អ្នក​រស់​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​មុខ​ជំនួញ

0:00 / 0:00

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួងមហាផ្ទៃ នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​រយៈពេល​កំណត់​នៃ​ការ​បិទ ឬ​បើក​ទីលាន​ប្រជាធិបតេយ្យ និង​ផ្លូវ​ជុំវិញ​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នៅ​ពេល​ណា​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅ និង​អ្នក​មាន​មុខ​របរ​រក​ស៊ី​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ សម្ដែង​ក្តី​កង្វល់​ចំពោះ​ផល​ប៉ះពាល់​លើ​មុខ​ជំនួញ ព្រម​ទាំង​ការ​ចេញ​ចូល​ផ្ទះ​សម្បែង​ប្រចាំថ្ងៃ។ ពួក​គាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គិត​ពី​បញ្ហា​បិទ​ផ្លូវ​នេះ​ឡើង​វិញ។

តំបន់​ទីលាន​ប្រជាធិបតេយ្យ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ ដែល​មាន​ទំហំ​ប្រមាណ​ជាង​មួយ​ហិកតារ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​រឹតត្បិត​ការ​ចេញ​ចូល​លើស​ពី​បម្រាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​បញ្ចេញ​មតិ ឬ​ធ្វើ​បាតុកម្ម​ដូច​សព្វ​មួយ​ដង។

បម្រាម​នេះ​បាន​អូស​បន្លាយ​រយៈពេល​ប្រមាណ​ជាង​បួន​ខែ​មក​ហើយ ហើយ​រយៈពេល​ប្រមាណ​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ ការ​រឹត​បន្តឹង​កើន​ទ្វេ​ដង។ គ្រប់​ច្រក​ចេញ​ចូល​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​លួស​បន្លា​រនាំង​ដែក​ពីរ​ជាន់​យ៉ាង​រឹងមាំ មាន​កម្ពស់​ផុត​ក្បាល​មនុស្ស​ចាស់ ដាក់​បន្លា​លួស និង​មាន​កងកម្លាំង​សន្តិសុខ សមត្ថកិច្ច​ចម្រុះ​នៅ​យាម​ការពារ​របាំង​នោះ​ទាំង​យប់​ថ្ងៃ។

ជាង​នេះ​ទៅ​ទៀត ក្រុម​កម្លាំង​សមត្ថកិច្ច និង​កង​សន្តិសុខ​បណ្ដែត​របស់​អាជ្ញាធរ​ក្រុង តែង​វាយ​បង្ក្រាប បណ្ដេញ​ក្រុម​អ្នក​ចង់​ទៅ​សម្ដែង​មតិ​នៅ​ក្បែរ​ទីលាន​នោះ និង​អ្នក​កាសែត​ជា​ញឹកញាប់។ ក្រុម​អ្នក​តវ៉ា​តែង​ស្រែក​សួរ​ថា សព្វ​ថ្ងៃ​នេះ​ទីលាន​ប្រជាធិបតេយ្យ ជា​ទីលាន​សម្ដែង​មតិ ឬ​ជាទី​លាន​ផ្ដាច់ការ វាយដំ​ប្រជាពលរដ្ឋ?

ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ និង​ផ្លូវ​ជុំវិញ​មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ចេញចូល​ដោយ​សេរី​នោះ ធ្វើ​ឲ្យ​ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​ក្នុង​សង្គម គណបក្ស​ប្រឆាំង និង​ក្រុម​អាជីវករ​នៅ​តំបន់​នោះ​ក្តៅ​ក្រហាយ តឹង​ទ្រូង ព្រម​ទាំង​ប្រឈមមុខ​នឹង​ការ​ខាត​បង់​ប្រាក់​ដើម​ទុន​ជា​ច្រើន។

ស្ត្រី​ជា​អាជីវករ​លក់​គ្រឿង​ឡាន​ម្នាក់​នៅ​ខាង​ត្បូង​ទីលាន​ប្រជាធិបតេយ្យ ថ្លែង​ឲ្យ​ដឹង​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា របរ​រកស៊ី​របស់​គាត់ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ផ្សេង​ទៀត​ប្រឈម​នឹង​ការ​ខាត​បង់​ប្រាក់​ចំណូល​យ៉ាង​ធ្ងន់ធ្ងរ។

