មន្ត្រី​មូលដ្ឋាន​នៅ​ព្រៃវែង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

មន្ត្រី​អត្រានុកូលដ្ឋាន​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ទារ​យក​ប្រាក់​ពី​អ្នក​ធ្វើ​លិខិត​អត្រានុកូលដ្ឋាន​ម្នាក់ ៤​ពាន់ ទៅ ៥​ពាន់​រៀល​ក្នុង​មួយ​សន្លឹក​ នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​លិខិត​បញ្ជាក់​ចម្លង​​សំបុត្រ​កំណើត​​របស់​ខ្លួន​នៅ​ការិយាល័យ​មន្ត្រី​អត្រានុកូលដ្ឋាន​កាល​ពី​ដើម​ខែ​សីហា​ កន្លង​ទៅ។

0:00 / 0:00

មន្ត្រី​អត្រានុកូលដ្ឋាន​បាន​អះអាង​ថា​ ខ្លួន​សារភាព​ចំពោះ​ការ​ទទួល​ប្រាក់​ខ្លះ​ពី​ប្រជាពលរដ្ឋ​មែន​ ប៉ុន្តែ​អ្នកស្រី​ថា​ ខ្លួន​ពុំបាន​ទទួល​ប្រាក់ ៥​ពាន់​រៀល​មួយ​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ខាង​លើ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​លោក​ សាន​ ហុកលីម រស់​នៅ​ភូមិ​ព្រែក​សណ្ដែក​ ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្ដាល​ ខេត្ត​ព្រៃវែង បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៦ សីហា ថា រូប​លោក​ត្រូវ​បាន​មន្ត្រី​អត្រានុកូលដ្ឋាន​ស្រុក​ស៊ីធរកណ្ដាល ឈ្មោះ​អ្នកស្រី វង់ ពៅ បាន​យក​ប្រាក់​ចំនួន​ ១០.០០០​រៀល នៅ​ពេល​ដែល​ខ្លួន​លោក​ទៅ​​សុំ​ចម្លង​សំបុត្រ​កំណើត​ចំនួន​ពីរ​ច្បាប់។

លោក​ថា ក្នុង​នោះ​ពេល​ដែល​ប្រជាពលរដ្ឋ​ណា​ធ្វើ​ច្រើន​ជាង​ពីរ​ច្បាប់​ឡើង​ទៅ​នោះ ពួកគេ​នឹង​ត្រូវ​បង់​ប្រាក់​ចំនួន ៤.០០០​រៀល​ក្នុង​មួយ​ច្បាប់។ ជាង​នេះ​ទៅ​ទៀត​ លោក​ថា មន្ត្រី​អត្រានុកូលដ្ឋាន​​​រូប​នេះ ថែម​ទាំង​បាន​គំរាម​ប្រជាពលរដ្ឋ​ថា បើ​នរណា​​មិន​ពេញ​ចិត្ត​ទេ​យក​ប្រាក់ ហើយ​ប្រគល់​សំបុត្រ​ឲ្យ​ខ្លួន​វិញ​ក៏​បាន។

លោក សាន ហុកលីម៖ «គាត់​ថា​ច្បាប់​គេ​តម្រូវ​ឲ្យ​យក​ប៉ុណ្ណឹង គេ​យក​ដូច​គ្នា​កន្លែង​ណា​ក៏​គេ​យក​អ៊ីចឹង​ដែរ ហើយ​មន្ត្រី​អត្រានុកូលដ្ឋាន​គាត់​និយាយ​អ៊ីចឹង ហើយ​គាត់​ត្រូវ​ការ​ចាក់​សាំង​ជិះ​ទៅ​មក​ត្រូវ​​ចំណាយ​ផ្សេង​គាត់​ត្រូវ​យក​លុយ​​អ៊ីចឹង ហើយ​គាត់​មិន​ខ្លាច​អ្នក​ណា​ទេ​ទៅ​ប្ដឹង​ឯណា​ទៅ​ប្ដឹង​ទៅ​រឿង​បោះ​អ្នក​ឯង​ទេ។ គាត់​ប្រាប់​ថា បើ​មិន​សុខ​ចិត្ត​ទេ​ទៅ​យក​លុយ​វិញ​ហើយ​ឲ្យ​ក្រដាស​វិញ​មក​ គាត់​អត់​យក​ទេ​លុយ ៥​ដុល្លារ​ហ្នឹង​មួយ​សន្លឹក ៥.០០០​រៀល​ហ្នឹង គាត់​អត់​យក​ទេ​ វង់ ពៅ ហ្នឹង»

