សង្គម​ស៊ីវិល​​បារម្ភ​ពី​​ជនជាតិ​ចិនដីគោក​​នៅ​ប៉ោយប៉ែត​ច្រើន​អាច​បង្ក​អសន្តិសុខ​​ក្នុង​សង្គម

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​​ជនជាតិ​ចិន​ដី​គោក​រាប់​ពាន់​នាក់​រស់​នៅ​ក្រុង​ប៉ោយប៉ែត ដែល​អាច​បង្ក​អសន្តិសុខ​​សង្គម​នៅ​ថ្ងៃ​ខាង​មុខ​បាន។ ក្ដី​បារម្ភ​នេះ ដោយសារ​មាន​ជនជាតិ​ចិន​កាន់​តែ​ច្រើន​​មក​ជួល​បន្ទប់​​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ ខណៈ​សមត្ថកិច្ច​ហាក់​មាន​វិធានការ​​ទប់ស្កាត់​ធូរ​រលុង​នៅ​ឡើយ។ អធិការ​រង​នគរបាល​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​អន្តោប្រវេសន៍​បញ្ជាក់​ថា ជនជាតិ​ទាំង​នោះ​ ពុំ​ទាន់​​បង្ក​បញ្ហា​​ណា​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​​នៅ​ឡើយ។

​​​​​​​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា​ បើ​ទោះ​ជា​ជន​ជាតិ​ចិន​ដីគោក រស់​នៅ​ក្រុង​ប៉ោយប៉ែត មិន​ទាន់​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ​ខ្មែរ​ក្ដី ក៏​ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​ប្រកប​របរ​ខុស​ច្បាប់​ ដូច​ជា​បើក​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) និង​ករណី​ចាប់​ជំរិត​ជនជាតិ​ចិន គ្នា​ឯង​ជា​ដើម។

លោក​អះអាង​ថា​ បញ្ហា​ទាំង​នេះ​ នឹង​រាលដាល​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ពុំខាន ប្រសិន​បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធាន​ឲ្យ​បាន​តឹងរ៉ឹង​នោះ៖ «ព្រួយ​បារម្ភ​ខ្លាច​យក​ទីតាំង​នៅ​កម្ពុជា​ ធ្វើ​ជា​បទ​ល្មើស​ភេរវកម្ម​ណា​មួយ​ទៅ​លើ​ប្រទេស​គេ​ជិត​ខាង ឬ​ក៏​ប្រទេស​នៅ​លើ​ពិភពលោក​ ព្រោះ​ប្រទេស​កម្ពុជា យើង​សាកសួរ​កម្មករ​អ្នក​ដែល​ធ្លាប់​ឃើញ​ផ្ទាល់​នៅ​កន្លែង​ប៉ោយប៉ែត​នោះ​ ក្នុង​មួយ​នាទី​ក៏​គេ​រក​លុយ​តាម​អ៊ីនធឺណិត បាន​រាប់​ម៉ឺន​រាប់​ដុល្លារ​អាមេរិក​​ដែរ»

កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ប៉ូលិស​អន្តោប្រវេសន៍​ចាប់​ជនជាតិ​ចិន​ដី​គោក​ ចំនួន ២១៥​នាក់ នៅ​ក្បែរ​អូរ​ព្រំដែន​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។ ក្នុង​នោះ​ស្រី ៣២​នាក់ ពាក់​ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ក្រោយ​មក​សមត្ថកិច្ច​បាន​បញ្ជូន​ពួកគេ​តាម​រថយន្ត​ក្រុង​ទៅ​ខេត្ត​សៀមរាប ដើម្បី​ចាត់​វិធាន​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អធិការ​រង​នគរបាល​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ផ្នែក​អន្តោប្រវេសន៍ លោក អេង លីហួ មាន​ប្រសាសន៍​ថា ការ​ចាប់​ជនជាតិ​ចិន​ដីគោក​ដ៏​ច្រើន​នេះ​ ធ្វើ​ឡើង​តាម​ការ​ចង្អុល​បង្ហាញ​​របស់​សមត្ថកិច្ច​ចិន ពាក់ព័ន្ធ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​ចំណោម​ជនជាតិ​ចិន​គ្នា​ឯង៖ «អ្វី​ដែល​ខ្ញុំ​យក​បាន​ទើប​តែ​ក្នុង​អំឡុង​ពេល​នេះ​ឯង ដែល​ភាព​ច្រើន​គាត់​រស់​នៅ​ស្រប​ច្បាប់​គាត់​មាន​លិខិត​ឆ្លងដែន​ចូល​មក ប៉ុន្តែ​យើង​អត់​ដឹង​គាត់​រក​ស៊ី​ត្រូវ​ច្បាប់ ឬ​ខុស​ច្បាប់​ទេ។ ពួកគាត់​ចូល​តាម​ប្រលាន​យន្តហោះ​ខេត្ត​សៀមរាប​ ភ្នំពេញ​ ក្រុង​ព្រះសីហនុ​ និង​តាម​ព្រំដែន​ថៃ»

លោក​អះអាង​ទៀត​ថា​ ជនជាតិ​ចិន​ដែល​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ ប្រកប​របរ​ដូច​ជា​បើក​ភោជនីយដ្ឋាន​ជា​បុគ្គលិក​កាស៊ីណូ បុគ្គលិក​តាម​ហាង​លក់​ទំនិញ និង​ធ្វើ​ការងារ​រោងចក្រ​ជា​ដើម។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​ត្រូវ​រឹត​បន្តឹង​ច្បាប់​បន្ថែម​ទៀត​ទៅ​លើ​ជន​​​ណា​ដែល​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់ និង​ត្រូវ​​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ ដើម្បី​ការពារ​​សន្តិសុខ​នៅ​ក្នុង​សង្គម៖ «ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ប៉ោយប៉ែត​ ធ្វើ​យ៉ាង​ណា​សហការ​ជា​មួយ​សមត្ថកិច្ច​ឲ្យ​បាន​ល្អ រាយការណ៍​អំពី​ជន​បរទេស​ទាំង​ឡាយ​ណា​ដែល​រស់​នៅ​ខុស​ច្បាប់​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ងាយ​ស្រួល​ចាត់​វិធានការ​បាន​ទាន់​ពេល»

​​​​​របាយការណ៍​អធិការ​រង​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​ថា​ នៅ​ក្រុង​ប៉ោយប៉ែត មាន​ជនបរទេស​ចំនួន ១៨​ជាតិ​សាសន៍​​ មាន​ដូចជា​​ជនជាតិ​ថៃ​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម​ ឥណ្ឌា​ ចិន ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​​សហគមន៍​អឺរ៉ុប ជា​ដើម ទោះ​ជា​​យ៉ាង​ណា​ពុំ​ទាន់​មាន​តួលេខ​បញ្ជាក់​ថា ​មាន​ប៉ុន្មាន​នាក់​នៅ​ឡើយ​​ទេ។ ប៉ុន្តែ​​ជនជាតិ​ចិន រស់​នៅ​​ច្រើន​ជាង​គេ​ មាន​​ជាង ១​ពាន់​នាក់ បន្ទាប់​មក​ជនជាតិ​ថៃ​ និង​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។