បុរស​ដែល​ត្រូវ​គេ​លួច​ដុត​ផ្ទះ​នៅ​ព្រះវិហារ​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ជន​ដៃដល់

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ នឹង​ចុះ​ស៊ើប​អង្កេត​ករណី​ដែល​ជន​មិន​ស្គាល់​មុខ បាន​ទៅ​លួច​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៅ​ក្នុង​ភូមិ​ធម្មជាតិ សម្ដេច​តេជោ នា​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

0:00 / 0:00

គម្រោង​ស៊ើប​អង្កេត​នោះ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា ម្ចាស់​ផ្ទះ គឺ​ជា​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បំផ្លាញ​ផ្ទះ ក្នុង​ពេល​ដែល​គាត់​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ឯ​ទីក្រុង​ភ្នំពេញ។

តើ​ការ​លួច​ដុត​បំផ្លាញ​ផ្ទះ​នេះ ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្អប់​ខាង​នយោបាយ ឬ​ក៏​យ៉ាង​ណា?

បុរស​ម្នាក់​រស់​នៅ​ភូមិ​ធម្មជាតិ សម្ដេច​តេជោ ចម្ងាយ​ប្រមាណ ៣០​គីឡូ​ម៉ែត្រ ភាគ​ខាង​កើត​ពី​ប្រាសាទ​ព្រះវិហារ កំពុង​ជំរុញ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន តាម​រក​មុខ​ក្រុម​ជន​ដៃ​ដល់​ដែល​លួច​ដុត​បំផ្លាញ​ផ្ទះ​របស់​គាត់ ដើម្បី​ឱ្យ​គាត់​បាន​ទទួល​ភាព​យុត្តិធម៌​ដ៏​សមរម្យ។

លោក ផាន់ ធឿន គឺ​ជា​ម្ចាស់​ផ្ទះ​ដែល​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បំផ្លាញ​នោះ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​តុលា ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា មក គឺ​លោក​បាន​ចាក​ចេញ​ពី​ផ្ទះ ទៅ​ចូល​រួម​ធ្វើ​បុណ្យ​សព​ជីដូន នៅ​ឯ​ស្រុក​កំណើត​នា​ខេត្ត​ស្វាយរៀង។ លុះ​ដល់​ថ្ងៃ​ទី​២៤ ខែ​តុលា ដែល​គាប់​ជួន​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​អហិង្សា រូប​លោក​ក៏​ត្រឡប់​ពី​ស្រុក​កំណើត មក​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ បំណង​បន្ត​ដំណើរ​ត្រឡប់​ទៅ​ស្រុក​ជាំក្សាន្ដ វិញ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ ខែ​តុលា លោក​បាន​ទទួល​ទូរស័ព្ទ​ប្រាប់​ថា ផ្ទះ​របស់​លោក​នៅ​ឯ​ភូមិ​ធម្មជាតិ សម្ដេច​តេជោ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​អស់​ទៅ​ហើយ។

លោក ផាន់ ធឿន បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​កំពុង​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ គឺ​មាន​លេច​ឮ​ការ​ចោទ​ប្រកាន់​ថា រូប​លោក​បាន​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​គិត​ថា ការ​លួច​ដុត​បំផ្លាញ​ផ្ទះ​នោះ ទំនង​ជា​ការ​ស្អប់​ខាង​នយោបាយ៖ «ធ្វើ​បុណ្យ​ធ្វើ​អី​ហើយ ថ្ងៃ​ទី​២៤ ខ្ញុំ​ឡើង​មក​ភ្នំពេញ ផ្ទះ​បង​ប្អូន។ ខ្ញុំ​មក​សម្រាក​នៅ​ទី​នោះ ដោយ​ថា ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ ខ្ញុំ​នឹង​ទៅ​ផ្ទះ​វិញ។ ដល់​ពេល​ភ្លឺ ឮ​គេ​ទូរស័ព្ទ​មក​គេ​ថា ផ្ទះ​ខ្ញុំ​គេ​ដុត​ចោល​បាត់។ រឿង​ហ្នឹង​វា​កើត​ទៅ​ជា​គេ​ថា ខ្ញុំ​មក​ហែ​គណបក្ស​អី ចុះ​បើ​ហែ​ជា​រឿង​សិទ្ធិ​របស់​ខ្ញុំ​ទេ​តើ ម្ដេច​ចាំ​ទៅ​ដុត​ផ្ទះ​របស់​ខ្ញុំ? បើ​គេ​ចោទ​ប្រកាន់​ថា​អ៊ីចឹង ខ្ញុំ​ក៏​មិន​ថា​អី​ដែរ រឿង​គេ​លាប​ពណ៌​ទៅ​ហើយ គឺ​ខ្ញុំ​ត្រូវ​តែ​ធ្វើ ហើយ​រឿង​អី​ទៅ​ដុត​ផ្ទះ​ខ្ញុំ​ដោយ​គ្មាន​មូលហេតុ?»

