អត្រាកើនឡើងនៃអ្នកសេពគ្រឿងញៀននៅតំបន់ជនជាតិដើមភាគតិចខេត្តរតនគិរី បង្កក្ដីបារម្ភពីផលប៉ះពាល់វប្បធម៌ប្រពៃណី និងជីវភាពរស់នៅរបស់ពលរដ្ឋសហគមន៍មូលដ្ឋាន។ នៅភូមិសោមត្រក់ចាស់ អ្នកភូមិ និងមន្ត្រីមូលដ្ឋានអះអាងថា យុវជនសេពគ្រឿងញៀនមានកម្រិតខ្ពស់។
មន្ត្រី និងពលរដ្ឋក្នុងភូមិសោមត្រក់ចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា យុវជនជនជាតិដើមភាគតិចកាន់តែច្រើនក្នុងភូមិប្រើប្រាស់គ្រឿងញៀន និងបង្កបាតុភាពក្នុងក្រុមគ្រួសារ និងសហគមន៍ពួកគេ។
ពលរដ្ឋភូមិសោមត្រក់ចាស់ លោក រម៉ាស ពេជ្រ កត់សំគាល់ថា ក្នុងឆ្នាំ២០១៧ នេះ អ្នកជួញដូរគ្រឿងញៀនពីខាងក្រៅសហគមន៍បានចែកចាយគ្រឿងញៀនមកដល់មូលដ្ឋានសម្រាប់ក្រុមយុវជនដែលចូលព្រៃកាប់ឈើជក់អាចទ្រាំនឹងភាពងងុយ ខណៈពួកគេដឹកជញ្ជូនឈើនៅពេលយប់ចេញពីព្រៃ។ លោកបន្តថា ការយុវជនប្រើប្រាស់គ្រឿងញៀនកើនឡើងបើប្រៀបធៀបឆ្នាំកន្លងទៅ ដែលមានយុវជននៅភូមិប្រមាណ ១០ភាគរយបានប្រើប្រាស់គ្រឿងញៀន៖ «គាត់ថា នៅពេលជក់គ្រឿងញៀនជួយជាកម្លាំងធ្វើឲ្យអត់ឲ្យងងុយដេក អ៊ីចឹងគាត់ត្រូវការប្រើអាហ្នឹងធ្វើការរកជំនួញរបស់គាត់ដែរ»។
ចំណែកស្ត្រីជនជាតិដើមភាគតិចរស់នៅភូមិសោមត្រក់ចាស់ គឺអ្នកស្រី សល់ អុយ បញ្ជាក់ថា យុវជនដែលប្រើគ្រឿងញៀនបង្កហិង្សាក្នុងគ្រួសារលួចឆក់ក្នុងភូមិ ជាពិសេសអ្នកញៀនថ្នាំបានផ្តាច់ខ្លួនចេញពីសហគមន៍ហើយចូលព្រៃកាប់ឈើលក់យកប្រាក់ចាយវាយ និងទិញគ្រឿងញៀនបង្កផលប៉ះពាល់ប្រពៃណី និងធនធានធម្មជាតិដែលសហគមន៍អភិរក្ស៖ «សំណូមពរឲ្យរកវិធានការមកទប់ទល់ កម្ចាត់គ្រឿងញៀនហ្នឹងឲ្យលឿនបំផុត កុំទុកយូរខូចសុខភាពក្មេងអត់បានរៀនសូត្រដើរប៉ោឡែ»។
របាយការណ៍របស់អាជ្ញាធរភូមិសោមត្រក់ចាស់ ឲ្យដឹងថា យុវជនក្នុងភូមិចាប់ពីអាយុ ១៧ឆ្នាំ រហូត ២០ឆ្នាំ ៥០ភាគរយ គឺជាអ្នកប្រើប្រាស់គ្រឿងញៀនតាមរយៈអ្នកជួញដូរពីខាងក្រៅសហគមន៍។
ប្រធានភូមិសោមត្រក់ចាស់ លោក សេង អឿន បញ្ជាក់ថា នេះជាតួលេខខ្ពស់នៃយុវជនក្នុងសហគមន៍កំពុងប្រើប្រាស់គ្រឿងញៀន ចំណែកអាជ្ញាធរមិនមានលទ្ធភាពទប់ស្កាត់។ លោកថា អ្នកចែកចាយ និងអ្នកប្រើប្រាស់យកតំបន់ព្រៃជាកន្លែងលក់ដូរ ឬសេពគ្រឿងញៀនហេតុនេះអាជ្ញាធរពិបាកបង្ក្រាបបានទាន់ពេលវេលា៖ «ពួកអ្នកមានខ្នងធ្វើការហ្នឹងឯងយកមកចែកចាយក្នុងភូមិ អ្នកភូមិហ្នឹងយកមកពីណា»។
អធិការរងនគរបាលស្រុកអូរយ៉ាដាវ លោក ងយ ដន ទទួលស្គាល់ថា ការអះអាងរបស់ពលរដ្ឋ និងអាជ្ញាធរភូមិសោមត្រក់ចាស់ គឺជារឿងពិតដែលសមត្ថកិច្ចប៉ូលិសកំពុងចាត់វិធានការបង្ក្រាប ក៏ប៉ុន្តែលោកថា ការចូលរួមរបស់អ្នកភូមិ ជាពិសេសអាណាព្យាបាលយុវជនសេពគ្រឿងញៀនគឺជាប្រការសំខាន់ដើម្បីតាមដានមុខសញ្ញាចែកចាយ និងអ្នកប្រើប្រាស់បានច្បាស់លាស់។
លោកថា វិធានការអប់រំទាក់ទិនការជួញដូរ និងប្រើប្រាស់គ្រឿងញៀនតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានផ្សព្វផ្សាយច្រើនលើកដើម្បីរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននេះ៖ «អាណាព្យាបាលឲ្យគាត់ផ្ដល់ព័ត៌មានកូនជក់គ្រឿងញៀន បើសិនគាត់ជក់វិធានការទី១ យើងអប់រំ»។
របាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ ឲ្យដឹងចាប់ពីដើមឆ្នាំ២០១៧ រហូតបច្ចុប្បន្នថា តួលេខអ្នកប្រើប្រាស់គ្រឿងញៀននៅទូទាំងស្រុកកើនឡើងដល់ ២០ភាគរយ ដែលភាគច្រើនជាអ្នកប្រកបរបរដឹកជញ្ជូនឈើតាមម៉ូតូ ឬរថយន្តនៅពេលយប់។ ក្នុងនោះសមត្ថកិច្ចបង្ក្រាបបាន ៥ករណី ចាប់ខ្លួនអ្នកចែកចាយគ្រឿងញៀនពីរនាក់ និងបានអប់រំយុវជនប្រើប្រាស់គ្រឿងញៀនបាន ១៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។