រដ្ឋាភិបាល​បដិសេធ​ថា​មិន​បាន​លក់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ប្រើ​ទង់ជាតិ​ខ្មែរ​លើ​នាវា​បរទេស

0:00 / 0:00

រាជ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៤ មេសា បាន​ប្រតិកម្ម​លើ​អត្ថបទ​ដែល​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ដែល​សរសេរ​ថា រាជ​រដ្ឋាភិបាល​បាន​លក់​សិទ្ធិ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា ទៅ​ឲ្យ​កប៉ាល់​ពាណិជ្ជកម្ម​បរទេស។ រដ្ឋាភិបាល​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​ឲ្យ​មក​ស្ដាប់​ការ​ឆ្លើយ​តប​នេះ ដើម្បី​ឲ្យ​យល់​ពី​ការ​ពិត និង​ណែនាំ​ចំពោះ​ការ​រាយការណ៍​ព័ត៌មាន​ណា​មួយ ដែល​ប្រាសចាក​វិជ្ជាជីវៈ និង​វាយ​ប្រហារ​រដ្ឋាភិបាល។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បកស្រាយ​អត្ថបទ​សារព័ត៌មាន​មួយ​ចំនួន រួម​ទាំង​វិទ្យុ​អាស៊ីសេរី ផង បាន​លក់​សិទ្ធិ​នៃ​ការ​ចុះ​បញ្ជី​កប៉ាល់​ពាណិជ្ជកម្ម​បរទេស​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា នៅ​លំហ​សមុទ្រ​អន្តរជាតិ​ដែល​គណៈរដ្ឋមន្ត្រី​គិត​ថា ជា​អត្ថបទ​ចោទ​ប្រកាន់ ជា​អត្ថបទ​ប្រឌិត​សុទ្ធសាធ និង​ការ​វាយ​ប្រហារ​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ មេសា ថា តួនាទី​របស់​អ្នក​សារព័ត៌មាន គឺ​ផ្ដល់​ព័ត៌មាន មិន​មែន​ផ្ដល់​អារម្មណ៍​របស់​អ្នក​ព័ត៌មាន​ទៅ​កាន់​មហាជន​នោះ​ទេ។ អ្នក​សារព័ត៌មាន មិន​ត្រូវ​រាយការណ៍​ព័ត៌មាន​ពី​អ្វី​ដែល​គ្រាន់​តែ​ឮ ឬ​អ្នក​ដទៃ​និយាយ​នោះ​ទេ។

លោក ផៃ ស៊ីផាន បាន​អះអាង​ថា ការ​អញ្ជើញ​ស្ថាប័ន​សារព័ត៌មាន​ឲ្យ​មក​ស្ដាប់​ការ​បកស្រាយ​នោះ មិន​មែន​ជា​ការ​ព្រមាន ឬ​បំភិតបំភ័យ​ធ្វើ​ឲ្យ​បាត់​បង់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទេ។ គោល​បំណង​នោះ គឺ​ចង់​ឲ្យ​ការ​រាយការណ៍​នោះ ជៀសវាង​ការ​ប្រើប្រាស់​ពាក្យ​ឲ្យ​សាធារណៈ​យល់​ច្រឡំ ជាដើម៖ «សេចក្ដី​បកស្រាយ​ដែល​ចោទ​ថា រាជ​រដ្ឋាភិបាល​បាន​លក់​សិទ្ធិ​នៃ​ការ​ចុះ​បញ្ជី​កប៉ាល់​ពាណិជ្ជកម្ម ដែល​នេះ​ជា​ការ​សោកស្ដាយ​មួយ ដែល​អ្នក​សារព័ត៌មាន​បាន​ប្រើប្រាស់ បំពាន​ទៅ​លើ​អ្វី​ដែល​ជា​វិជ្ជាជីវៈ ហើយ​និង​ក្រម​សីលធម៌​ដែល​យើង​ថា យើង​ប្រឌិត​ពាក្យ​ហ្នឹង ឬ​អាច​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ ឬ​បំណង​របស់​យើង​ប្រឈម​នឹង​ជម្លោះ​ជាមួយ​រាជ​រដ្ឋាភិបាល»

លោក ផៃ ស៊ីផាន បាន​លើក​ហេតុផល​ថា ប្រទេស​កម្ពុជា ខ្វះខាត​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​លើ​កិច្ចការ​ចុះ​បញ្ជី​កប៉ាល់​បរទេស ទើប​ស្វែង​រក​ដៃគូ​អនុវត្តន៍​កិច្ចការ​ចុះ​បញ្ជី​កប៉ាល់​បរទេស ដោត​ទង់ជាតិ​កម្ពុជា។

