លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនឹងត្រូវអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មិនមែនជាច្បាប់ដែលគាបសង្កត់ប្រជាពលរដ្ឋនោះទេ តែគឺជាច្បាប់មួយជួយការពារអាយុជីវិតប្រជាពលរដ្ឋទៅវិញ។
ការប្រកាសនេះ ស្របពេលដែលប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ កំពុងនាំគ្នាសម្រុកទៅធ្វើប័ណ្ណបើកបរ និងបំពេញលក្ខខណ្ឌមួយចំនួនឲ្យស្របទៅនឹងតម្រូវការនៃច្បាប់នេះ។ យ៉ាងណាក៏ដោយ សង្គមស៊ីវិលយល់ឃើញថា នឹងមានជនមួយចំនួនឆ្លៀតឱកាសយកចំណេញពីប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសាធារណៈទាំងនេះ ដែលតម្រូវឲ្យរដ្ឋាភិបាលប្រើវិធានការឲ្យបានច្បាស់លាស់។
ប្រជាពលរដ្ឋនិងអ្នកប្រកបរបររត់ម៉ូតូឌុប បាននាំគ្នាជជែកវែកញែក និងលើកឡើងពីកង្វល់ពួកគេមុនពេលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីកាន់តែខិតជិតមកដល់។
អង្គុយលើម៉ូតូនៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្សី បុរសវ័យកណ្ដាលម្នាក់ដែលកំពុងប្រកបរបររត់ម៉ូតូរអ៊ូថា តម្លៃដែលកំណត់សម្រាប់ធ្វើប័ណ្ណបើកបរជូនពលរដ្ឋធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់លោក៖ «ច្បាប់ចរាចរណ៍ថ្មីដែលឲ្យទៅធ្វើប័ណ្ណបើកបរលឺសូរតែម្នាក់ ៦ម៉ឺនវាច្រើនដែរហ្នឹង បើត្រឹម ២ម៉ឺនអីសមរម្យ»។
ចំណែកពលរដ្ឋមួយរូបទៀត ដែលមមាញឹកនឹងការលក់ដូរផ្លែឈើនៅលើផ្លូវ២៧១ ថ្លែងថា លោកគាំទ្រចំពោះច្បាប់ចរាចរណ៍ថ្មីនេះ។ ប៉ុន្តែអ្វីដែលលោកបារម្ភគឺមន្ត្រីក្រោមឱវាទអាចនឹងឆ្លៀតឱកាសធ្វើបាបប្រជាពលរដ្ឋស្របពេលពលរដ្ឋកំពុងមានតម្រូវការលិខិតស្នាមបើកបរ៖ «គោលការណ៍ដាក់ឲ្យខ្ពស់ពេក។ រាស្ត្រក្រីក្រវាច្រើន រាស្ត្រវាមិនអាចទៅរួចទេ តម្លៃត្រឹម ២ម៉ឺនអីអាចរាស្ត្រក្រីក្រអាចលក់ដូរមាន់ទារអីធ្វើបាន។ ពេលធ្វើតម្លៃគោលការណ៍រដ្ឋដាក់ឲ្យប៉ុណ្ណេះ ពេលទៅធ្វើ អ្នកធ្វើយកតម្លៃលើសតម្លៃហ្នឹងទៀត។ ចង់ឲ្យរដ្ឋាភិបាលជួយពិនិត្យពិច័យមើលមន្ត្រីក្រោមៗ ច្រើនតែពុករលួយក្រោមៗ មន្ត្រីក្រោមៗច្រើនតែឆ្លៀតឱកាស។ តម្លៃ ៦ម៉ឺនក្នុងមួយផ្ទះគ្រួសារខ្ញុំ ៨នាក់ ចុះបើម្នាក់ ៦ម៉ឺន (អស់) ៤៨ម៉ឺន ហើយរាស្ត្រក្រីក្រច្រើនទៅរកឯណា ៤៨ម៉ឺនភ្លាមៗ»។

ថ្វីត្បិតតែប្រជាពលរដ្ឋត្អូញត្អែរដូច្នេះក្ដី ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈនៅក្នុងពិធីចែកសញ្ញាប័ត្រនៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី២៨ ធ្នូ ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនឹងត្រូវអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មិនមែនជាច្បាប់ដែលគាបសង្កត់ប្រជាពលរដ្ឋនោះទេ តែគឺជាច្បាប់មួយជួយការពារអាយុជីវិតប្រជាពលរដ្ឋទៅវិញ៖ «ព្រះតេជគុណទៅទេសនាកន្លែងណាជួយបិណ្ឌបាតផង។ ថ្ងៃ១ ខែមករា នេះ គឺចាប់អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីយ៉ាងតឹងរ៉ឹង។ មិនមែនតឹងរ៉ឹងធ្វើបាបប្រជាពលរដ្ឋទេ តឹងរ៉ឹងដើម្បីការពារជីវិតប្រជាពលរដ្ឋ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលបាននូវផលប្រយោជន៍»។
