កម្មករ​សំណង់​ចង់​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដូច​កម្មករ​រោងចក្រ

0:00 / 0:00

កម្មករ​សំណង់ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព សុវត្ថិភាព និង​ផ្ដល់​កិច្ច​គាំពារ​សង្គម​សម្រាប់​ពួកគេ។ ការ​ស្នើ​សុំ​នេះ បន្ទាប់ពី​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​យក​ចិត្ត ទុក​ដាក់​លើ​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ​សំលៀកបំពាក់។

ឧស្សាហកម្ម​ការងារ​សំណង់ បាន​ទាក់ទាញ​អ្នកធ្វើការ​ទាំង​ប្រុស​ទាំង​ស្រី គ្រប់​វ័យ​មកពី​គ្រប់ទិសទី បន្ទាប់ពី​ការងារ​រោងចក្រ។ កម្មករ​ក្នុង​វិស័យ​នេះ ត្អូញត្អែរ​ថា ពួកគេ​ប្រឈម​នឹង​លក្ខខណ្ឌ​ការងារ​ដ៏ អាក្រក់ និង​សុវត្ថិភាព​ដ៏​ផុយ​ស្រួល ប៉ុន្តែ​មិនទាន់​ឃើញ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់ ដូច​កម្មករ​ក្នុង​វិស័យ​រោងចក្រ​ឡើយ។

កំពុង​រៀប​ឥដ្ឋ​នៅ​ក្នុង​បុរី​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ សម្បុរ​ខ្មៅ​សក់រួញ​លោក ប្រុស រៀបរាប់​ថា លោក មកពី​ខេត្ត​កំពត ហើយ​បាន​ធ្វើ​ការងារ​សំណង​ជាង ២០​ឆ្នាំ​មក​ហើយ។ មាន​វ័យ​ប្រហែល​ជិត ៤០​ឆ្នាំ លោក​ថា ទោះបីជា​លោក​ខំ​តស៊ូ​ធ្វើការ​ងារ​នេះ​យូរ​ឆ្នាំ​ក្ដី ប៉ុន្តែ​មិន​ទាន់​មាន​ជីវភាព​សមរម្យ​នៅឡើយ។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល ជួយ​យកចិត្តទុកដាក់ ចំពោះ​កម្មករ​សំណង​ដូច​កម្មករ​រោងចក្រ​ដែរ៖« ការងារ​សំណង់​លំបាក​ខ្លាំង​ណាស់​ឥឡូវ កម្រៃ​បាន​ចូល​តិច​តូច។ យើង​ម៉ៅការ​អ៊ីចឹង​ជួន​កាល​បាន​ចំណេញ​តិចតួច ឬ​ក៏​ចូល​ដើម​អ៊ីចឹង​ទៅ។ ខ្ញុំ​ចង់​អោយ​សម្ដេច​ជួយ​ដែរ ជួយ​ចុះ​មក​ជួប​ជាមួយ​កម្មករ​សំណង់ ដើម្បី​ជួយ​រៀបចំ​ការងារ​សំណង់​អោយ​មាន​ប្រាក់​ខែ​សមរម្យ ដើម្បី​កុំ​ឲ្យ​ចំណាក​ស្រុក​ទៅ​ប្រទេស​គេ »

កម្មករ​សំណង់​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា មាន​ចាប់ពី ១៩​ម៉ឺន ទៅ ២០​ម៉ឺន​នាក់​ក្នុង​នោះ ៣០​ភាគរយ​ជា​ស្ត្រី។

