កម្លាំងសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ឧសភា ចុះទៅស្រាវជ្រាវស្វែងរកឆ្អឹងមនុស្សម្នាក់ដែលត្រូវគេដុតសពចោលនៅជើងភ្នំម្រះព្រៅ ក្នុងស្រុកសំរោងទង បន្ទាប់ពីអ្នកគង្វាលគោម្នាក់ប្រទះឃើញ និងសង្ស័យថា អាចជាសពកម្មករម្នាក់ដែលបាត់ខ្លួនក្នុងព្រឹត្តិការណ៍បាញ់សម្លាប់របស់សមត្ថកិច្ចកាលពីដើមខែមករា។ អាជ្ញាធរស្រុកសំរោងទង ចាត់ទុកការសន្និដ្ឋាននោះ គឺផ្ដេសផ្ដាសគ្មានមូលដ្ឋានត្រឹមត្រូវមិនអាចយកជាការបាន។
អ្នកភូមិជាអ្នកគង្វាលគោម្នាក់ ប្រទះឃើញឆ្អឹងលលាដ៍ក្បាល ឆ្អឹងជង្គង់ និងឆ្អឹងស្មងជើង នៅកន្លែងដុតសាកសពកណ្ដាលព្រៃមួយ នៅជើងភ្នំម្រះព្រៅ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសង្ស័យថា ឆ្អឹងសពនោះ ទំនងជារបស់កម្មករកាត់ដេរម្នាក់ ដែលបាត់ខ្លួនក្នុងការបង្ក្រាបរបស់សមត្ថកិច្ចនៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា។
យុវជន ឌីម គាង អ្នកគង្វាលគោ និងជាសកម្មជនគណបក្សសង្គ្រោះជាតិផងនោះ បានដើររកគោដែលបាត់កាលពីថ្ងៃទី២៣ ឧសភា។ លុះដើរដល់ជើងភ្នំម្រះព្រៅ ក៏ប្រទះឃើញកន្លែងមួយឆេះខ្លោច ដោយចំហេះកង់ឡានជាច្រើន។ យុវជនដដែលបន្តថា គេបានយកជើងឈូសផេះទាំងនោះចេញ ក៏ស្រាប់តែឃើញបំណែកឆ្អឹងជាច្រើន ជាប្រភេទឆ្អឹងលលាដឆ្អឹងជង្គង់ និងឆ្អឹងស្មងជើង។
ប្រភពដដែលបន្តថា ភ្លាមៗក្រោយពីឃើញឆ្អឹងទាំងនោះគេបានថតរូបទុកជាភស្តុតាង និងបានត្រឡប់ទៅភូមិរាយការណ៍ទៅលោក នុត រំដួល តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ។
«សំឡេង»
យុវជនដដែលបន្តថា គាត់មិនអាចសន្និដ្ឋានថា ឆ្អឹងដែលប្រទះឃើញនោះជាឆ្អឹងកម្មករដែលបាត់ខ្លួនកាលពីថ្ងៃទី៣ មករា ឬយ៉ាងណាទេ។ តែគេអាចនិយាយបានថា ការដុតសពនោះទំនងជាកើតឡើងចន្លោះពី ២ ទៅ ៣ខែមុន ព្រោះបើតាមកន្លែងកើតហេតុ ពន្លកស្មៅតូចៗជាច្រើនទើបតែចាប់ផ្ដើមដុះឡើងវិញ ក្រោយពីឆេះខ្លោចអស់នៅបរិវេណនោះ។
លោក នុត រំដួល តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ មិនអាចទាក់ទងសួរពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៦ ឧសភា។
តែបើតាមសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មកពីគណបក្សសង្គ្រោះជាតិ លោក ទាង សៀន ឲ្យដឹងថា សកម្មជនស្ម័គ្រចិត្តរបស់គណបក្សសង្គ្រោះជាតិ ពិតជាប្រទះឃើញឆ្អឹងសពដែលសង្ស័យថា ជារបស់កម្មករកាត់ដេរដែលបាត់ខ្លួនពិតមែន។ តែខាងគណបក្សនៅមិនទាន់ឲ្យអ្នកជំនាញធ្វើកោសលវិច័យនៅឡើយទេ។