ផ្ទុយទៅវិញ សង្គមស៊ីវិលដែលឃ្លាំមើលការអភិវឌ្ឍសង្គមយល់ឃើញថា វិធានការនៃច្បាប់ថ្មីនេះ មាននីតិវិធីស្មុគស្មាញ និងនាំឲ្យពលរដ្ឋចំណាយថវិកាច្រើន។ ពួកគេយល់ថា វិធានការនេះ អាចអនុវត្តបានជោគជ័យតែលើការផាកពិន័យរបស់សមត្ថកិច្ចតែប៉ុណ្ណោះ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានមតិថា មានឧបសគ្គមួយចំនួនក្នុងបរិបទកម្ពុជា នៅពេលនេះ មិនអាចឲ្យពលរដ្ឋអនុវត្តច្បាប់ថ្មីនេះទៅបានដោយរលូននោះទេ។ លោកថា មាត្រា៩ នៃអនុក្រឹត្យ ស្ដីពីការពិន័យអន្តរការចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលចេញដោយរដ្ឋាភិបាលកាលពីខែកក្កដា ឆ្នាំ២០១៥ បានតម្រូវឲ្យអ្នកបើកបរត្រូវមានប័ណ្ណបើកបរ តម្រូវឲ្យពលរដ្ឋមានការផ្ទេរកម្មសិទ្ធិកាន់កាប់លើមធ្យោបាយដឹកជញ្ជូន ជាដើម គឺសុទ្ធតែជាវិធានការមិនអាចឲ្យប្រជាពលរដ្ឋអាចធ្វើបានក្នុងរយៈពេលខ្លីនេះទេ ខណៈការអនុវត្តច្បាប់មានភាពធូររលុងកន្លងមក ស្របពេលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើននៅមានភាពក្រីក្រនៅឡើយ។
លោក សន ជ័យ បានស្នើឲ្យរដ្ឋាភិបាលទុកពេលវេលាឲ្យប្រជាពលរដ្ឋយ៉ាងហោចណាស់កន្លះឆ្នាំទៀត ដើម្បីឲ្យពួកគាត់បំពេញឯកសារ និងបែបបទដើម្បីធានាឲ្យមធ្យោបាយនៃការដឹកជញ្ជូនរបស់ពលរដ្ឋមានលក្ខណៈស្របច្បាប់៖ «យើងចង់ឲ្យបង្កបរិយាកាសឲ្យប្រជាពលរដ្ឋទទួលបានសេវាបានដោយងាយស្រួល ជៀសវាងទៅហើយស្ថានភាពនៅទីនោះអ៊ូអររញ៉េរញ៉ៃធ្វើឲ្យខាតពេលវេលាការងាររបស់គាត់។ កន្លងមកមានរូបភាពបែបហ្នឹង រួមផ្សំនឹងជិតដល់ឱសានវាទនេះទៀត ធ្វើឲ្យការមមាញឹកនៅទៅនោះកាន់តែខ្លាំង។ ខ្ញុំមិនសង្ឃឹមថា មាត្រា៩ អាចអនុវត្តបានជោគជ័យទេ បើបានជោគជ័យគឺជោគជ័យមួយតែបានតែសមត្ថកិច្ចដែលប្រជាពលរដ្ឋដែលរងនូវការផាកពិន័យក្នុងចំនួនមួយច្រើនកំណត់ដោយអនុក្រឹត្យនេះ»។
សេចក្ដីប្រកាសរួមស្ដីពីការកែប្រែកម្រងសេវាសាធារណៈ នៃតារាងឧបសម្ពន្ធភ្ជាប់ និងប្រកាសរួមកាលពីខែធ្នូ ឆ្នាំ២០១២ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់តម្លៃការប្រឡងយកប័ណ្ណបើកបរយានយន្ត ឬម៉ូតូ តម្លៃ ៦ម៉ឺនរៀល ក្រោយប្រឡង ១០ថ្ងៃបានទទួលប័ណ្ណបើកបរ និងប័ណ្ណបើកបរនេះមានសុពលភាពរយៈពេល ៥ឆ្នាំ។ ចំណែកការប្រឡងយកប័ណ្ណបើកបររថយន្តទេសចរណ៍ប្រភេទខ ឬឡានតូច តម្លៃ ១៨ម៉ឺនរៀល ក្រោយប្រឡង ១០ថ្ងៃបានទទួលប័ណ្ណបើកបរ និងមានសុពលភាពរយៈពេល ៥ឆ្នាំ។ ប៉ុន្តែជាក់ស្ដែងអ្នកធ្វើប័ណ្ណបើកបរកន្លងមកតែងរអ៊ូរទាំថា មន្ត្រីអនុវត្តបានបង្កឲ្យមានភាពយឺតយ៉ាវ មានបញ្ហាឧបករណ៍បច្ចេកទេស និងមានមន្ត្រីឆ្លៀតបម្រើសេវាខាងក្រៅដើម្បីរកលុយបន្ថែម។
យ៉ាងណាក៏ដោយ អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីជូនដំណឹងមួយ បង្ហាញទស្សនៈថា គិតរហូតមកដល់ពេលនេះ រយៈពេលនៃការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធការធ្វើចរាចរណ៍ផ្លូវគោក សមល្មមឈានដល់ពេលវេលាមួយតម្រូវឲ្យអនុវត្តច្បាប់ សំដៅឲ្យសណ្ដាប់ធ្នាប់សាធារណៈមានការវិវត្តន៍ប្រែប្រួលថ្មី ពិសេសកាត់បន្ថយគ្រោះថ្នាក់ និងភាពកកស្ទះចរាចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។