Opens in new windowមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជា នៅតែខ្វះអ្នកបច្ចេកទេសប្រេងកាត បើទោះបីជារដ្ឋាភិបាលព្យាយាមតម្រែតម្រង់ផ្លូវឲ្យសិស្ស ងាកមកសិក្សាជំនាញបច្ចេកទេសឲ្យបានច្រើន ហើយកុំផ្ដោតតែទៅលើមុខវិជ្ជាក្នុងវិស័យធុរកិច្ចច្រើនពេកក្តី។ ទន្ទឹមគ្នានេះ យុវជនថា ពួកគេយល់ដឹងតិចបំផុតពីវិស័យឧស្សាហកម្មប្រេងកាត និងស្នើឲ្យរដ្ឋាភិបាល បើកចំហព័ត៌មានពីប្រេងកាតឲ្យបានទូលំទូលាយ។
មន្ត្រីបច្ចេកទេសប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បារម្ភថា កង្វះអ្នកបច្ចេកទេសប្រេងកាត នឹងអាចឲ្យកម្ពុជា ទទួលបានដំណក់ប្រេងកាតមានភាពយឺតយ៉ាវ។ ការលើកឡើងរបស់មន្ត្រីបច្ចេកទេសប្រេងកាតនៅពេលនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចជជែកពិភាក្សាតុមូល ស្ដីពីយន្តការគ្រប់គ្រងចំណូលប្រេងកាត និងឧស្ម័ន សម្រាប់មនុស្សជំនាន់ក្រោយ ដែលរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅថ្ងៃទី៥ ខែកញ្ញា។
អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល លោក ជា សុជាតិ មានប្រសាសន៍ថា តំបន់ប្រេងកាតរបស់កម្ពុជា បែងចែកជា ២៥ប្លុក ឬក្រុម គឺនៅតំបន់ដែនគោកចំនួន ១៩ប្លុក និងដែនសមុទ្រចំនួន ៦ប្លុក ក្នុងនោះតំបន់ប្រេងកាតនៅដែនសមុទ្រចំនួន ២ប្លុក កំពុងធ្វើការរុករក ប៉ុន្តែលោកមិនបានបញ្ជាក់អំពីក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែប្រេងកាតនោះច្បាស់លាស់នៅឡើយទេ។
លោក ជា សុជាតិ បន្តថា ទោះជាកម្ពុជា មានក្រុមហ៊ុនបានមកវិនិយោគនៅតំបន់មួយចំនួន ដើម្បីរុករកប្រេងកាតក្តី ផ្ទុយទៅវិញ កម្ពុជា នៅតែប្រឈមនឹងកង្វះធនធានបច្ចេកទេសប្រេងកាត ដើម្បីសិក្សាស្រាវជ្រាវពន្លឿនក្នុងការទាញយកដំណក់ប្រេងកាតឲ្យបានឆាប់រហ័ស។ លោកថា ជាក់ស្តែងនៅនាយកដ្ឋានរបស់លោក មានអ្នកបច្ចេកទេសត្រឹមតែជាង ៥០នាក់ប៉ុណ្ណោះ។
អ្នកបច្ចេកទេសប្រេងកាតរូបនេះ ថាទោះកម្ពុជា ហាក់ដើរយឺតក្នុងការកសាងធនធានមនុស្សផ្នែកបច្ចេកទេសក្តី តែក្រសួងកំពុងតែយកចិត្តទុកដាក់ស្វែងរកអាហារូបករណ៍ជូនដល់និស្សិត ដើម្បីបង្កើនធនធានមនុស្សផ្នែកនេះ៖ «យើងមើលនៅកម្ពុជា មានណាគេរៀនមុខជំនាញប្រេងកាត មានតែរៀនជំនាញគ្រប់គ្រង ជំនាញគណនេយ្យសេដ្ឋកិច្ចទៅវិញ តែបើយើងចាប់ផ្ដើមពីឥឡូវទៅ វានឹងវាអាចធ្វើឲ្យពួកអ្នកជំនាន់ក្រោយវាល្អបាន ចឹងយើងកុំភ័យថារៀនចប់ទៅខ្លាចអត់ការងារធ្វើនោះ ហើយក្រសួងកំពុងស្វែងរកអាហារូបករណ៍ផ្តល់ឲ្យពួកគាត់រៀនជំនាញនេះឲ្យបានច្រើន»។
ករណីនេះ ត្រូវបាននាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា បានឲ្យដឹងថា មានមូលហេតុពីរដែលបណ្ដាលឲ្យកម្ពុជា កង្វះធនធានអ្នកបច្ចេកទេសប្រេងកាត គឺកង្វះព័ត៌មាន និងរដ្ឋាភិបាលហាក់មិនសូវបានគិតគូរពីបញ្ហានេះ៖ «បុគ្គលគាត់មិនបានចាប់អារម្មណ៍ ដោយសារគាត់មិនដឹងពីព័ត៌មានជុំវិញរឿងនេះ ហើយរដ្ឋាភិបាលវិញគាត់អត់ទាន់មានគោលនយោបាយច្បាស់នៅឡើយ ដើម្បីជំរុញឲ្យគាត់ងាកមកសិក្សាពីបញ្ហានេះ»។
ខណៈក្រសួងរ៉ែ និងថាមពល បានបង្ហាញបញ្ហាកង្វះអ្នកបច្ចេកទេសប្រេងកាត ក្រុមយុវជនជាង ៣០នាក់ ដែលបានចូលរួមក្នុងកិច្ចជជែកពិភាក្សាតុមូលនោះ ក៏បានបង្ហាញការខ្វល់ខ្វាយទៅលើការគ្រប់គ្រងសម្បត្តិធនធានធម្មជាតិក្រោមដីរបស់រដ្ឋ ថាគ្មានតម្លាភាព។ ពួកគេស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ បើកចំហព័ត៌មាន និងធ្វើយ៉ាងណាគ្រប់គ្រងសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសជាតិនៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