ចំណែក​កម្មករ​សំណង់​ម្នាក់ទៀត ឈ្មោះ ធូ កំពុង​លី​បាវ​ខ្សាច់ និង​ស៊ីម៉ងត៍ បាន​និយាយ​ថា មាន​បទពិសោធន៍​ធ្វើ​សំណង់​នៅ​តាម​ផ្ទះល្វែង​ផង ខុនដូ (Condo) ផង គឺ​ហត់នឿយ និង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប និង​គ្មាន​អ្នកទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​របស់​កម្មករ​ឡើយ។ ក្នុង​១​ថ្ងៃ ធ្វើការ​៨​ម៉ោង​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល កន្លែង​ខ្លះ មិន​បាន ៣​ម៉ឺន​រៀល​ឡើយ។ ប្រាក់​ឈ្នួល​នេះ លោក​ថា មិន​អាច​ទ្រទ្រង់​សម្រាប់​ការ​ចំណាយ​លើ​ការ​ហូបចុក ថ្លៃ​ទឹក​ភ្លើង និង​ថ្លៃ​ឈ្នួល​ផ្ទះ​ជួល​បានទេ « គួរតែ​រដ្ឋាភិបាល​គិត​ដែរ​ដល់​កម្មករ​សំណង់ ព្រោះ​អី​កម្មករ​សំណង់​គ្នា​ធ្វើ​ទៅ បាន​ចំណូល​តិច​ហើយ គ្រោះ​ថ្នាក់​ច្រើន​ទៀត។សូម​ជួយ​ដំឡើង​តម្លៃ​ការងារ​ឲ្យ​បាន​គួរ​សម​ផង ប្រហែល​ចាប់​ពី ១០ដុល្លារ​ទៅ​គឺ​ល្អ »

នៅមុន​ការបោះឆ្នោត​មកដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនា​ការ​ចុះ​ជួប​កម្មករ​តាម​រោងចក្រ​ជា​បន្តបន្ទាប់ ចាប់​តាំងពី​ខែ​សីហា​មក។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាស​ថា ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​បង់ថ្លៃ​សេវា​គាំពារ​សុខភាព​កម្មករ ១០០​ភាគរយ រីឯ​ចាប់ពី​ឆ្នាំ​២០១៩ កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​ចូលនិវត្តន៍​ដូច​មន្ត្រីរាជការ​ដែរ។ លោក​ក៏បាន​សន្យា​ទៀត​ថា នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ កម្មការិនី​អាច​ជិះ​រថយន្តក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់តែ​បង្ហាញ​ប័ណ្ណ​ការងារ និង​អំពាវនាវ​ឲ្យ​បញ្ចុះតម្លៃ​ទឹក​ភ្លើង​នៅ​តាម​ផ្ទះ​ជួល​កម្មករ។

ថ្វីត្បិត​តែ​ការសន្យា​របស់​លោក ហ៊ុន សែន បាន​ផល​ខ្លះ និង​មិន​ទាន់​បាន​ផល​ខ្លះ​ក្ដី ប៉ុន្តែ​លោក​ហាក់​យកចិត្តទុកដាក់​តែ​លើ​កម្មករ​រោងចក្រ​ប៉ុណ្ណោះ ចំណែក​កម្មករ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​មិន​ត្រូវ​បាន​អើពើ​ឡើយ។

កំពុង​លាយ​ស៊ីម៉ងត៍​បែកញើស​ជោគ​អាវ លោកស្រី កែវ ណាគ្រី បាន​ធ្វើ​ការងារ​សំណង់​ជាមួយ​ប្ដី​ជាង ៣ ឆ្នាំ​ហើយ។ មាន​វ័យ​ជាង ៤០​ឆ្នាំ លោកស្រី រៀបរាប់​ថា មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​លោក​នាយករដ្ឋមន្ត្រី ចុះ​ជួប​កម្មករ​សំណង់ ដូច​កម្មករ​រោងចក្រ​ឡើយ។ ស្ត្រី​កម្មករ​សំណង់​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​លើ​កម្មករ​គ្រប់​វិស័យ​ទាំងអស់ « ខ្ញុំ​ធ្វើ​ខាង​ជ្រី​ក៏​បាន បូក​ក៏បាន លាយ​ក៏​បាន តាម​មេ​ខ្ញុំ​ត្រូវការ​ហើយ​មួយ​ថ្ងៃ ខ្ញុំ​ទទួល​បាន ២ម៉ឺន៥ពាន់រៀល។ ការងារ​សំណង់​មិន​ស្រណុក​ទេ។ មិន​ដែល​បាន​ឃើញ​សម្ដេច​ចុះ​មក​ទេ សូម​សម្តេច​ចុះ​មក​មើល​កម្មករ​សំណង​ផង ព្រោះ​ពួក​ខ្ញុំ​ហត់​ណាស់។ បើ​មិន​ហត់​មិន​បាន​លុយ​ដែរ »

