ប្រជាពលរដ្ឋនៃបណ្ដាញសហគមន៍មកពីទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ប្រមូលផ្តុំគ្នានៅមុខអង្គភាពប្រឆាំងអំពើពុករលួយ និងដង្ហែក្បួនទៅកាន់មន្ទីររដ្ឋសភា ដើម្បីដាក់ញត្តិឲ្យស្ថាប័នជាតិទាំង២នេះ ចាត់វិធានការតាមច្បាប់ចំពោះមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ និងអ្នកមានលុយកាក់ ដែលឃុបឃិតប្រព្រឹត្តអំពើពុករលួយលើវិស័យដីធ្លី ព្រៃឈើ នេសាទ និងលំនៅឋាន ជាដើម។
ទាំងអង្គភាពប្រឆាំងអំពើពុករលួយ ទាំងរដ្ឋសភា សុទ្ធតែបានទទួលយកញត្តិតាមរយៈតំណាងរបស់ប្រជាពលរដ្ឋ ហើយសន្យាថានឹងយកញត្តិពលរដ្ឋទៅពិនិត្យ។
ប្រជាពលរដ្ឋជាច្រើនរយនាក់នៃបណ្ដាញសហគមន៍មកពី ២៤រាជធានីខេត្តក្រុង ប្រមូលផ្តុំគ្នា និងបានហែក្បួនក្នុងរាជធានីភ្នំពេញដូចការគ្រោងទុក។ នៅក្នុងការប្រមូលផ្តុំនោះ តំណាងប្រជាពលរដ្ឋចំនួន ៧នាក់ ត្រូវបានអនុញ្ញាតឲ្យយកញត្តិចូលទៅដាក់ជូនមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយ ចំណែកប្រជាពលរដ្ឋជាច្រើនរយនាក់ផ្សេងទៀត រង់ចាំនៅខាងក្រៅរបង ខ្លះឈរកាន់បដា ខ្លះថ្លែងតាមឧបករណ៍បំពងសំឡេងអំពីកង្វល់ និងទុក្ខលំបាករបស់ពួកគេ។
នៅក្នុងពេលជួបជុំនោះ អ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង បានថ្លែងថា នាពេលកន្លងមក ក្រុមការងាររបស់លោកធ្លាប់បានទាមទារ និងដាក់ញត្តិនៅតាមស្ថាប័នរដ្ឋជាបន្តបន្ទាប់ ក្នុងនោះក៏មានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ប៉ុន្តែលោកថា នៅពុំទាន់ឃើញមានដំណោះស្រាយឡើយ រហូតមកទល់ពេលនេះ។ លោកបន្តថា ប្រសិនបើដំណោះស្រាយចេះតែស្ងាត់ បញ្ហាចេះតែកើតមាន។ លោកគិតថា ដីធ្លីរបស់ប្រជាពលរដ្ឋនឹងអស់ ហើយធនធានធម្មជាតិទាំងឡាយនឹងបន្តវិនាសហិនហោច។
លោក សេង សុខហេង៖ «យើងដឹងហើយថា អំពើពុករលួយវាកើតឡើងជាប្រព័ន្ធ ហើយពេលខ្លះវាពាក់ព័ន្ធដល់អ្នកមានអំណាចមានខ្នងក្រាស់ៗ មានបុណ្យស័ក្តិធំៗដែរ អ៊ីចឹងយើងគិតថា វាអាចមានចំណាត់ការខ្លះប្រហែលជាត្រឹមតែមន្ត្រី ឬអាជ្ញាធរដែលគាត់មានបុណ្យស័ក្តិតូចតាច អង្គភាពប្រឆាំងអំពើពុករលួយ គេចាត់វិធានការជាបន្ទាន់ ប៉ុន្តែយើងមានសង្ឃឹមដែរថា អង្គភាពប្រឆាំងអំពើពុករលួយនឹងចាត់វិធានការទៅដល់មន្ត្រី ដែលមានបុណ្យស័ក្តិខ្ពស់ៗ រហូតដល់ឯកឧត្តម ដល់ឧកញ៉ាខ្ពស់ៗហ្នឹង អង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការដោះស្រាយ ព្រោះថា អាហ្នឹងវាអាចជាប់ពាក់ព័ន្ធជាមួយគ្នា»។
បើតាម លោក សេង សុខហេង ដដែល ញត្តិដែលមានកម្រាស់ជាង ៤០ទំព័រ ដែលប្រជាបណ្ដាញសហគមន៍ដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយនោះ ក្រុមលោកបានសម្រិតសម្រាំង និងសរសេរសង្ខេបនូវរឿងរ៉ាវនៃទំនាស់ ប្រវត្តិទំនាស់ និងអ្នកប្រព្រឹត្តិបទល្មើស ព្រមទាំងអំពីរបៀបរបបនៃការធ្វើសកម្មភាពរបស់ជនប្រព្រឹត្តិបទល្មើសផងដែរ។ លោក សុខហេង ថា ក្រុមលោករីករាយនឹងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្នុងការងារនេះ ហើយថា បើអង្គភាពនេះត្រូវការ ក្រុមលោកអាចជូនទៅមើលដល់កន្លែង ដើម្បីប្រមូលវត្ថុតាង។
