សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនណៃគី ដែលទើបតែចេញផ្សាយជាសាធារណៈនៅថ្ងៃទី៣០ ខែឧសភា បង្ហាញថា ក្រុមហ៊ុនណៃគី កំពុងមានកង្វល់ខ្លាំងចំពោះការប្រព្រឹត្តទៅលើកម្មករនៅខាងក្រៅរោងចក្រដែលជាប់កិច្ចសន្យានៅកម្ពុជា ដែលផលិតឲ្យក្រុមហ៊ុនណៃគី។
កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា បញ្ជាក់ដល់ក្រុមហ៊ុន តាមរយៈការស៊ើបអង្កេតដោយឯករាជ្យថា មានកម្មករខ្លះបានរងរបួសក្នុងពេលដែលធ្វើការតវ៉ាខាងមុខរោងចក្រ កាលពីថ្ងៃទី២៧ ខែឧសភា។
កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា ប្រមាណ ៤ពាន់នាក់ បានធ្វើកូដកម្មបិទផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច ក្នុងនោះមានការស្នើសុំដំឡើងប្រាក់ខែចំនួន ១៤ដុល្លារបន្ថែម។ កូដកម្មនោះបានឈានទៅដល់ការប្រើអំពើហិង្សារវាងកម្មករ និងកម្លាំងកងរាជអាវុធហត្ថ បណ្ដាលឲ្យកម្មករប្រមាណជាង ២០នាក់រងរបួសធ្ងន់និងស្រាល ហើយខាងសហជីពសេរីកម្មកររកឃើញថា មានកម្មការិនីមានផ្ទៃពោះ ៣ខែម្នាក់ បានរលូតកូន ក្រោយពីត្រូវបានកម្លាំងកងរាជអាវុធហត្ថឆក់នឹងដំបងរួចដួលទៅលើដី។
សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនណៃគី បកប្រែពីភាសាអង់គ្លេសមានន័យដូច្នេះ៖ "យើងបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយរោងចក្រជាប់កិច្ចសន្យាចាប់តាំងពីសប្ដាហ៍កន្លងទៅលើបញ្ហានេះ ហើយយើងនឹងបន្តមើលស្ថានការណ៍នោះបន្តទៀ។ រោងចក្រនោះ (សាប្រ៊ីណា) ត្រូវបានបិទនៅថ្ងៃទី២៩ ខែឧសភា ដោយព្រួយបារម្ភចំពោះសុវត្ថិភាពកម្មករ បន្ទាប់ពីឮថា កម្មករមានគម្រោងធ្វើការតវ៉ាបន្តទៀត"។
ក្រុមហ៊ុនណៃគី បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា កម្មករដែលជួលដោយរោងចក្រជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនណៃគី គឺមិនឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុនណៃគីឡើយ គឺមានន័យថា ភាគីរោងចក្រដែលជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនណៃគី ជាអ្នករ៉ាប់រងលើប្រាក់ឈ្នួល និងប្រាក់សំណងផ្សេងៗដល់កម្មករ។
ប៉ូលិសនិងកម្មករសាប៊្រីណាប៉ះទង្គិចគ្នាកាលពីថ្ងៃ២៧ ឧសភា
ជុំវិញការប្រកាសបិទរោងចក្រសាប៊្រីណានេះ ប្រធានរដ្ឋបាលរោងចក្រសាប្រ៊ីណា អ្នកស្រី ហុង លុយ ឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ថា បច្ចុប្បន្នក្រុមហ៊ុនសាប្រ៊ីណា ពិតជាបានបិទទ្វារមែន តែបិទទ្វារបណ្ដោះអាសន្ន គឺចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ដើម្បីជួសជុលម៉ាស៊ីននៅក្នុងរោងចក្រ។
អ្នកស្រីបញ្ជាក់ថា ចំពោះការបិទរោងចក្ររហូត ឬយ៉ាងណានោះ អ្នកស្រីក៏មិនច្បាស់ដែរ តែបញ្ជាក់ថា ថៅកែក្រុមហ៊ុនជាជនជាតិតៃវ៉ាន់ កំពុងចរចាជាមួយក្រុមហ៊ុនបញ្ជាទិញ ណៃគី នៅក្រៅប្រទេស៖ «បិទរហូតក៏មិនដឹងដែរ អាហ្នឹងគាត់និងថៅកែ ខ្ញុំអត់ដឹងដែរ ព្រោះថៅកែអត់ទាន់ប្រាប់ខ្ញុំ។ចរចានៅស្រុកក្រៅខ្ញុំមិនដឹង»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានទម្លាក់កំហុសទាំងអស់ទៅលើសហជីពសេរីកម្មករ ដែលបំផុសបំផុលឲ្យមានការធ្វើកូដកម្មកើតឡើង បើទោះបីជារោងចក្រសាប្រ៊ីណា ត្រូវបានចាត់ទុកថា ជារោងចក្រលំដាប់ផ្កាយ៥ ខាងផ្នែកគោរពលក្ខខណ្ឌការងារ និងផ្ដល់អត្ថប្រយោជន៍ច្រើនជាងគេក្នុងចំណោមរោងចក្រនៅកម្ពុជា៖ «គេចាត់ទុករោងចក្រផ្កាយប្រាំហើយនៅហ្នឹង សហជីពនៅតែទៅតវ៉ា។ តវ៉ារឿងស្អីរឿង ១៤ដុល្លារ។ ១៤ដុល្លារគេឲ្យហើយនៅមិនយល់ អាយល់ធ្វើមិនយល់ពិបាកណាស់»។
ជុំវិញបញ្ហានេះ ប្រធានផ្នែកកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា យល់ថា ការបិទរោងចក្រនោះនៅមានភាពមិនច្បាស់លាស់នៅឡើយ ដោយលោកពន្យល់ថា ប្រសិនបើរោងចក្របិទទ្វារមួយរយៈ គឺត្រូវធ្វើលិខិតជូនដំណឹងដល់អាជ្ញាធរ មន្ទីរការងារ និងកម្មករឲ្យបានមុន ៧ថ្ងៃ។ តែប្រសិនបើរោងចក្រសម្រេចបិទរោងចក្ររហូត ដោយហេតុផលណាមួយនោះ ក៏ត្រូវមានការជូនដំណឹង ត្រូវសងបំណុល និងផ្ដល់អត្ថប្រយោជន៍ដល់កម្មករទាំងអស់ដូចមានចែងនៅក្នុងច្បាប់ការងារ។
ប្រភពពីប្រធានរដ្ឋបាលរោងចក្រសាប្រ៊ីណា ឲ្យដឹងថា ខាងរោងចក្របានផ្ដល់ប្រាក់ឈ្នួលអប្បបរមា ៩៥ដុល្លារដល់កម្មកររួចហើយ ក្នុងនោះបូកប្រាក់សុខភាព ៥ដុល្លារ និងថ្លៃធ្វើដំណើរ ៧ដុល្លារ ទើបខាងរោងចក្រមិនអាចដំឡើងប្រាក់បន្ថែម ១៤ដុល្លារតាមការទាមទាររបស់កម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