លោកស្រី​ថា ក្នុង​មួយ​ថ្ងៃ ក្រៅ​ពី​ខាត​ថ្លៃ​ឈ្នួល​ផ្ទះ គឺ​បាត់បង់​ចំណូល​ប្រមាណ​ជាង ១០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​ក្នុង​អាជីវកម្ម​នីមួយៗ ដោយសារ​តែ​អតិថិជន​មិន​អាច​ចេញចូល​តំបន់​នោះ​ដូច​សព្វដង​បាន៖ «ការ​បិទ​លាន​ប្រជាធិបតេយ្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ជុំវិញ​ទាំង​អស់​ហ្នឹង ហើយ​ការ​លក់​ដូរ​ក៏​គ្នា​មិន​បាន​លក់​ដែរ ហើយ​ម៉េច​នឹង​បាន​បង់​ពន្ធ​រាល់​ខែ ថ្លៃ​ផ្ទះ ថ្លៃ​ភ្លើង​សព្វ​ទាំង​អស់ ហើយ​គាត់​បិទ​អ៊ីចឹង ទង្វើ​អាក្រក់​របស់​គាត់​សុទ្ធតែ​ប៉ះពាល់​ទាំង​អស់​ហើយ។ ចេញ​ចូល​ក៏​ពិបាក ទៅ​ណា​ក៏​ពិបាក​ដែរ ឃុំឃាំង​នៅ​ក្នុង​ហ្នឹង​ទាំង​អស់​តែម្ដង។ គ្នា​ចង់​ចេញ​ទៅ​ផ្សា ទៅ​ទិញ​ម្ហូប កូន​អី​ទៅ​សាលា​ក៏​ពិបាក​ដែរ កូន​ចង់​ទៅ​រៀន​ឡាន​ចូល​ទៅ​អត់​បាន ទាល់តែ​ដឹក​កូន​ចេញ​មក​ក្រៅ ចេញចូល​ចរាចរណ៍​តាម​ណា​ក៏​ស្ទះ​ទាំង​អស់ គិត​មើល​ជុំវិញ​ទាំង​អស់ ៦​ផ្លូវ»

​លោកស្រី​បន្ត​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ ជា​រឿង​យោ​បាយ​របស់​រដ្ឋាភិបាល​ចង់​ឈ្នះ​ចាញ់​ជាមួយ​គណបក្ស​ប្រឆាំង ប៉ុន្តែ​រដ្ឋាភិបាល​មិន​គួរ​បិទ​ផ្លូវ​សាធារណៈ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ ព្រម​ទាំង​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ហ៊ុមព័ទ្ធ​ទាំង​យប់​ថ្ងៃ​ដូច​តំបន់​មាន​សង្គ្រាម បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​នោះ​ទេ៖ «ហើយ​កង​កម្លាំង​របស់​គេ​ហ្នឹង​គេ​ស្ពាយ​សុទ្ធ​សាក់កាដូ ខ្លាំង​ជាង​នៅ​សមរភូមិ​ទៀត មាន​ទាំង​អាវុធ មាន​ទាំង​សម្ភារៈ ដេក​អង្រឹង មើល​ទៅ​គួរ​ឲ្យ​ខ្លាច​តែម្ដង។ ខ្ញុំ​មិន​យល់​ដែរ មិន​ដឹង​ការពារ​កន្លែង​លាន​ហ្នឹង​មាន​ប្រយោជន៍​អី ព្រោះ​កន្លែង​ហ្នឹង​គឺ​លាន​ប្រជាធិបតេយ្យ រួច​ឥឡូវ​ដល់​ពេល​គាត់​ធ្វើ​អ៊ីចឹង​បាន​ន័យ​ថា លាន​ផ្ដាច់ការ​បណ្ដោយ»