ប្រធាន​ក្រុម​កិច្ចការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​សេចក្ដី​ព្រមព្រៀង​របស់​ក្រុមហ៊ុន​នាវាចរណ៍ លោក សេង លំនៅ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទទួល​កិច្ចការ​លើ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​បរទេស​នានា ឲ្យ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា លើ​លំហ​សមុទ្រ​អន្តរជាតិ​នោះ គឺ​ឈ្មោះ ភ្នាក់ងារ​ប្រតិបត្តិការ​ពិសេស (Special Operation Agencies)។ ភ្នាក់ងារ​នេះ បាន​ដំណើរ​ការ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០០១ ដែល​មាន​កប៉ាល់​បរទេស​ដែល​បាន​ចុះ​បញ្ជី​ចំនួន ២.៥០០​កប៉ាល់ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០០២ បាន​ថយ​ចុះ​មក​ត្រឹម ៩២៧​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​សាជីវកម្ម​នាវា​កម្ពុជា (Cambodian Ship Cooperation) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហបុរី បាន​ដួល​រំលំ​ទៅ​វិញ ដោយសារ​តែ​ជួប​បញ្ហា​មួយ​ចំនួន​ទាក់ទង​ការ​ដឹក​ទំនិញ​ខុស​ច្បាប់ និង​ការ​លួច​ប្លន់ ជាដើម កាល​ពី​ឆ្នាំ​២០០២៖ «ដោយសារ​តែ​មាន​បញ្ហា​ច្រើន​ប៉ះពាល់​ដល់​រដ្ឋ មាន​ការ​ដឹក​ជញ្ជូន​អាភៀន គ្រឿងញៀន សមាជិក​នាវា​ដែល​មាន​ដោត​ទង់ជាតិ​របស់​កម្ពុជា ទៅ​ប្លន់​នាវា​របស់​ប្រទេស​ផ្សេង មាន​ដឹក​មីសស៊ីល»

របាយការណ៍​របស់​គណៈកម្មការ​អន្តរ​ក្រសួង​លើ​កិច្ចការ​ចុះ​បញ្ជី​នាវា​បរទេស បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០២ រហូត​ដល់​បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​បាន​រៀប​ចំ​អាជ្ញាធរ​មួយ​ដែល​ចូល​រួម​ពី​អន្តរ​ក្រសួង និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​គ្រប់គ្រង​លើ​ការ​អនុញ្ញាត​ការ​ចុះ​បញ្ជី​កប៉ាល់​បរទេស ប្រើប្រាស់​ទង់ជាតិ​កម្ពុជា ដោយ​ជ្រើស​រើស​ដៃគូ​របស់​រាជ​រដ្ឋាភិបាល អនុវត្ត​កិច្ចការ​ទាំង​នេះ​ឡើង​វិញ។ ប៉ុន្តែ ក្រុមហ៊ុន​ដៃគូ​នោះ ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា គុណ​សម្បត្តិ ឬ​សមត្ថភាព ឯកទេស វិជ្ជាជីវៈ ក្រម​សីលធម៌ និង​ស្ថិរភាព​ហិរញ្ញវត្ថុ។

រាជ​រដ្ឋាភិបាល​បាន​បង្កើត​អាជ្ញាធរ​មួយ​ដែល​ហៅ​ថា ការ​ចុះ​បញ្ជី​នាវា​បរទេស​របស់​ប្រទេស​កម្ពុជា ដែល​ហៅ​កាត់​ថា អាយរ៉ុក (ISROC) ដែល​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០០៣ ដែល​មាន​ចំនួន​កប៉ាល់​បរទេស​បាន​ចុះ​បញ្ជី ៩២៧​កប៉ាល់ ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា។ លោក​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០១៣ មាន​ចំនួន​កប៉ាល់​បរទេស​ដែល​បាន​ចុះ​បញ្ជី​បាន​កើន​ឡើង​រហូត​ដល់ ១៥៦០។ ប៉ុន្តែ​បច្ចុប្បន្ន មាន​កប៉ាល់​ប្រមាណ ៥៥០​គ្រឿង​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា នៅ​លើ​លំហ​អន្តរជាតិ។ នៅ​ក្នុង​ឆ្នាំ​២០១៤ កប៉ាល់​បាន​ថយ​ចុះ​មក​ត្រឹម​ចំនួន ៥៤៩​កប៉ាល់​ប៉ុណ្ណោះ។

បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ជ្រើស​រើស​ក្រុមហ៊ុន​ដៃគូ​ចុះ​បញ្ជី​កប៉ាល់​បរទេស គឺ​ឈ្មោះ​ថា កូស្មូស (Cosmos) ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន ៦​លាន​ដុល្លារ​អាមេរិក​នៅ​ចន្លោះ​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៣។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ដៃគូ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លើ​កិច្ចការ​ចុះ​បញ្ជី​កប៉ាល់​បរទេស មិន​មែន​ជា​ក្រុមហ៊ុន​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​លក់​សិទ្ធិ​ឲ្យ​ដូច​ដែល​សារព័ត៌មាន​បាន​សរសេរ​នោះ​ទេ។

ប៉ុន្តែ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន (វ.ក.ស.ស) លោក មឿន ឈានណារិទ្ធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​មិន​ពេញ​លេញ រដ្ឋាភិបាល​តែង​លូក​ដៃ​ចូល​កិច្ចការ​លើ​ស្ថាប័ន​សារព័ត៌មាន​ណា​ដែល​ឯករាជ្យ ដើម្បី​កាត់​បន្ថយ​ការ​រាយការណ៍​ព័ត៌មាន​ដែល​មាន​ភាព​ចម្រូងចម្រាស​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។