ឆ្លើយ​តប​​ទៅ​នឹង​​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​អត្រានុកូលដ្ឋាន​ស្រុក​ស៊ីធរកណ្ដាល អ្នកស្រី វង់ ពៅ មាន​ប្រសាសន៍​ទាំង​អួល​ដើមក នៅ​ថ្ងៃ​ទី​២៦ សីហា ថា កាល​ដែល​ពលរដ្ឋ​ធ្វើ​ការ​​ចម្លង​សំបុត្រ​កំណើត​ កាល​ណោះ​ អ្នកស្រី​ថា ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​មែន។ ប៉ុន្តែ​អ្នកស្រី​ថា​ អ្នកស្រី​មិន​បាន​យក​ប្រាក់​ច្រើន​ដូច​ការ​លើក​ឡើង​ខាង​លើ​ឡើយ​ ពោល​គឺ​កាល​ណោះ​​លិខិត​ចំនួន ៨​ច្បាប់​ អ្នកស្រី​ថា អ្នកស្រី​ទទួល​បាន​ប្រាក់​ត្រឹម​តែ ២០.០០០​ម៉ឺន​រៀល​ប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ថា​ ចំនួន​ប្រាក់ ២​ម៉ឺន​រៀល​នោះ​​ ខ្លួន​បាន​សុំ​ពី​ពលរដ្ឋ​​ដើម្បី​យក​ទៅ​ទិញ​ទឹក​ថ្នាំ​ទុក​ប្រើ​ប្រាស់​ក្នុង​ការិយាល័យ​អត្រានុកូលដ្ឋាន ហើយ​ប្រាក់​ទាំង​នោះ​នៅ​ពុំ​បាន​យក​ទៅ​ប្រើ​ប្រាស់​នៅ​ឡើយ៖ «ខ្ញុំ​យក​មែន​តើ! បើ​ខ្ញុំ​សំ​សារភាព​ចំពោះ​បង​ឯ​អ៊ីចឹង​ត្រង់។ ខ្ញុំ​ថា ប្រុង​ទិញ​ទឹក​ត្រា ដល់​ឮ​ថា​អ៊ីចឹង ខ្ញុំ​ទឹក​ត្រា​ក៏​លែង​ទិញ លុយ​នៅ​ហ្នឹង​ទៅ។ ឥឡូវ​អ៊ីចេះ ខ្ញុំ​ថា ខ្ញុំ​សារភាព​ថា​ខ្ញុំ​មាន​កំហុស​ហើយ ខ្ញុំ​ចាំ​មួយ​ជីវិត ខ្ញុំ​ចាំ​មួយ​ជីវិត ខ្ញុំ​ចាំ។ ខ្ញុំ​ហ្នឹង​កែ​កំហុស​ទាំង​ឡាយ​ដែល​ខ្ញុំ​មាន​កំហុស»

អ្នកស្រី​បន្ត​ថា​ កាល​ណោះ​សាមី​ខ្លួន​បាន​​ព្រមព្រៀង​ផ្ដល់​ប្រាក់​ចំនួន ២​ម៉ឺន​រៀល​ខាង​លើ​ដើម្បី​​ឲ្យ​ដល់​ការិយាល័យ​យក​ទៅ​ទិញ​ទឹក​ត្រា​ប្រើ​ក្នុង​អង្គភាព។ អ្នកស្រី​ថា​ ប្រសិន​បើ​ខ្លួន​ដឹង​ថា​ បញ្ហា​នេះ​ក្លាយ​ទៅ​ជា​រឿង​បែប​នេះ​នោះ​ អ្នកស្រី​នឹង​ពុំ​ទទួល​ឡើយ។

ទោះ​យ៉ាង​នេះ​ក្ដី​ ប្រជាពលរដ្ឋ​បាន​ទទូច​ទាមទារ​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​គ្រប់​​ជាន់​ថ្នាក់​ចុះ​ត្រួត​ពិនិត្យ​ចំពោះ​បញ្ហា​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​មន្ត្រី​ដទៃ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​កម្ពុជា ដូច​មន្ត្រី​នេះ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។