បុរស​ជា​អាជីវករ​ម្នាក់​ទៀត​ដែល​មាន​ផ្ទះ​នៅ​ជាប់​ផ្លូវ​ខាង​ត្បូង​ទីលាន​ប្រជាធិបតេយ្យ​នោះ​ដែរ បាន​សម្ដែង​ពី​ក្តី​កង្វល់​ប្រហាក់ប្រហែល​គ្នា​​ដែរ​ជុំវិញ​ការ​បិទ​ផ្លូវ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ខាតបង់​មុខ​ជំនួញ ការ​ពិបាក​ចេញ​ចូល​មក​ផ្ទះ​ខ្លួន​ឯង ត្រូវ​មាន​ការ​អនុញ្ញាត​ពី​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ពេល​វេលា។

លោក​បន្ត​ថា បច្ចុប្បន្ន​លោក​មើល​ឃើញ​ទីលាន​ប្រជាធិបតេយ្យ ហាក់​ដូច​ជា​ទីលាន​សង្គ្រាម​មួយ​ដែល​មាន​កងកម្លាំង​ច្រើន​ជាង​នៅ​តំបន់​ព្រំដែន​ទៅ​ទៀត ហើយ​បញ្ហា​នេះ​ធ្វើ​ពួកគាត់​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង៖ «បើ​តាម​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​តាម​ព្រំដែន ដូចជា​មិន​សូវ​ឃើញ​មាន​ទាហាន មាន​ប៉ូលិស ដូច​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ។ ខ្ញុំ​មើល​កន្លែង​ទីលាន​ប្រជាធិបតេយ្យ​ហាក់​ដូចជា​សមរភូមិ​មួយ​ត្រៀម​ប្រយុទ្ធ ដឹង​ប្រយុទ្ធ​ជា​មួយ​អ្នក​ណា? ខ្ញុំ​អត់​យល់ អត់​យល់​ពី​ទង្វើ​របស់​រដ្ឋាភិបាល​នេះ​ទេ ហើយ​ខ្ញុំ​អត់​ដែល​ឃើញ​កម្លាំង​ប៉ូលិស ទាហាន​ចល័ត​នៅ​កណ្ដាល​ទីក្រុង​ច្រើន​អី​យ៉ាង​នេះ​ទេ»

​ការ​បារម្ភ​ផ្សេង​ទៀត គឺ​ពលរដ្ឋ​ខ្លាច​សមត្ថកិច្ច សន្តិសុខ​របស់​សាលាក្រុង​វាយដំ​ពួកគាត់​ដែល​ចេញ​ចូល​ទៅ​ផ្ទះ​នៅ​តំបន់​នោះ ដោយ​ច្រឡំ​ថា ជា​អ្នក​មក​ធ្វើ​បាតុកម្ម ឬ​តវ៉ា​លើ​បញ្ហា​អ្វី​មួយ​នោះ។

ចំណែក​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាក់​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ និង​ការ​លំបាក​ផ្សេងៗ​របស់​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​រដ្ឋាភិបាល​បាន​ដាក់​បន្ទុក​ទៅ​លើ​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​បាតុកម្ម​ជា​ហូរហែ​កន្លង​មក។ ប៉ុន្តែ​ជា​ញឹកញាប់​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា ប្រជាពលរដ្ឋ​និង​គណបក្ស​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​សិទ្ធិ​ធ្វើ​បាតុកម្ម កូដកម្ម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ក្រុង រដ្ឋាភិបាល តែងតែ​រំលោភ​ច្បាប់ រំលោភ​លើ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​របស់​ខ្លួន​ឯង។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ការ​ដាក់​របង​ដែក បន្លា​លួស កងកម្លាំង​ប្រដាប់​អាវុធ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ស្ថិត​នៅ​កណ្ដាល​ក្រុង និង​ផ្លូវ​ចេញ​ចូល​ជុំវិញ​នោះ គឺ​ជះ​ឥទ្ធិពល​អាក្រក់​បម្រាប់​ប្រទេស​កម្ពុជា និង​ភ្ញៀវ​អន្តរជាតិ ព្រមទាំង​បង្ហាញ​ពី​ការ​ដើរ​ថយ​ក្រោយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ។