លោក ផាន់ ធឿន បាន​បញ្ជាក់​ថា លោក​មិន​មែន​ជា​សកម្មជន​នៃ​គណបក្ស​ប្រឆាំង ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ក៏ប៉ុន្តែ​កាល​ពី​ជាង ២​ឆ្នាំ​មុន រូប​លោក គឺ​ជា​តំណាង​អ្នក​ភូមិ​ស្វាយជ្រំ ដែល​ធ្លាប់​ដឹក​នាំ​ការ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ រុះរើ​ភូមិ​នោះ។

អាជ្ញាធរ​មូលដ្ឋាន បាន​ឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​សង់​អំពី​ឈើ​ប្រក់​ស្បូវ​នោះ គឺ​ពិត​ជា​មាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​មែន ក៏ប៉ុន្តែ គេ​មិន​ធ្លាប់​ដឹង​ថា ម្ចាស់​ផ្ទះ​នោះ គឺ​ជា​សកម្មជន​នៃ​គណបក្ស​ប្រឆាំង​ឡើយ ពីព្រោះ​តែ​ម្ចាស់​ផ្ទះ​តែង​តែ​ដើរ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាត់ៗ​ពី​ផ្ទះ។

មេ​ឃុំ​ស្រអែម លោក ប្រាក់ ភី បាន​មាន​ប្រសាសន៍​ថា រូប​លោក និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បាន​ទៅ​ពិនិត្យ​ដល់​កន្លែង​ផ្ទះ​នោះ​ហើយ ក៏ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​មុខ​សញ្ញា​ជន​សង្ស័យ​ក្នុង​រឿង​ដុត​នោះ​នៅ​ឡើយ៖ «ខ្ញុំ​ក៏​បាន​ស៊ើប​សួរ​បង​ប្អូន​នៅ​ជិត​ហ្នឹង ថា​មាន​ឡាន​១​ចូល​ទៅ​ហ្នឹង តែ​មិន​ដឹង​ថា​ឡាន​អ្នក​ណា? ដល់​ពេល​ឡាន​ហ្នឹង​ចេញ​មក​វិញ ស្រាប់​តែ​ភ្លើង​ឆេះ។ ប៉ូលិស​ប៉ុស្តិ៍​ខាង​ខ្ញុំ​ហ្នឹង ក៏​កំពុង​តាម​ស៊ើប​សួរ​តាម​ដាន​អង្កេត។ ផ្ទះ​គាត់​នេះ​មាន​ម៉ាស៊ីន​កែច្នៃ​ឈើ ១​គ្រឿង​នៅ​ក្នុង​ហ្នឹង។ ខ្ញុំ​ខ្លាច​តែ​ជំពាក់ជំពិន​លុយ​គេ តែ​គាត់​ឆ្លើយ​ប្រាប់​ខ្ញុំ​មក​វិញ​ថា មិន​បាន​ជំពាក់​អ្នក​ណា​ទេ»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​ឱ្យ​ដឹង​ថា តាម​ប្រធាន​ក្រុម​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​នេះ បាន​ប្រាប់​លោក​ថា បុរស​ម្ចាស់​ផ្ទះ​ដែល​គេ​លួច​ដុត​នោះ គឺ​ជា​សកម្មជន។ លោក ឡោ ច័ន្ទ បាន​បញ្ជាក់​ថា ប្រសិន​បើ​បុរស​ម្ចាស់​ផ្ទះ​ជា​សកម្មជន​គណបក្ស​ប្រឆាំង​មែន គឺ​ជា​ករណី​ដុត​បំផ្លាញ​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ៣​ខែ​មក​នេះ ចាប់​តាំង​តែ​ពី​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដោយ​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ធ្លាប់​មាន​ត្រឹម​តែ​ការ​លួច​ទម្លាក់​ស្លាក​គណបក្ស​ប្រឆាំង​ជា​ច្រើន​កន្លែង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។