បន្ទាប់ពីដាក់ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ក្រុមអ្នកបណ្ដាញសហគមន៍ ដែលក្រោយមកមានការចូលរួមពីអ្នកភូមិមកពីសហគមន៍បឹងកក់ របស់ អ្នកស្រី ទេព វន្នី ផងនោះ ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ ឆ្លងកាត់មុខព្រះបរមរាជវាំង ឆ្ពោះទៅកាន់មន្ទីររដ្ឋសភា ប៉ុន្តែអាជ្ញាធរបានដាក់របាំងដែកនៅតាមច្រកចូល មិនអនុញ្ញាតឲ្យពលរដ្ឋចូលទៅជួបជុំនៅមុខមន្ទីររដ្ឋសភាឡើយ តែតំណាង ៧រូប ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យចូលដាក់ញត្តិនៅទីនោះ។
បន្ទាប់ពីដាក់ញត្តិឲ្យមន្ត្រីគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភារួច តំណាងសហគមន៍ព្រៃឡង់ នៅខេត្តព្រះវិហារ អ្នកស្រី ភោគ ឡុង ឲ្យដឹងថា មន្ត្រីទាំងនោះសន្យាថា នឹងនាំយកញត្តិរបស់ពលរដ្ឋដាក់ជូនគណៈកម្មការពាក់ព័ន្ធពិនិត្យ៖ «ខ្ញុំបានសំណូមពរថា ធ្វើម៉េចឲ្យជូនដំណឹងលឿន ឆ្លើយតបមកពួកខ្ញុំលឿនបំផុត ដើម្បីឲ្យខ្ញុំមានភាពសង្ឃឹម កុំឲ្យអស់សង្ឃឹមដូចកន្លងមក ដាក់ទៅស្ងាត់ៗ ក្នុងពេលនេះពួកខ្ញុំបានសំណូមពរហើយសំណូមពរទៀតថា សូមឲ្យសភាជូនដំណឹងជាបន្ទាន់ថា សម្រាប់ឲ្យគាត់មានសង្ឃឹមខ្លះ ពួកខ្ញុំបាននិយាយថា សហគមន៍ពួកខ្ញុំ ២៤ខេត្តក្រុង ពួកខ្ញុំថា បើមិនមានដំណោះស្រាយទេ ដែលសភាអ្នករៀបច្បាប់រៀបអីហ្នឹង ពួកខ្ញុំនឹងធ្វើហើយធ្វើទៀត ព្យាយាមទាល់តែរកដំណោះស្រាយឲ្យពួកខ្ញុំ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា លោកមិនទាន់អាចនិយាយពីបញ្ហានេះបានទេ ដោយសារលោកមិនទាន់បានឃើញញត្តិរបស់ពលរដ្ឋនៅឡើយ៖ «ទើបដាក់ទៅមិញ សួរឥឡូវឆ្លើយម៉េចកើត ចាំដល់នីតិវិធីរដ្ឋបាលអីៗសិន ដាក់ចូលអចិន្ត្រៃយ៍ ពិភាក្សាគ្នាក្នុងអចិន្ត្រៃយ៍ រៀបម៉េចខ្លះៗ ហើយបើរឿងធ្ងន់ធ្ងរ គេដាក់ចូលសភាពេញអង្គប្រជុំគ្នា»។
យ៉ាងណាក៏ដោយ សម្រាប់ លោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលបានចូលរួមឃ្លាំមើលការដាក់ញត្តិរបស់ពលរដ្ឋដែរនោះ លោកថ្លែងថា ក្នុងនាមជាតំណាងរបស់រាស្ត្រ សមាជិកសភាទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ៖ «សមាជិកដែលល្អបំផុតសម្រាប់ប្រជាពលរដ្ឋ គឺមានន័យថា ជាតំណាងរាស្ត្រដែលយកចិត្តទុកដាក់ហ្នឹង ប្រជាពលរដ្ឋហ្មង ពីព្រោះគាត់ជាតំណាងរបស់ប្រជាពលរដ្ឋ មានន័យថា ម៉េចតំណាងប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានច្រើន ដូច្នេះគេបោះឆ្នោតឲ្យតំណាងរបស់គាត់ម្នាក់មកឲ្យការពារផលប្រយោជន៍របស់គាត់នៅកន្លែងហ្នឹង។ ដូច្នេះ គាត់ត្រូវតែឆ្លើយតប ត្រូវតែបកស្រាយ គាត់ត្រូវតែចេញមកជួប ត្រូវតែបកស្រាយ ត្រូវចេញមកសំណេះសំណាលប្រជាពលរដ្ឋ ដើម្បីស្តាប់បញ្ហាប្រជាពលរដ្ឋលើកឡើង។ ឥឡូវប្រជាពលរដ្ឋគេមានបញ្ហា ហើយគេយកបញ្ហាមកជម្រាបជូនគាត់ ហើយបើគាត់ចុះ បើគាត់មិនចង់ចេញមកជួបប្រជាពលរដ្ឋ ទទួលយកបញ្ហា ចុះភាពជាតំណាងឲ្យរាស្ត្រមានន័យថាម៉េចទៅ?»។
លោក សួន ប៊ុនស័ក្តិ អំពាវនាវឲ្យគ្រប់តំណាងរាស្ត្រទាំងអស់ ធ្វើការឲ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឲ្យស័ក្តិសមជាអ្នកតំណាងរបស់រាស្ត្រ។ លោកក៏បានរិះគន់ចំពោះអាជ្ញាធរ ដែលរារាំងមិនឲ្យពលរដ្ឋចូលជិតមន្ទីររដ្ឋសភា ដោយ លោកថ្លែងថា អាជ្ញាធរគួរតែផ្តល់ឱកាសឲ្យពលរដ្ឋចូលកៀកនឹងតំណាងរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។