អង្គការមិនមែនរដ្ឋាភិបាលជាង ៣០ស្ថាប័ន បានថ្កោលទោសចំពោះអំពើហិង្សាលើអតីតអ្នកបើកបររថយន្តក្រុងកាពីតូល (CAPITOL) ហើយអំពាវនាវឲ្យមានការដោះលែងជនរងគ្រោះពីរនាក់ ដែលអាជ្ញាធរចាប់ខ្លួន និងទាមទារឲ្យមានការស៊ើបអង្កេតលើសំណុំរឿងនេះឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងឯករាជ្យភាព។
សេចក្ដីថ្លែងការណ៍រួមដែលមានស្ថាប័នជាង ៣០ ដូចជា សហគមន៍ដីធ្លី សហព័ន្ធសហជីពកម្មករ អង្គការសមាគម សហភាពសហជីពកម្ពុជា បណ្ដាញកម្មករ បណ្ដាញយុវជន និងបណ្ដាញព្រះសង្ឃ ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ បានថ្កោលទោសចំពោះអំពើហិង្សាកាលពីព្រឹកថ្ងៃសៅរ៍ ទី៦ កុម្ភៈ ថាបានប្រព្រឹត្តឡើងដោយសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.ឌី.អេ (CCDA) ទៅលើអតីតអ្នកបើកបររថយន្តក្រុង និងអ្នកគាំទ្រអ្នកបើកបរក្នុងពេលតវ៉ាឲ្យថៅកែក្រុមហ៊ុន យកពួកគេចូលធ្វើការវិញ។ សេចក្ដីថ្លែងការណ៍នេះ បានទាមទារឲ្យមានការដោះលែងបុរសពីរនាក់ ដែលអាជ្ញាធរចាប់ខ្លួន ហើយបើកការស៊ើបអង្កេតលើករណីហិង្សានេះ។
ទាក់ទងទៅនឹងការឃាត់ខ្លួនអ្នកទាំងពីរនាក់នេះ អតីតអ្នកបើកបររថយន្តក្រុងកាពីតូល គ្រោងនាំគ្នាតវ៉ាទាមទារឲ្យតុលាការរាជធានីភ្នំពេញ ដោះលែងនៅថ្ងៃទី៨ កុម្ភៈ។
សេចក្ដីថ្លែងការណ៍ដដែល បានសម្ដែងការសោកស្ដាយចំពោះនគរបាល ដែលមិនបានឆ្លើយតបឲ្យបានគ្រប់គ្រាន់ ដើម្បីបញ្ចៀសអំពើហិង្សាដែលក្រុមបាតុករបានប្រើញញួរ និងដំបងដែកវាយដំអតីតអ្នកបើកបររថយន្តក្រុង និងអ្នកគាំទ្រក៏ដោយ។ ហិង្សានេះ បានបណ្ដាលឲ្យមនុស្សចំនួន ១៤នាក់រងរបួស រួមមានអតីតអ្នកបើកបររថយន្តក្រុង និងអ្នកគាំទ្រជាច្រើននាក់ អ្នកឃ្លាំមើលសិទ្ធិមនុស្សម្នាក់ និងមន្ត្រីនគរបាលម្នាក់ ដែលពួកគេខ្លះបានរបួសបាក់ដៃ និងច្រើននាក់ផ្សេងទៀត រងរបួសមុខ និងក្បាល។
អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល ជាង ៤០នាក់ និងមន្ត្រីសហជីពស៊ីខៅឌូ (CCAWDU) រួមទាំងមន្ត្រីសមាគមកម្មករ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី៦ កុម្ភៈ បាននាំគ្នាបន្តការតវ៉ារបស់ខ្លួននៅខាងមុខក្រុមហ៊ុន ជិតផ្សារអូរឫស្សី ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដោយឈរកាន់បដា រារាំងរថយន្តដឹកភ្ញៀវ និងស្រែកអំពាវនាវដល់សាធារណជន ឲ្យផ្អាកប្រើប្រាស់សេវាឡានក្រុងរបស់ក្រុមហ៊ុនកាពីតូល។
អតីតអ្នកបើកបររថយន្តក្រុងកាពីតូល បានតវ៉ាប្រមាណ ២ខែមកហើយ បន្ទាប់ពីថៅកែបញ្ឈប់អ្នកបើកបររថយន្តក្រុង ៤៥នាក់ ដោយសារពួកគេបង្កើតសហជីព និងចោទពីបទរំលោភកិច្ចសន្យាការងារជាមួយក្រុមហ៊ុន រំលោភបទបញ្ជាផ្ទៃក្នុងដែលបានលួចកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុន និងរំលោភច្បាប់ការងារ។ ក្រោយពីមានការស្នើសុំពីសាលារាជធានីភ្នំពេញ ឲ្យក្រុមហ៊ុននេះពិចារណាទទួលយកអ្នកទាំងនោះវិញ ក្រុមអ្នកតវ៉ាបានផ្អាកជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៦ ខែមករា ហើយបានចាប់ផ្ដើមតវ៉ាជាថ្មីកាលពីថ្ងៃទី១ កុម្ភៈ បន្ទាប់ពីក្រុមហ៊ុនបដិសេធមិនទទួលពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។