាព​ជា​អ្នក​ទេសចរ​នេះ កើន​ឡើង​ជា​បន្តបន្ទាប់​រៀង​រាល់​ថ្ងៃ។

លោក ប៉ែន ផែល៖ «មាន​ជួល​ផ្ទះ​សំណាក់​អី​នៅ​បណ្ដោះអាសន្ន​មួយ​រយៈៗ​អី​អ៊ីចឹង​ទៅ ហើយ​គេ​នឹង​ធ្វើ​ដំណើរ​ចូល​មក​ភ្នំពេញ​វិញ។ ដែល​មក​សុទ្ធ​តែ​មាន​លិខិត​ឆ្លង​ដែន មាន​លិខិត​អី​ត្រឹមត្រូវ​អី​បស់​ផង​គេ ហើយ​គេ​ស្នាក់​នៅ​តាម​រយៈ​ផ្ទះ​សំណាក់​អី​អ៊ីចឹង មាន​ពេល​ខ្លះ​វែង ពេល​ខ្លះ​ខ្លី ពេល​ខ្លះ​វែង​អាច​មួយ​យប់​មាន ហើយ​អាច​មួយ​ម៉ោង ២​ម៉ោង​មាន។ តាម​រយៈ​ហ្នឹង​ទៀត ប្រហែល​ជា​ស្ថានទូត​គេ​នៅ​ឯណា​ទេ គេ​មក​យក​ឬ​ក៏​ដូច​ម៉េច ខ្ញុំ​ដឹង​មិន​បាន។ អ្នក​មាន​លិខិត​ស្នាម​ត្រឹមត្រូវ គេ​ឲ្យ​ចេញ​មក​តើ ព្រោះ​យើង​យក​អា​ដែង​លេខ​កូដ​អ្នក​ទេសចរ មិន​យក​អ្នក​ភៀស​ខ្លួន​ដោយសារ​ការ​ធ្វើ​អុកឡុក​នៅ​ស្រុក​វៀតណាម អី​អ៊ីចឹង​ទេ ឮ​គេ​និយាយ​តាម​រយៈ​អ្នក​ទេសចរ​អ៊ីចឹង​គេ​ឲ្យ​មក»

ក្រោយ​ពី​ជនជាតិ​វៀតណាម ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន តាម​បណ្ដា​រោងចក្រ​របស់​ចិន ដែល​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ឲ្យ​ដក​នាវា​ខួង​ប្រេង​របស់​ខ្លួន​ចេញ​ពី​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​វៀតណាម ជនជាតិ​ចិន បាន​សម្រុក​ធ្វើ​ដំណើរ​គេច​ខ្លួន​ក្នុង​រូបភាព​អ្នក​ទេសចរ និង​មក​ធ្វើ​ការងារ​នៅ​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់។

ចំណែក​ឯ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រុង​បាវិត លោក យឹម វ៉ាន់ឌឿន ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ជាយ​ដែន​នៅ​ក្រុង​បាវិត រួម​ទាំង​លោក​ផង ពុំ​មាន​ក្ដី​កង្វល់​ពី​ជនជាតិ​ចិន សម្រុក​មក​កម្ពុជា ទេ។ លោក យឹម វ៉ាន់ឌឿន ពន្យល់​ថា ជនជាតិ​ចិន ដែល​ចូល​មក​ប្រទេស​កម្ពុជា ភាគ​ច្រើន​ជា​អ្នក​វិនិយោគ​គេច​ខ្លួន​ពី​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​វៀតណាម មក​ដោយ​ស្រប​ច្បាប់ ពុំ​បាន​បង្ក​បញ្ហា​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ជាយ​ដែន​ឡើយ។

លោក យឹម វ៉ាន់ឌឿន៖ «គាត់​មក​ជា​លក្ខណៈ​ជា​ក្រុម​បន្តិចបន្តួច​ហ្នឹង មិន​មែន​ជា​ការ​ដុំ​កំភួន​ធំ​ដុំ​អី​ទេ គ្រាន់​ថា​មាន​អ្នក​វិនិយោគទុន​សម្រាប់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម មក​តែ​ប៉ុណ្ណឹង​បាទ! ខ្ញុំ​ឃើញ​គាត់​ផ្ទាល់ ហើយ​គាត់​ក៏​មាន​ការ​ពឹងពាក់​ស្នាក់​អាស្រ័យ​រវាង អឺ​អ្នក​មក​ធ្វើ​វិនិយោគ​នៅ​ស្រុក​ខ្មែរ ជាពិសេស​នៅ​រោងចក្រ​តំបន់​មហា​តាន់ ក៏ដូចជា​តំបន់​រោងចក្រ​តាយសេង ណាស់! ដៃគូ​របស់​គាត់។ គាត់​ជា​អ្នក​វិនិយោគទុន គាត់​មិន​មែន​ទៅ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទេ។ ហើយ​ក៏​គ្មាន​អំពើ​ឆក់​ណា​មួយ​ដែល​ធ្វើ​បង្ក​រំខាន​ដល់​សមត្ថកិច្ច​ដែរ»

ទាក់ទង​នឹង​បញ្ហា​ការ​ធ្វើ​បាតុកម្ម​ដុត​រោងចក្រ​របស់​ចិន នៅ​ប្រទេស​វៀតណាម នេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van tong) ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ធ្វើ​កូដកម្ម​របស់​ជនជាតិ​វៀតណាម នៅ​ក្នុង​ប្រទេស​នោះ​ជា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ពុំ​មែន​ជា​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ​ចិន ដែល​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម នោះ​ទេ។ លោក ត្រឹង វ៉ាំងថុង បន្ថែម​ថា ជនជាតិ​វៀតណាម ជា​អ្នក​ស្នេហា​ប្រទេស​ជាតិ ទឹក​ដី​របស់​ខ្លួន ធ្វើ​បាតុកម្ម​ដើម្បី​ស្វែង​រក​យុត្តិធម៌ ឲ្យ​ចិន ដក​នាវា​ចេញ​ពី​ដែន​អធិបតេយ្យ​របស់​ប្រទេស​វៀតណាម។

ជនជាតិ​វៀតណាម ធ្វើ​បាតុកម្ម​តវ៉ា​ចិន នៅ​ទូទាំង​ប្រទេស​បន្តបន្ទាប់ តាំង​ពី​ថ្ងៃ​ទី​១២ ឧសភា រហូត​មក ហើយ​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​វៀតណាម នោះ បណ្ដាល​ឲ្យ​ជនជាតិ​ចិន ប្រមាណ ២០​នាក់​ស្លាប់ និង​រង​របួស​ប្រមាណ​ជាង ១០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។