លោក ចាន់ សុវ៉េត៖ «ការ​ធ្វើ​ដោយ​មិន​បាន​គិតគូរ​ឲ្យ​បាន​ដិត​ដល់​ពី​ការ​គ្រប់គ្រង​ប្រទេស ហើយ​បើ​និយាយ​ពី​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​វិញ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​តំបន់​នោះ ធ្វើ​ឲ្យ​គាត់​ពិបាក​ដើរ​ចេញ​ចូល ភ័យ​ខ្លាច មុខ​របរ​រក​ស៊ី​របស់​ពួកគាត់​ត្រូវ​បាន​រាំងស្ទះ ហើយ​ការ​ដែល​ព័ទ្ធ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​នេះ ធ្វើ​ឲ្យ​សេចក្ដី​សុខ​របស់​ពលរដ្ឋ​ស្ទើរ​តែ​បាត់បង់​ទាំង​ស្រុង​រហូត​ដល់​ពេល​នេះ»

លោក​បន្ត​ថា ការ​បិទ​ទីលាន និង​តំបន់​ជុំវិញ​នោះ គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​អាជ្ញាធរ​ហាក់​ពុំ​មាន​ហេតុផល​ណា​មួយ​សមស្រប ដែល​អាច​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​ទទួល​យក​បាន​នោះ​ទេ៖ «ឃើញ​ថា រដ្ឋាភិបាល​ដែល​កំពុង​តែ​ធ្វើ​នេះ​មិន​ដឹង​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អី​ទេ ព្រោះ​ប្រទេស​មិន​បាន​ប្រកាស​ដាក់​ភាព​អាសន្ន​ឯ​ណា​ក្នុង​កា​ប្រើប្រាស់​ដើម្បី​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ ហើយ​ទីលាន​ប្រជាធិបតេយ្យ បង្កើត​ឡើង​ដោយ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​បើ​សិន​ទីលាន​ប្រជាធិបតេយ្យ​មួយ​បង្កើត​ឡើង​ដោយ​ច្បាប់ ហើយ​បិទ​ទៅ​វិញ​ដោយ​បញ្ជា ដោយ​មិន​សមស្រប។ ខ្ញុំ​គិត​ថា វា​ប៉ះពាល់​ដល់​អនុភាព​នៃ​ការអនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​មូល​តែម្ដង»

ទោះជា​យ៉ាង​ក្តី​រដ្ឋាភិបាល​មិន​បង្ហាញ​ពី​រយៈពេល​ណា​មួយ​ជាក់លាក់​ក្នុង​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ និង​ផ្លូវ​ចេញ​ចូល​ជុំវិញ​តំបន់​នោះ​ដល់​ពេល​ណា​នោះ​ឲ្យ​ប្រាកដ​នោះ​ទេ។ មន្ត្រី​ខ្លះ​បញ្ជាក់​ថា បិទ​ឬ​បើក​តំបន់​នោះ​ឡើង​វិញ គឺ​អាស្រ័យ​លើ​ភាព​ជឿន​លឿន​នៃ​ការ​ចរចា​របស់​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈាន​ទៅ​ដល់​លទ្ធភាព​បញ្ចុះ​កម្ដៅ​នយោបាយ។​

​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ នៅ​មុន​បិទ ក្រៅ​ពី​ពលរដ្ឋ​លក់ដូរ​ប្រកប​របរ​ផ្សេងៗ ទី​នោះ​ក៏​ជា​ទី​កន្លែង​ដែល​អ្នក​កួកជេ​ឡាន ចត​ឡាន​សម្រាប់​លក់​ឲ្យ​អតិថិជន ប៉ុន្តែ​ម្ចាស់​ឡាន​ត្រូវ​បង់​លុយ​អោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ក្នុង​ឡាន​មួយ​គ្រឿង​យ៉ាង​តិច​បំផុត ៦​ពាន់​រៀល​ក្នុង​១​ថ្ងៃ។

​តំបន់​នេះ​ត្រូវ​ប្រកាស​ផ្អាក​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ក្រោយ​ពី​អាជ្ញាធរ​ដាក់​កម្លាំង​បណ្ដេញ​ក្រុម​អ្នក​តវ៉ា​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ចេញ​ពី​ទីលាន​នោះ ដោយ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា។ ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​កងកម្លាំង​អាជ្ញាធរ​ឃ្លាំមើល​ជាប់​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​រាល់​ការ​ជួប​ប្រជុំ​គ្រប់​រូបភាព​ទាំង​អស់​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។