កម្មករ​សំណង់ រៀបរាប់​ប្រហាក់ប្រហែល​គ្នា​ថា សុវត្ថិភាព​ការងារ បញ្ហា​សុខភាព ប្រាក់​ឈ្នួល​ទាប និង​គ្មាន​ការ​ផ្ដល់​កិច្ច​គាំពារ​សង្គម​ផ្សេងៗ គឺជា​បញ្ហា​ចម្បង ដែល​ក្រុម​កម្មករ​សំណង់​ចង់​ឲ្យ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​គិត​គួរ​ដោះស្រាយ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក យ៉ាន់ ធី លើក​ឡើង​ថា ខាង សហព័ន្ធ​របស់​លោក​បាន​ដាក់​លិខិត​ទៅ​ខុទ្ទកាល័យ​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ កាល​ពី​ខែ​សីហា។ លិខិត​នោះ ស្នើសុំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ជួប​ពិនិត្យមើល​ស្ថានភាព​របស់​កម្មករ​សំណង់​ជាក់ស្ដែង បន្ទាប់ពី​ឃើញ​លោក ហ៊ុន សែន បើក​យុទ្ធនា​ការ​ចុះ​ជួប​ជាមួយ​កម្មករ​រោងចក្រ។ តែ​រហូត​មក ដល់​ពេល​នេះ ពុំ​មាន​ការ​ឆ្លើយតប និង​គ្មាន​ការ​ចុះ​ជួប​កម្មករ​សំណង់​ឡើយ ដែល​នាំ​ឲ្យ​កម្មករ​សំណង់​មានការ​អាក់អន់ចិត្ត ព្រោះ​ពួកគេ​ត្រូវ​រដ្ឋាភិបាល​ទុកចោល៖ «ប្រសិន​បើ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​លើ​សុខទុក្ខ​និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ គឺ​មិនមែន​ចុះ​ជួប​តែ​ជាមួយ​កម្មករ​កាត់ដេរ​ទេ គឺ​ត្រូវ​ចុះ​ជួប​ជាមួយ​កម្មករ​ទាំងអស់ ជា​ពិសេស​ចុះ​ជួប​ជាមួយ​កម្មករ​ពួកខ្ញុំ​ថា តើ​ជីវភាព លក្ខខណ្ឌ​ការងារ​យ៉ាងម៉េច? ការ​រស់នៅ​វេទនា អត់​មាន​ប្រាក់​ឈ្នួល​គោល ។អ៊ីចឹង​​បើ​រដ្ឋាភិបាល​យកចិត្តទុកដាក់ សូម​ជួយ​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់ ដោយ​មិន​ចាំបាច់​រៀបចំ​មុន​ដូច​រាល់​ថ្ងៃ​នេះ »។

លោក យ៉ាន់ ធី បន្ត​ថា អ្វី​ដែល​រដ្ឋាភិបាល កំពុង​ធ្វើ​បច្ចុប្បន្ន​ជាមួយ​កម្មករ​រោងចក្រ​នេះ មិនមែន​ជា ការ​គិតគូរ​ដល់​សុខទុក្ខ​កម្មករ​ពិតប្រាកដ​នោះ​ទេ ពោល​គឺ​មាន​ចេតនា​ធ្វើ​ដើម្បី​គេង​ចំណេញ​នយោបាយ ឬ​ទាក់​ទាញ​សន្លឹកឆ្នោត​ពី​កម្មករ​រោងចក្រ ដោយសារ​កម្មករ​រោងចក្រ​មាន​សំឡេង​ច្រើន ហើយ ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​រំលោភបំពាន​កន្លងមក។ លោក​ថា ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យកចិត្តទុកដាក់​លើ​កម្មករ​ពិតប្រាកដ​នោះ គឺ​មិនមែន​ទើបតែ​ធ្វើ​ពេលនេះ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​យូរ​ណាស់​មក​ហើយៗ​ក៏​មិន​ត្រូវ​យកចិត្តទុកដាក់​តែ​ជាមួយ​កម្មករ​រោងចក្រ​ដែរ គឺ​គាត់​ត្រូវ​យកចិត្តទុកដាក់​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​គ្រប់​វិស័យ​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។