កម្មករ ស៊ីនទ្រី បានចាប់ផ្ដើមប្រមូលសំរាម និងសម្អាតក្រុងភ្នំពេញឡើងវិញ ក្រោយពីបណ្តោយឲ្យទីក្រុងដែលធ្លាប់ជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាតមួយនេះ ក្លាយជាទីក្រុងដែលពោរពេញដោយសំរាម និងមានក្លិនស្អុយអសោចរយៈពេល៣ថ្ងៃកន្លងមក។
ការសម្រេចចូលធ្វើការវិញនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានយល់ព្រមផ្តល់ប្រាក់បន្ថែមឲ្យកម្មករ ក្រោយពីមានការចរចាគ្នាយ៉ាងស្វិតស្វាញ រវាងក្រុមហ៊ុន និងតំណាងកម្មករ។ នៅថ្ងៃទី៥ កុម្ភៈ ភាគីទាំងពីរបានឯកភាពព្រមព្រៀងគ្នាលើតម្លៃប្រាក់ខែគោល រួមមាន កម្មករបោសសំរាមដែលធ្លាប់ទទួលបានប្រាក់ ៦៥ដុល្លារក្នុងមួយខែ ត្រូវដំឡើងដល់ ៩០ដុល្លារ។ កម្មករអូសរទេះ និងកើបសំរាមវេនថ្ងៃ ដែលធ្លាប់ទទួលប្រាក់ខែជិត ៧៨ដុល្លារ ត្រូវដំឡើងដល់ ១០៥ដុល្លារ។ សម្រាប់អ្នកវេនយប់ ត្រូវដំឡើង ១២០ដុល្លារ។ រីឯអ្នកបើកបរ និងជាងឡាន ត្រូវដំឡើងប្រាក់បន្ថែម ២០ដុល្លារ លើប្រាក់ខែដែលមានស្រាប់ ពីចន្លោះ ១០០ ដល់ ១២០ដុល្លារ។
អ្នកបើកបររថយន្តម្នាក់របស់ក្រុមហ៊ុន ស៊ីនទ្រី បញ្ជាក់ថា ពួកគាត់យល់ព្រមទទួលយកប្រាក់ខែទាំងនោះ ហើយព្រមត្រឡប់ចូលធ្វើការវិញ។
«សំឡេង»
យ៉ាងណា កម្មករម្នាក់ទៀតឈ្មោះ ហេង សុផាត ឲ្យដឹងថា អ្នកបើកបរបានចេញឡានដឹកសំរាមទាំងអស់ពីយានដ្ឋាន ដែលមានប្រមាណ ១៤០គ្រឿង។ ប៉ុន្តែ កម្មករមិនអាចប្រមូលសំរាម និងសម្អាតទីក្រុងដែលគរស្អុយចោលរាយប៉ាយពាសពេញក្រុងបានភ្លាមៗក្នុងមួយថ្ងៃទេ។ យ៉ាងហោចណាស់ក៏ ៥ថ្ងៃដែរ ដែលកម្មករត្រូវចំណាយពេលបោស និងប្រមូលសំរាមជិត ៥ពាន់តោនដែលសល់ក្នុងអំឡុងពេលដែលកម្មករធ្វើបាតុកម្ម។
«សំឡេង»
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់ថា ជំហានដំបូងសាលាក្រុងមិនទាន់គិតពីរឿងបោសសម្អាតនៅតាមផ្លូវទេ តែត្រូវគិតគូរពីរឿងប្រមូលសំរាមដែលគរទុកនៅទីសាធារណៈជាមុនសិន។ លោកបន្តថា កម្លាំងប្រមូលសំរាមអាចមានការខ្វះខាត តែសាលាក្រុងអាចរកមន្ត្រីកងរាជអាវុធហត្ថ មន្ត្រីប៉ូលិស ឬសន្តិសុខសណ្ដាប់ធ្នាប់របស់ក្រុង ជួយសម្អាត និងប្រមូលសំរាមទាំងនោះ ដើម្បីជំរុញឲ្យការប្រមូលសំរាមក្នុងក្រុង ត្រូវធ្វើឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។
«សំឡេង»
ប្រធានក្រុមហ៊ុន ស៊ីនទ្រី លោក សេង សាវី មានប្រសាសន៍ថា ត្បិតការដំឡើងប្រាក់ខែគោលឲ្យកម្មករនៅពេលនេះមិនដល់កម្រិតដែលកម្មករទាមទារ ប៉ុន្តែនេះអាចថាជាការយោគយល់មួយរបស់កម្មករ ដែលយល់ព្រមទទួលយកការដំឡើងនេះ ខណៈដែលក្រុមហ៊ុនមិនទាន់មានលទ្ធភាពផ្តល់ប្រាក់ឲ្យកម្មករឲ្យបានច្រើនជាងនេះ។
«សំឡេង»
ក្រៅពីដំឡើងប្រាក់ខែគោលឲ្យកម្មករបន្ថែម ក្រុមហ៊ុន ស៊ីនទ្រី បានយល់ព្រមបញ្ឈប់ការកាត់ប្រាក់កក់ថ្លៃកាត់អាវឲ្យកម្មករ។ ក្រុមហ៊ុនរៀបចំបន្ទប់ និងពេទ្យប្រចាំការនៅទីស្នាក់ការកណ្ដាល និងរៀបចំមួយកន្លែងទៀតនៅយានដ្ឋានជួសជុលរថយន្តរបស់ក្រុមហ៊ុន និងធានាដោះស្រាយក្នុងករណីបុគ្គលិក កម្មករមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ពេលធ្វើការដោយប្រើប្រាស់សេវាធានារ៉ាប់រងរបស់បេឡាជាតិរបបសន្តិសុខសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