លោកបន្តថា ទាំងសាក្សីនិងភស្តុតាងជារូបថត និងឆ្អឹងសព ត្រូវបានយកមកឲ្យស្នាក់នៅនិងទុកបណ្ដោះអាសន្ន នៅទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ នៅភ្នំពេញ ដើម្បីរក្សាសុវត្ថិភាពនិងភស្តុតាងទុក រង់ចាំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សម្រេចថា នឹងចាត់ការបែបណាចំពោះរឿងនេះ។
«សំឡេង»
កម្មករកាត់ដេរម្នាក់ឈ្មោះ ឃឹម សាផាត អាយុ ១៦ឆ្នាំ បានបាត់ខ្លួន បន្ទាប់ពីបាញ់បង្ក្រាបនៅផ្លូវវ៉េង ស្រេង របស់សមត្ថកិច្ច កាលពីថ្ងៃទី៣ មករា នៅពេលដែលមានការផ្ទុះតវ៉ាទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ។ សាក្សីជាច្រើនឲ្យដឹងថា ឃឹម សាផាត ត្រូវគ្រាប់កាំភ្លើងចំដើមទ្រូងស្លាប់ ហើយត្រូវសមត្ថកិច្ចសម្រុះលើកដាក់រថយន្តដឹកទៅបាត់។
ឪពុករបស់យុវជន ឃឹម សាផាត គឺលោក ឃឹម សឿន ឲ្យដឹងថា គាត់អាចចំណាំកូនប្រុសតាមរយៈអាវនិងខោដែលគេស្លៀកក្នុងថ្ងៃបាតុកម្ម។ ប៉ុន្តែបើដុតឆេះអស់ហើយ អ្វីដែលគាត់គិតថា អាចផ្គូផ្គងថា ឆ្អឹងនោះជាកូនប្រុសគាត់ពិត ឬមិនពិតនោះ គឺមានតែការពិនិត្យ DNA ហើយគាត់សង្ឃឹមថា សមត្ថកិច្ច ឬអង្គការសង្គមស៊ីវិលនឹងជួយរកការពិត ឬអាចកំណត់អត្តសញ្ញាណឆ្អឹងនោះបានក្នុងពេលឆាប់ៗ។
មន្ត្រីស៊ើបអង្កេតអង្គការអាដហុក លោក ចាន់ សុវ៉េត ឲ្យដឹងថា ករណីនេះរាជរដ្ឋាភិបាលត្រូវចេញមុខស្រាវជ្រាវរកយុត្តិធម៌ ព្រោះជនរងគ្រោះដែលបាត់ខ្លួននេះ មិនដឹងថា ស្លាប់ឬរស់ ហើយត្រូវប្រមូលទិន្នន័យពីករណីនេះឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់អត្តសញ្ញាណឆ្អឹងដែលរកឃើញ។
«សំឡេង»
ទាក់ទងបញ្ហានេះ អធិការស្រុកសំរោងទង លោក ផុត សុផល ប្រាប់ថា មន្ត្រីជំនាញរបស់លោកកំពុងចុះទៅស្រាវជ្រាវនិងស្វែងរកឆ្អឹងនោះ ប៉ុន្តែលោកនៅមិនទាន់អាចនិយាយលំអិតពីរឿងនេះនៅឡើយ។ លោកសង្ស័យថា ករណីនេះទំនងជាមិនមែនឆ្អឹងសពរបស់កម្មករណាដែលបាត់ខ្លួននោះទេ តែអាចជាសពអ្នកស្រុកឆ្ងាយដែលទៅមើលជំងឺនៅវត្តមួយក្បែរនោះ លុះពេលស្លាប់ក៏បូជានៅទីនោះតែម្ដង។
«សំឡេង»
កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា ទាហាននិងសមត្ថកិច្ចចម្រុះរាប់រយនាក់ បានចុះបង្ក្រាបការតវ៉ាទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ ដែលបណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងបាត់ខ្លួនម្នាក់ គឺយុវជន ឃឹម សាផាត និងមនុស្ស ២៣នាក់ផ្សេងទៀត ត្រូវចាប់ខ្លួន តែក្រោយមកដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។